ខ្មែរប៉ុស្ដិ៍ Close

អ្នក​​សិទ្ធមនុស្សថា មធ្យោបាយ​តាម​ដានកូវីដ-១៩ តាម​ប្រព័ន្ធបច្ចេកវិទ្យា​ រំលោភលើជីវិត​ឯកជន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០ បច្ចេកវិទ្យា 75
អ្នក​​សិទ្ធមនុស្សថា មធ្យោបាយ​តាម​ដានកូវីដ-១៩ តាម​ប្រព័ន្ធបច្ចេកវិទ្យា​ រំលោភលើជីវិត​ឯកជន អ្នក​​សិទ្ធមនុស្សថា មធ្យោបាយ​តាម​ដានកូវីដ-១៩ តាម​ប្រព័ន្ធបច្ចេកវិទ្យា​ រំលោភលើជីវិត​ឯកជន

នៅក្នុងការ​​​តាម​ដាននិង​ទប់​ស្កាត់​​ការ​ឆ្លង​រីករាលដាល​មេរោគកូរ៉ូណាថ្មី, រដ្ឋាភិបាល​នៃប្រទេស​មួយ​ចំនួ​ន បាន​ប្រើ​មធ្យោបាយ​​តាម​ដាន​តាម​ទូរសព្ទ និង​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើបផ្សេងទៀត។ ចំពោះ​ក្រុម​សកម្ម​ជន​សិទ្ធមនុស្ស​ និង​អង្គការការពារ​សិទ្ធសេរីភាព មួយ​ចំនួន យល់ឃើញ​ថា មធ្យោបាយបែបនេះ គឺ​បានរំលោភលើសេរីភាពនិងសិទ្ធជីវិតឯកជនរបស់​មនុស្ស​។

​ការ​ប្រើ​ប្រព័ន្ធ​បច្ចេកវិទ្យា ពិសេស​គឺ​ទូរសព្ទ ដើម្បីតាមដាន​ស្ថានភាពសុខភាព ឬក៏​តាម​ដាន​លំនាំគន្លង​ផ្លូវនិងទីកន្លែង​ ដែល​អ្នក​ឆ្លងឬអ្នក​ផ្ទុក​មេរោគ​កូវីដ​១៩ បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់ គឺ​មធ្យោបាយ​មួយ​ល្បីខ្លាំង នៅ​កូរ៉េខាងត្បូង និងនៅ​ស្រុក​ចិន។ នៅប្រទេស​ជឿនលឿន​ទាំង​នេះ កម្មវិធី​នៅក្នុង​ទូរសព្ទ អាច​ផ្តល់សញ្ញា​បង្ហាញថា មានអ្នកឆ្លង​​ជំងឺ កំពុង​ដើរ​មក​ក្បែរ​យើង​ជាដើម​។

នៅ​ស្រុកចិន​ អាជ្ញាធរ​ប្រើ​ទូរសព្ទជាមធ្យោបាយ​សំខាន់ណាស់ ដោយ​បញ្ជាក់​លេខកូដ និងពណ៌​​ផ្សេងៗ ដូចជាខៀវ បៃតង ក្រហម ជាដើម សម្រាប់​កំណត់​ថា ពលរដ្ឋ​ណាម្នាក់ មានឬគ្មាន​ផ្ទុក​មេរោគកូរ៉ូណាថ្មី។ នៅ​ហុងកុង អាជ្ញាធរ​កំណត់​ឱ្យ​អ្នកដែល​ទើបតែ​មកដល់ពីបរទេស ពាក់​ខ្សែដៃ​បំពាក់ឧបករណ៍​អេឡិចត្រូនិច សម្រាប់​តាម​ដាន​ជាប្រចាំ​​។ ចំណែក​ ​សិង្ហបុរី បាន​ប្រើ​ប្រព័ន្ធ​បច្ចេកវិទ្យា​ដើម្បីតាមដាន​អ្នក​ដែល​កំពុង​តែ​បង្ខាំង​ខ្លួនឱ្យ​នៅ​ដាច់​ដោយឡែក។ ចំពោះ​អ៊ីស្រាអែល វិញ នគរបាល​ជាតិ ក៏បាន​ចាប់ផ្តើមប្រើប្រាស់បច្ចេកវិទ្យាទំនើប និងទិន្នន័យទូរគមនាគមន៍ ដើម្បីតាមដានប្រជា​ជនស៊ីវិល​ ដែរ​។ នៅអឺរ៉ុបនិងសហរដ្ឋអាមេរិក គឺ​មាន​សេចក្តីរាយការណ៍ខ្លះ ថា​ក្រុមហ៊ុនបច្ចេកវិទ្យា​មួយ​ចំនួន​បានចាប់ផ្តើមចែករំលែកទិន្នន័យផ្ទាល់ខ្លួន​របស់​អ្នក​ប្រើប្រាស់ ដើម្បីតាមដានការរីករាលដាលនៃវីរុសកូវីដ​១៩​នេះដែរ​។

ក៏ប៉ុន្តែ មធ្យោបាយ​ទាំងអស់ខាងលើនេះ​​ ត្រូវអ្នក​ការពារសិទ្ធ​មនុស្ស មួយ​ចំនួន​ អះអាងថា ប៉ះពាល់​ដល់​តម្លៃ​នៃ​សេរីភាព​និង​សិទ្ធ​ជីវិត​ឯកជន​យ៉ាងធ្ងន់ធ្ងរ។ មិនតែប៉ុណ្ណោះ ពួកគេយល់ថា រដ្ឋអំណាច​នៃប្រទេស​មួយ​ចំនួន​ អាច​នឹង​នៅតែ​បន្ត​ប្រើមធ្យោបាយ​ខាងលើ បន្តទៅទៀត បើ​ទោះបី​នៅពេល​ដែល​ចប់​វិបត្តិ​កូវីដ​១៩ហើយ​ក្តី។ ​ហើយ រដ្ឋអំណាចខ្លះ​​អាច​នឹង​ឆ្លៀត​ឱកាស​ពេល​នេះ​ ដើម្បីតាម​ដាន​ ឬ​បិទ​សំឡេង​នៃ​អ្នក​ប្រឆាំង​។​ ចំណុច​នេះ នាយិកាអង្គការ Freedom House លោកស្រី​​ Michael Abramowitz យល់ឃើញថា អាជ្ញាធរក្រុង​ប៉េកាំង ឆ្លៀត​កេងចំណេញ​ពីមធ្យោបាយ​ខាងលើ ក្នុង​ឱកាសនេះ ដើម្បី​រឹតត្បិត​និងបង្កើន​ការ​ត្រួត​ពិនិត្យ​តាម​ប្រព័ន្ធអ៊ីនធ័រនែត ហើយថែម​ទាំង​បិទវេបសាយមួយ​ចំនួន​ចោល​ផង ដែលនេះ ក៏​ជាក្តីបារម្ភ​ខ្លាំងដែរ​ របស់​ Freedom House ៕​ RFI

អត្ថបទទាក់ទង