ខ្មែរប៉ុស្ដិ៍ Close

ស្វែងយល់ពីប្រ​វ​ត្ដិ​នៃក្រុមប្រឹក្សាធម្មនុញ្ញរបស់​ព្រះរាជាណាចក្រ​កម្ពុជា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១ ខែមេសា ឆ្នាំ២០២០ នគរគំនិត 5
ស្វែងយល់ពីប្រ​វ​ត្ដិ​នៃក្រុមប្រឹក្សាធម្មនុញ្ញរបស់​ព្រះរាជាណាចក្រ​កម្ពុជា ស្វែងយល់ពីប្រ​វ​ត្ដិ​នៃក្រុមប្រឹក្សាធម្មនុញ្ញរបស់​ព្រះរាជាណាចក្រ​កម្ពុជា

នៅក្នុង​ប្រ​វ​ត្ដិ​សាស្ដ្រ​ កម្ពុជា​ពុំ​ដែលមាន​ប្រព័ន្ធ​ត្រួតពិនិត្យ​ធម្មនុញ្ញភាព​ទេ។ រដ្ឋធម្មនុញ្ញ​ថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ ១៩៤៧ ដែល​បាន​កែប្រែ​បន្ដបន្ទាប់ រហូតដល់ថ្ងៃទី ៣១ ខែ​មិនា ឆ្នាំ១៩៦៤ ក៏បាន​និយាយ​នៅក្នុង​មាត្រា ១១៩ តែ​ពី​សិទ្ធិ​បកស្រាយ​អត្ថបទ​ធម្មនុញ្ញ ហើយ​មិនមាន​និយាយ​ពី​ការត្រួតពិនិត្យ​ធម្មនុញ្ញភាព​ទេ។ សិទ្ធិ​បកស្រាយ​ចុងក្រោយ​ជា​របស់​រដ្ឋសភា។

រដ្ឋធម្មនុញ្ញ​សា​ធាណ​រដ្ឋ​ខ្មែរ ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ១៩៧២ បាន​បង្កើ់ត​ឱ្យ មាន​ប្រព័ន្ធ​ត្រួតពិនិត្យ​ធម្មនុញ្ញភាព​មួយ​ដែរ​ដែល​ដាក់ឈ្មោះថា «តុលាការ​ធម្មនុញ្ញ»។ ទោះបីជា​មានឈ្មោះ​ជា​តុលាការ​ធម្មនុញ្ញ​ក៏ដោយ​ក៏​អង្គការនេះ​ស្ថិតនៅ​ដោយឡែក​ពី​អង្គការ​តុលាការ​ដែរ។ ការបង្កើ់ត​នេះ​គឺ​ពិតជា​ទទួល​ឥទ្ធិពល​ប​ស្ចឹ​ម​ប្រទេស​យ៉ាង​ប្រត្យក្ស។ ការមកដល់​នៃ​របប​ខ្មែរក្រហមនៅ​ឆ្នាំ ១៩៧៥ បាន​នាំមក​នូវ​ការកាប់សម្លាប់​ប្រជាជននិង​កំទេច​បំផ្លាញ​រចនាសម្ព័ន្ធ​ទាំងអស់​ព្រមទាំង​ជាន់ឈ្លី​ក្បួនច្បាប់​ទាំងឡាយ​គ្មាន​សល់​រហូតដល់ដំណាច់ឆ្នាំ១៩៧៨។

