ក្រសួងអភិវឌ្ឍន៍ជនបទ បង្ហាញទិសដៅការងារ១៥ចំណុច សម្រាប់អនុវត្តន៍ឆ្នាំ២០២០
លោក ចាន់ ដារ៉ុង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងថា ក្រសួងបានដាក់ចេញទិសដៅការងារ ១៥ចំណុច សម្រាប់អនុវត្តន៍ នៅក្នុងឆ្នាំ២០២០នេះ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «បច្ចុប្បន្នភាព និងវឌ្ឍនភាពក្រសួងអភិវឌ្ឍន៍ជនបទ» ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ លោក ចាន់ ដារ៉ុង បានលើកឡើងថា ក្រសួងបានដាក់ចេញនូវផែនការសកម្មភាពសម្រាប់អនុវត្តន៍ដល់ក្រុមការងារ និងមន្ត្រីជំនាញក្រោមឱវាទដូចខាងក្រោម៖
១៖ បន្តអនុវត្តយ៉ាងសកម្មនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ឲ្យកាន់តែសកម្មសម្រាប់វិស័យអភិវឌ្ឍន៍ជនបទ ដើម្បីរួមចំណែកសម្រេចកំណើនសេដ្ឋកិច្ច៧% និងកាត់បន្ថយភាពក្រីក្រឲ្យស្ថិតនៅក្រោមអត្រា ១០%។
២៖ បន្តអភិវឌ្ឍន៍សមត្ថភាពមន្ត្រីរាជការ និងអភិវឌ្ឍស្ថាប័ន ឲ្យកាន់តែប្រសើរឡើងថែមទៀត ដើម្បីលើកកម្ពស់ការងាររបស់ក្រសួង។
៣៖ សិក្សាស្រាវជ្រាវបច្ចេកវិទ្យាថ្មីៗ សម្រាប់បម្រើដល់ការស្ថាបនាផ្លូវជនបទ ដែលមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ។
៤៖ ការសិក្សាគម្រោង និងការអនុវត្តការងារស្ថាបនា ថែទាំ និងជួសជុលផ្លូវជនបទ ស្ពាន និងសំណង់សិល្បការ្យគ្រប់ប្រភេទ ត្រូវដំណើរការឲ្យទាន់ពេលវេលាកំណត់ ប្រកបដោយគុណភាព សោភ័ណភាព មានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងត្រូវផ្តល់អាទិភាពដល់គម្រោង ដោយអនុលោមតាមភាពចាំបាច់ និងលទ្ធភាពថវិកា។
៥៖ ជំរុញឲ្យគ្រប់អង្គភាពដែលអនុវត្តគម្រោងហិរញ្ញប្បទានផ្ទាល់ និងគម្រោងសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍លើការងារស្ថាបនា ថែទាំ និងជួសជុល និងសំណ់ងសិល្បការ្យគ្រប់ប្រភេទ ត្រូវមានការបញ្ជាក់គុណភាព នៃសំណាកសម្ភារ និងវត្ថុធាតុដើមពីមន្ទីរពិសោធន៍ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។
៦៖ ដាក់ឲ្យអនុវត្តន៍សាកល្បងនូវប្រព័ន្ធទិន្នន័យ Rural Road Asset Management System (PRAMS) ដែលជាបច្ចេកវិទ្យាទំនើបសម្រាប់រៀបចំផែនការថែទាំ និងជួសជុលផ្លូវជនបទ។
៧៖ ចុះស្រង់ទិន្នន័យផ្លូវ ស្ពាន លូ ប្រព័ន្ធផ្គត់ផ្គង់ទឹក និងបង្គន់អនាម័យនៅតាមជនបទដើម្បីជាមូលដ្ឋាន ក្នុងការរៀបចំផែនការមេឲ្យមានសង្គតិភាព។
