អតីតរដ្ឋមន្ត្រីសុខាភិបាលបារាំងធ្វើញត្តិគាំទ្រការប្រើថ្នាំក្លរ៉ូគីនសម្រាប់ព្យាបាលជំងឺកូវីដ-១៩
ញត្តិទាមទារឱ្យរដ្ឋាភិបាលសម្រួលសំណុំបែបបទបន្ទាន់ ដើម្បីឱ្យគ្រូពេទ្យមានលទ្ធភាពចេញវេជ្ជបញ្ជាផ្តល់ថ្នាំ អ៊ីដ្រូស៊ីក្លរ៉ូគីន Hydroxychloroquine ឬក្លរ៉ូគីនchloroquine ក្នុងការព្យាបាលជំងឺកូវីដ១៩ បានទទូលការគាំទ្រ និងប្រមូលហត្ថលេខាជាង បានជាង៨ម៉ឺន នៅរសៀលថ្ងៃសៅរ៍ទី ៤មេសា ២០២០នេះ។ មកទល់នឹងពេលនេះ រដ្ឋាភិបាលបារាំង បានអនុញ្ញាតឱ្យប្រើថ្នាំប្រឆាំងគ្រុនចាញ់ ក្លរ៉ូគីន មកព្យាបាលជំងឺកូវីដ-១៩ តែក្នុងករណីពិសេស អ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរខ្លាំងបំផុត តែប៉ុណ្ណោះ។
ញត្តិ “#NePerdonsPlusDeTemps” កុំឱ្យខាតពេលទៀត ដែលមានបង្ហោះទៅលើវេបសាយ Change.org ទាមទារឱ្យនាយករដ្ឋមន្ត្រីបារាំងប្រកាសអនុញ្ញាតឱ្យគ្រប់វេជ្ជបណ្ឌិតនៅតាមមន្ទីរពេទ្យអាចចេញវេជ្ជបញ្ជាប្រើថ្នាំទាំងពីរនេះ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ណាដែលចាប់មានលេចរោគសញ្ញាឈឺ រលាកសួត និងទាមទារឱ្យរដ្ឋាភិបាលចាត់វិធានការភ្លាម បញ្ចេញថ្នាំ អ៊ីដ្រូស៊ីក្លរ៉ូគីន ឬក្លរ៉ូគីន មកបំពេញឱសថស្ថាននៅតាមមន្ទីរពេទ្យ ដើម្បីកុំឱ្យមានការខ្វះខាត ប្រសិនបើថ្នាំបង្ហាញប្រសិទ្ធភាពដោយពិតៗ នៅពីរបីថ្ងៃខាងមុខ។ ញត្តិក៏បានបញ្ជាក់ហាមដាច់ខាត មិនឱ្យសាធារណជនប្រើពពួកក្លរ៉ូគីនដោយខ្លួនឯងទេ ដោយគ្មានការត្រួតពិនិត្យពីគ្រូពេទ្យឡើយ។
សូមបញ្ជាក់ថាញត្តិនេះត្រូវបានផ្តួចផ្តើមធ្វើឡើងដោយអតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាល (២០០៤-២០០៥)លោក Philippe Douste-Blazy និងសាស្ត្រាចារ្យវេជ្ជបណ្ឌិត Pr Christian Perronne ប្រធានផ្នែកជំងឺឆ្លងនៅមន្ទីរពេទ្យ Raymond-Poincaré ក្រុងប៉ារីស ដោយមានការសហការគាំទ្រពីឥស្សរជនក្នុងវិស័យវេជ្ជសាស្ត្រ និងអតីតរដ្ឋមន្ត្រីសុខាភិបាលបារាំងជាច្រើនរូបផ្សេងទៀត។
មានការសិក្សាជាច្រើន នៅបារាំងនិងចិនបានបញ្ជាក់អំពីលទ្ធផលវិជ្ជមាននៃការព្យាបាលជំងឺកូវីដ១៩ដោយប្រើថ្នាំក្លរ៉ូគីន ឬអ៊ីដ្រូស៊ីក្លរ៉ូគីន បូកជាមួយថ្នាំផ្សះ។ ប៉ុន្តែអ្នកវិទ្យាសាស្ត្រជាច្រើន ព្រមទាំងអង្គការសុខភាពពិភពលោក សម្គាល់ឃើញថាការសិក្សាទាំងនោះមានកំរិតទាប ពុំស្របទៅតាមស្តង់ដារនៃពិធីសារវិទ្យាសាស្ត្រ ដូចជាពុំទាន់មានការចេញក្នុងទស្សនាវដ្តីរបស់គណៈកម្មការវិទ្យាសាស្ត្រឯករាជ្យ ជាដើម។ល។
នៅចំពោះមុខការទាមទារកាន់តែច្រើនឡើងៗដូច្នេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំង បានឆ្លើយតបភ្លាមថាមិនចង់ខាតពេលទេ ប៉ុន្តែលោកមិនអាចសម្រេចក្នុងរយៈពេលតែ២៤ម៉ោងបានឡើយ។ លោករដ្ឋមន្ត្រីកំពុងបន្តផ្តោះប្តូរយោបល់ជាមួយសាស្ត្រាចារ្យ Pr Raoult ដែលជាការពារគំនិតយកថ្នាំគ្រុនចាញ់មកព្យាបាលជំងឺកូវីដ-១៩ដំបូងនិងខ្លាំងជាងគេ និងកំពុងរង់ចាំលទ្ធផលសិក្សាទ្រង់ទ្រាយធំចំនួនបីទៅ៤ ដែលនឹងធ្លាក់មកនៅពីរបីថ្ងៃខាងមុខ មុននឹងអាចសម្រេចចិត្តបាន។ តាមពិធីសារវេជ្ជសាស្ត្រស្តង់ដារគេត្រូវការពេលសាកល្បងគ្លីនិចយ៉ាងហោច ៤ទៅ៦ ខែទើបអាចផ្តល់ការអនុញ្ញាតបាន៕ RFI