ក្រោយ​ថ្ងៃ​រំដោះ ៧ មករា ឆ្នាំ ១៩៧៩ ទន្ទឹមនឹង​ការកសាង​ប្រទេសជាតិ​ឡើងវិញ​គ្រប់​វិស័យ​ ការស្ដារ​ប្រព័ន្ធ​ច្បាប់​ក៏មាន​សកម្មភាពខ្លាំង​ក្លា​ណាស់ដែរ។ រដ្ឋធម្មនុញ្ញ​សាធារណរដ្ឋប្រជាមានិត​កម្ពុជា​ឆ្នាំ១៩៨១ អនុញ្ញាតឱ្យ​មានការ​បកស្រាយ​ច្បាប់​ដោយ​ក្រុមប្រឹក្សារដ្ឋ​ ក្នុងឋានៈជា​អង្គការ​អចិន្ដ្រៃយ៍របស់​រដ្ឋសភា។ ចាប់ពី​ឆ្នាំ ១៩៨៩ ដល់ ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ១៩៩៣ រដ្ឋធម្មនុញ្ញ​នៃរដ្ឋ​កម្ពុជា​បានចែង​អំពី​ការបកស្រាយច្បាប់ ដោយ​គណៈកម្មាធិការអចិន្ដ្រៃយ៍​រដ្ឋសភា។ ប៉ុន្ដែ​នៅពេលនោះ​ការបកស្រាយ​រដ្ឋធម្មនុញ្ញ និង​ការត្រួតពិនិត្យ​ធម្មនុញ្ញភាពនៃ​ច្បាប់ គឺ​ពុំទាន់​មាននៅឡើយទេ។ រដ្ឋធម្មនុញ្ញ​ថ្មី​ដែល​បានអនុម័ត​នៅ​ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ១៩៩៣ ដោយ​សភាធម្មនុញ្ញ​ដែល​កើតចេញពី​ការបោះឆ្នោត​រៀបចំ​ដោយ​អង្គការសហប្រជាជាតិ ពី​ឆ្នាំ ១៩៩៣ ត្រូវបាន​ប្រកាស​ឱ្យប្រើ​នៅ​ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ១៩៩៣។ នេះ​គឺជា​ការវិល​ត្រលប់​ទៅរក​ឥទ្ធិពល​ប​ស្ចឹ​ម​ប្រទេស​ជាថ្មី​ម្ដងទៀត ។

ជំពូក XII ថ្មី​នៃ​រដ្ឋធម្មនុញ្ញ​និយាយ​អំ​ពី «ក្រុមប្រឹក្សាធម្មនុញ្ញ» ដែលមាន​ចំណុច​ជាច្រើន​ធ្វើ​ឱ្យគេ​នឹកគិត​ទៅដល់​ក្រុមប្រឹក្សាធម្មនុញ្ញ​នៃ​ប្រទេសបារាំង។ ប៉ុន្ដែ​ទោះជា​យ៉ាងណាក៏ដោយ ក៏​នៅមាន​ចំណុច​ខុសគ្នាពី​បែប​បារាំង​ដែរ ពិសេស​ការពិនិត្យ​ធម្មនុញ្ញភាពនៃ​ច្បាប់​ក្រោយ​ពេលដែល​ច្បាប់​នោះត្រូវបានប្រកាស​ឱ្យប្រើ​ហើយ និង​សវនាការ​សាធារណៈ​នៅក្នុង​ការ​ជំនុំ​ជំ​រះវិវាទ​ទាក់ទងនិង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ។ សវនាការ​សាធា​រណៈ​នេះ មានចែង​នៅក្នុង​ច្បាប់​ស្ដីពី​ការបោះឆ្នោតជ្រើសតាំង​តំណាងរាស្ដ្រដែល​បានប្រកាស​ឱ្យប្រើ​នៅ ថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ១៩៩៧។

គួរ​កត់​សំគាល់​ដែរ​ថា រដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ត្រូវបានធ្វើ​វិសោធនកម្ម ៩លើក​៖

  • លើកទី១៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៤ នាសម័យប្រជុំរដ្ឋសភា ជាកិច្ចប្រជុំវិសាមញ្ញ នីតិកាលទី១
  • លើកទី២៖ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ១៩៩៩ នាសម័យប្រជុំរដ្ឋសភា ជាវិសាមញ្ញ នីតិកាលទី២
  • លើកទី៣៖ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០០១ នាសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី២
  • លើកទី៤៖ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០០៤ នាសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៣
  • លើកទី៥៖ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០០៥ នាសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលកាលទី៣
  • លើកទី៦៖ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០០៦ នាសម័យប្រជុំរដ្ឋសភា លើកទី៤ នីតិកាលទី៣
  • លើកទី៧៖ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០០៨នាសម័យប្រជុំរដ្ឋសភា លើកទី៧ នីតិកាលទី៣
  • លើកទី៨៖ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៤ នាសម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៥
  • លើកទី៩៖ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨នាសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៥

អត្ថបទទាក់ទង