ខ្មែរប៉ុស្ដិ៍ Close

ព្យួរការងារ៖ កម្មករនឹងទទួលបានប្រាក់ខែ៧០ដុល្លារ រដ្ឋចេញ៤០ដុល្លារ និងថៅកែរោងចក្រចេញ៣០ដុល្លារ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី៧ ខែមេសា ឆ្នាំ២០២០ មុខរបរ 10
ព្យួរការងារ៖ កម្មករនឹងទទួលបានប្រាក់ខែ៧០ដុល្លារ រដ្ឋចេញ៤០ដុល្លារ និងថៅកែរោងចក្រចេញ៣០ដុល្លារ ព្យួរការងារ៖ កម្មករនឹងទទួលបានប្រាក់ខែ៧០ដុល្លារ រដ្ឋចេញ៤០ដុល្លារ និងថៅកែរោងចក្រចេញ៣០ដុល្លារ

ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ បាន​ប្រកាស​ថា នឹង​ផ្តល់​ប្រាក់​ខែ​ចំនួន​៧០​ដុល្លារ​ក្នុង​មួយ​ខែ​ដល់​កម្មករ កម្មការិនី​ដែល​ត្រូវ​ព្យួរ​ការងារ​ព្រោះ​រោង​ចក្រ​របស់​ពួក​គេ​ត្រូវ​បិទ​ទ្វារ​ដោយ​សារ​តែ​ឥទ្ធិ​ពល​នៃ​ជំងឺ​កូវីដ-១៩​។ ប្រាក់​ខែ​ចំនួន​៧០​ដុល្លារ​នេះ គឺ​រដ្ឋាភិបាល​នឹង​ចេញ​ចំនួន​៤០​ដុល្លារ ចំណែក​ឯថៅ​កែ​វិញ ត្រូវ​ចេញ​ចំនួន​៣០​ដុល្លារ​ជូន​ដល់​កម្មករ កម្មការិនី​ខ្មែរ​។ការប្រកាសរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែននេះ ធ្វើឡើងបន្ទាប់ពីម្ចាស់រោងចក្រកាត់ដេរមួយចំនួនបានត្អូញត្អែថា ពួកគេមិនមានលទ្ធផលបង់ប្រាក់ជូនដល់កម្មករ កម្មការិនីដែលត្រូវបានព្យូរការងារតាមការស្នើរបស់រដ្ឋាភិបាលនោះទេ។ រដ្ឋាភិបាលកម្ពុជា​ធ្លាប់​បាន​ប្រកាស​ឱ្យដឹងថា កម្មករ​ កម្មការិនីដែល​ត្រូវ​បាន​ព្យួរ​ការងារ​នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ៦០% ​ក្នុង​នោះ រដ្ឋ​នឹង​ចេញ២០% រីឯ ថៅកែ​រោងចក្រ គឺ​ត្រូវ​ចេញចំនួន៤០%​ទៀត។ ប៉ុន្តែ ចៅកែរោងចក្របង្ហាញការខ្វះលទ្ធភាពបង់ជូន ព្រោះតែការនាំចេញ​សម្លៀក​បំពាក់​ទៅកាន់អឺរ៉ុប អាមេរិក និងកាណាដា មានការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំងដោយសារតែជំងឺ​កូវីដ-​១៩។

ប្រឈមនឹងបញ្ហានេះ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានផ្លាស់ប្តូរការបង់ប្រាក់ខែជូនដល់កម្មករ កម្មការិនីវិញ ដោយគិតជាលុយសុទ្ធ គឺ៧០ដុល្លារក្នុងមួយខែ ក្នុងនោះ រដ្ឋនឹងចេញ៤០ដុល្លារ ចំណែកថៅកែរោងចក្រនឹងចេញចំនួន៣០ដុល្លារ។ មិនតែប៉ុណ្ណោះ លោកប្រមុខរដ្ឋាភិបាលកម្ពុជាក៏លែងតម្រូវឱ្យកម្មករ កម្មការិនីដែលអាចទទួលបានប្រាក់ខែនេះត្រូវចូលរួមវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទៀតឡើយ។ នេះ គឺដោយ​សាររដ្ឋាភិបាលបានសម្រេចផ្អាកមិនឱ្យមាន ព្រោះទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

លោកកាំង ម៉ូនីកា អគ្គលេខាធិការរង​នៃ​សមាគម​រោងចក្រ​កាត់​ដេរ​កម្ពុជាហៅកាត់ថា GMAC បានសម្តែងការគាំទ្រចំពោះការប្រកាសរបស់ប្រមុខរដ្ឋាភិបាលកម្ពុជានេះ។ លោកថា ការតម្រូវឱ្យថៅកែរោងចក្របង់៣០ដុល្លារ គឺផ្តល់សារៈសំខាន់ណាស់ក្នុងការកាត់បន្ថយបន្ទុករបស់ពួកគេ ហើយថា ការបង់ត្រឹមប៉ុននេះ គឺថៅកែ​រោងចក្រមានលទ្ធភាពក្នុងការបង់។

សូមបញ្ជាក់ថា គិតមកដល់ពេលនេះ មានរោងចក្រកាត់ដេរនៅក្នុងប្រទេសកម្ពុជាចំនួនជាង១០០ហើយបានបិទ។ នេះបើតាមលោកនាយរកដ្ឋមន្រ្តីហ៊ុន សែន។ លោកហ៊ុន សែន បានអះអាងថា ការបិទទ្វារនេះ គឺដោ​យ​សារតែបញ្ហាខ្វះវត្ថុធាតុដើម និង ការផ្អាកការទិញទំនិញពីកម្ពុជាដោយសារតែជំងឺកូវីដ-១៩។ លោកកាំង ម៉ូនីកា បានគូសបញ្ជាក់ថា ការផ្អាក​ការទិញនេះ គឺនៅអឺរ៉ុប អាមេរិក និងកាណាដា ដែលមានការ​នាំចេញដល់ទៅ៨០%នៃការនាំចេញសរុបរបស់កម្ពុជា។ លោកព្យាករណ៍ថា បើបញ្ហានេះនៅបន្តកើតមានឡើង នោះនឹងមានរោងចក្រមួយចំនួនទៀតនឹងប្រកាសពីការព្យួរការងារដល់កម្មករដែរនាពេលខាងមុខនេះ៕

អត្ថបទទាក់ទង