ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរាគ្រោងដាំនិងចែកចាយកូនឈើចំនួន១១ម៉ឺនដើមក្នុងឆ្នាំ២០២០នេះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី៣ ខែឧសភា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 47

ដើម្បីបង្កើនគម្របព្រៃក្នុងរមណីយដ្ឋានអង្គរ ឱ្យបានកាន់តែច្រើនបន្ថែមទៀតនោះ ក្នុងឆ្នាំ២០២០នេះអាជ្ញាធរជាតិអប្សរានឹងបន្តយុទ្ធនាការដាំនិងចែកចាយដើមឈើចំនួន១១ម៉ឺនដើម។ បច្ចុប្បន្ន ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា កំពុងមមាញឹកបណ្ដុះនិងថែទាំកូនឈើទាំងនោះ ត្រៀមសម្រាប់ដាំនារដូវវស្សាខាងមុខ។

លោក ឡី គឹមស៊ី មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន និងជាអ្នកទទួលបន្ទុកការងារបណ្ដុះកូនឈើ និងដាំឈើបានលើកឡើងថា ស្ថានីយបណ្ដុះកូនឈើទាំង៤របស់អាជ្ញាធរជាតិអប្សរា កំពុងមមាញឹកខ្លាំងក្នុងការបណ្ដុះកូនឈើចម្រុះសម្រាប់ត្រៀមដាំក្នុងឆ្នាំ២០២០នេះ។ កូនឈើសរុបមានចំនួនប្រមាណ១១ម៉ឺនដើម ត្រៀមដាំ និងចែកចាយក្នុងខែវស្សាខាងមុខនេះ មានទាំងប្រភេទដើមឈើប្រណិត ដើមឈើលម្អ និងប្រភេទដើមឈើព្រៃហូបផ្លែ។

ក្នុងបរិបទនៃជំងឺកូវីដ-១៩នេះ ធ្វើឱ្យគម្រោងរៀបចំយុទ្ធនាការទ្រង់ទ្រាយធំៗដែលធ្លាប់រៀបចំកន្លងមក មិនទាន់ច្បាស់លាស់។ លោក ឡី គឹមស៊ី ពន្យល់ថា ប្រសិនបើស្ថានការណ៍ជំងឺកូវីដល្អប្រសើរឡើងវិញ នោះនឹងមានការរៀបចំកម្មវិធីធំៗដែលចូលរួមពីមហាជនខាងក្រៅ តែប្រសិនបើស្ថិតក្នុងស្ថានការណ៍ដូចសព្វថ្ងៃនេះ អាជ្ញាធរជាតិអប្សរានឹងរៀបចំដាំកូនឈើជាលក្ខណៈផ្ទៃក្នុងទៅតាមគោលដៅដែលបានគ្រោងទុក។

គួរឱ្យដឹងដែរថា អាជ្ញាធរជាតិអប្សរាមានស្ថានីយ៍បណ្ដុះកូនឈើចំនួន៤ទីតាំង ទី១ គឺស្ថានីយបណ្ដុះកូនឈើ៨ហិកតា ដែលបណ្ដុះកូនឈើប្រណិត៤ប្រភេទ មានដើមបេង គ្រញូង ច្រេះ និងធ្នង់ ទី២ ស្ថានីយបណ្ដុះកូនឈើប្រាសាទតាកែវ ដែលបណ្ដុះប្រភេទកូនឈើលេខ១ លេខ២ លេខ៣ និងក្រៅលំដាប់ថ្នាក់ ទី៣ ស្ថានីយបណ្ដុះកូនឈើមណ្ឌល៣ ដែលបណ្ដុះប្រភេទឈើលម្អ និងប្រភេទឈើព្រៃហូបផ្លែ និងទី៤ ស្ថានីយបាឡុង បណ្តុះ ថែទាំ និងផ្សាំកូនឈើបន្តវេនគ្រប់ប្រភេទ។ ក្នុងឆ្នាំ២០១៩កន្លងទៅ អាជ្ញាធរជាតិអប្សរាបានដាំកូនឈើចំនួនជិត៣ម៉ឺនដើម និងបានចែកចាយទៅខាងក្រៅជាង៧ម៉ឺនដើម៕

អត្ថបទទាក់ទង