ភ្ញៀវទេសចរនាវា Westerdam សរសើរកម្ពុជាក្រោយបានទស្សនាការសម្ដែងសិល្បៈបុរាណខ្មែរ
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថាក្នុងឱកាសជួបសំណេះសំណាលជាមួយភ្ញៀវទេសចររបស់នាវា Westerdam ដែលកំពុងស្នាក់នៅក្នុងសណ្ឋាគារសុខាភ្នំពេញ កាលពីថ្ងៃទី១៩ កុម្ភៈ ដែលរង់ចាំហោះហើរ ទៅកាន់ប្រទេសរបស់ពួកគាត់រៀងៗខ្លួននោះ ភ្ញៀវទាំងអស់នោះបានកោតសរសើរមិនដាច់ពីមាត់ នូវការធ្វើបដិសណ្ឋារកិច្ច ដ៏កក់ក្ដៅរបស់កម្ពុជា។
លោករដ្ឋមន្ត្រីបន្ថែមថា អ្វីដែលពិសេសគឺដើម្បីកំដរការអផ្សុកក្រសួងទេសចរណ៍ បានសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំការសម្តែងទស្សនីយភាពសិល្បៈ ដែលមានការសម្តែងរបាំប្រពៃណីរបស់ខ្មែរ ជូនពួកគាត់បានទស្សនា។ បន្ទាប់ពីបានទស្សនាហើយ អ្នកទេសចរទាំងនោះ បានស្ងើចសរសើរមិនដាច់ពីមាត់ និងបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ចំពោះការរៀបចំនេះ។
សូមជំរាបថា កាលនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ អ្នកទេសចរណ៍របស់នាវា Westerda ចុងក្រោយចំនួន ២៣៣នាក់ បានធ្វើដំណើរតាមរថយន្តក្រុងចំនួន១០ ឆ្ពោះមករាជធានីភ្នំពេញ និងបន្តដំណើរតាមយន្តហោះទៅកាន់ប្រទេសរបស់ពួកគេរៀងៗខ្លួននៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រោយទាំងអស់គ្នាពិនិត្យ សុខភាពពុំឃើញមានមេរោគ Covid-19៕