ស្វែងយល់ពីកប៉ាល់ខ្នាតយក្ស Westerdam ដែលចូលចតនៅក្រុងព្រះសីហនុ
(បរទេស)៖ Westerdam គឺជាប្រភេទកប៉ាល់ដឹកអ្នកដំណើរខ្នាតយក្ស Vista-class ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Holland America Line។ វាគឺជាកប៉ាល់ប្រភេទ Vista-class ទី៣ ប្រតិបត្តិការដោយក្រុមហ៊ុន Holland America នៅក្នុងចំណោមកប៉ាល់៣ផ្សេងទៀតដូចជា Oosterdam, Zuiderdam និង Noordam។ កប៉ាល់ទាំងបួនគ្រឿងនេះ គឺយកឈ្មោះតាមទិសទាំង៤ ជាភាសាហូឡង់។
* ព័ត៌មានបន្ថែម
កប៉ាល់ MS Westerdam បានបង្ហាញខ្លួនជាលើកដំបូងនៅខែកក្កដា ឆ្នាំ២០០៣ និងត្រូវបានដាក់ឈ្មោះថា «Westerdam» នៅខែមេសា ឆ្នាំ២០០៤ ក្នុងទីក្រុង Venice ប្រទេសអ៉ីតាលីដោយតារាសម្ដែងហូឡង់ លោកស្រី Renée Soutendijk។ ដូចគ្នាទៅនឹងកប៉ាល់ប្រភេទ Vista-class ដទៃដែរ Westerdam ត្រូវបានបំពាក់ដោយ ប្រព័ន្ធថាមពល CODAG និងប្រព័ន្ធស្លាបចក្រ Azipod។
កប៉ាល់នេះ៖ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Holland America Line មានមូលដ្ឋាននៅទីក្រុង Seattle រដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក, តែចុះបញ្ជីនៅក្នុងប្រទេសហូឡង់។
* តម្លៃ៖ ជាង៤០០លានដុល្លារ
* ក្រុមហ៊ុនផលិត៖ Fincantieri
* ឆ្នាំផលិត៖ ឆ្នាំ២០០៤
* ប្រភេទកប៉ាល់៖ Vista-class
* ទម្ងន់៖ ៨១,៨១១តោន
* បណ្ដោយ៖ ២៨៥.៣ម៉ែត្រ
* ទទឹង៖ ៣២.២ម៉ែត្រ
* ល្បឿន៖ ៤៤គីឡូម៉ែត្រក្នុងមួយម៉ោង
* ផ្ទុកអ្នកដំណើរបាន៖ ១៩១៦នាក់
* ក្រុមនាវិក៖ ៨១៧នាក់
* សរុបចំនួនផ្ទុកមនុស្ស៖ ប្រមាណ២៨៣៣នាក់
* ប្រព័ន្ធរុញ៖ ម៉ាស៊ីនម៉ាស៊ូត៥ និងតួរប៊ីនហ្គាសមួយផ្គត់ផ្គង់អគ្គិសនីទៅកាន់ប្រព័ន្ធស្លាបចក្រ azipods ចំនួនពីរ
* បន្ទប់នៅខាងក្នុងកប៉ាល់ចំនួន៖ ១៥៤បន្ទប់
* បន្ទប់នៅខាងក្រៅកប៉ាល់ចំនួន៖ ៨០៤បន្ទប់
* ភោជនីយដ្ឋាចំនួន៖ ៤
* ជណ្ដើរយន្ដចំនួន៖ ១៤
* វីរុសកូរ៉ូណា COVID-19
មុននឹងទៅដល់ និងចាកចេញពីទីក្រុងហុងកុង កប៉ាល់ដឹកអ្នកដំណើរខ្នាតយក្ស MS Westerdam មានកាលវិភាគ និងគោលដៅធ្វើដំណើរច្បាស់លាស់ដូចជាទៅ ថៃ ហ្វីលីពីន សិង្ហបុរី វៀតណាម ជប៉ុន តៃវ៉ាន់ និងហុងកុងជាដើម។ ប៉ុន្តែ ក្រោយចាកចេញពីទីក្រុងហុងកុង នៅថ្ងៃទី០១ ខែកុម្ភៈកន្លងទៅ។ ជាទីដែលមានការផ្ទុះនូវករណីឆ្លងវីរុសកូរ៉ូណា Westerdam ត្រូវបង្ខំចិត្តផ្លាស់ប្ដូរ និងកែប្រែកាលវិភាគ ព្រមទាំងគោលដៅ ជាពិសេសបន្ទាប់ពីត្រូវបាន ថៃ ហ្វីលីពីន កោះហ្គាំ និងជប៉ុន ជាដើមហាមឃាត់ធ្វើការចូលចត នៅកំពង់ផែរបស់ពួកគេ ដោយសារតែព្រួយបារម្ភខ្លាចក្រែងអ្នកនៅលើកប៉ាល់នេះឆ្លងវីរុសកូរ៉ូណា បើទោះជាមានសំណើរពីក្រសួងការបរទេសអាមេរិក និងមានការអះអាង ពីម្ចាស់ថាគ្មានអ្នកដំណើរ ឬអ្នកជិះនៅលើកប៉ាល់ណាម្នាក់ឆ្លងវីរុសនេះក៏ដោយ។
ម្យ៉ាងវិញទៀត ក្រោយជួបបញ្ហានេះក្រុមហ៊ុន Holland America Line ដែលជាម្ចាស់នាវា Westerdam បានប្រកាសលុបចោលគម្រោងធ្វើដំណើរចំនួន៤ ដែលគ្រោង ធ្វើឡើងនៅអំឡុងខែមីនា និងមេសាខាងមុខនេះ ដោយសារតែពិបាកក្នុងការចូលចតនៅកំពង់ផែមួយចំនួន ក្នុងតំបន់អាស៊ី។ ពាក់ព័ន្ធនឹងការលុបគម្រោងនេះ ក្រុមហ៊ុនក៏បានសម្រេចសងប្រាក់ទៅកាន់ភ្ញៀវទេសចររបស់ខ្លួនវិញដែរ៕