៨៖ ជំរុញការចុះបញ្ជីអត្តសញ្ញាណជនជាតិដើមភាគតិចឲ្យបានជាអតិបរមា។ ជំរុញការអភិវឌ្ឍជនជាតិដើមភាគតិច ឲ្យបានលេចធ្លោដូចតំបន់ដទៃ ទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ទាំងសេវាសាធារណៈចាំបាច់នានា ហើយអភិរក្សទំនៀមទម្លាប់ប្រពៃណីល្អ ភាសានិយាយនៅក្នុងសហគមន៍នីមួយៗ។
៩៖ បង្កើនសេវាផ្គត់ផ្គង់ទឹកជនបទដើម្បីឆ្ពោះទៅសម្រេចឲ្យបានតាមគោលដៅ ៩០% នៅឆ្នាំ២០២៣ ដូចមានចែងក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជនបទ ឆ្នាំ២០១៩-២០២៣។ បន្តសម្របសម្រួល រវាងគ្រប់តួអង្គពាក់ព័ន្ធលើការងារផ្គត់ផ្គង់ទឹកតាមបណ្តាញចែកចាយ។
១០៖ បន្តជំរុញការងារសម្អាត និងអនាម័យជនបទ ជាពិសេសការងារលុបបំបាត់ការបន្ទោរបង់ ពាសវាលពាសកាល ដើម្បីឲ្យខេត្តគោលដៅទាំង៥ រួមមាន ស្វាយរៀង កំពង់ស្ពឺ កែប កំពង់ឆ្នាំង និងព្រៃវែង ឲ្យក្លាយជាខេត្ត Open Defection Free (ODF) នៅឆ្នាំ២០២៣។ រាជធានី និងខេត្តដទៃទៀតក្រៅពីនេះ ក៏ត្រូវយកចិត្តទុកដាក់លើការងារនេះ ឲ្យបានសកម្មដែរ ដោយប្រមូលផ្តុំលើការងារអប់រំផ្សព្វផ្សាយ និងការងារសាងសង់បន្ទប់ទឹក និងបង្គន់អនាម័យ។
១១៖ រៀបចំធ្វើវិសោធនកម្ម អនុក្រឹត្យលេខ៥១ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងអភិវឌ្ឍន៍ជនបទ, អនុក្រឹត្យលេខ១៤១ ស្តីពីការបង្កើតគណៈកម្មាធិការដឹកនាំ ការត្រួតពិនិត្យយានយន្តដឹកជញ្ជូន លើកទម្ងន់កម្រិតកំណត់ និងអនុក្រឹត្យលេខ១៩៧ ស្តីពីការគ្រប់គ្រងដីចំណីតាមបណ្តាញផ្លូវជាតិ និងផ្លូវរថភ្លើង។
១២៖ តាក់តែងគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍផ្លូវជនបទ និងធ្វើបច្ចុប្បន្នភាព បទដ្ឋានបច្ចេកទេស ស្តីពីការស្ថាបនា ស្តារឡើងវិញ ថែទាំ និងជួសជុលផ្លូវជនបទ និងសំណង់សិល្បការ្យ។
១៣៖ ជំរុញបង្កើនសកម្មភាពសេដ្ឋកិច្ចជនបទ និងសហគ្រិនភាព ដើម្បីគាំទ្រដល់ការបង្កើនប្រាក់ចំណូលតាមគ្រួសារនីមួយៗ តាមរយៈការចិញ្ចឹមសត្វ ចិញ្ចឹមត្រី ចិញ្ចឹមក្តាម និងចិញ្ចឹមឃ្មុំ ដើម្បីចូលរួមទប់ស្កាត់ ការធ្វើចំណាកស្រុកដោយប្រថុយប្រថាន។ ជំរុញការអនុវត្តកម្មវិធីបណ្តុះបណ្តាលចល័ត។
១៤៖ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការល្អជាមួយបណ្តាអង្គការដៃគូ វិស័យឯកជន និងបណ្តាប្រទេសជាមិត្តនានា ដើម្បីកៀរគរប្រភពធនធានហិរញ្ញវត្ថុ បច្ចេកទេស និងបច្ចេកវិទ្យាថ្មីៗ សម្រាប់ទ្រទ្រង់វិស័យអភិវឌ្ឍន៍ជនបទ ឲ្យមានការរីកចម្រើន។
១៥៖ សហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីរៀបចំបែបបទ និងវិធីសាស្ត្របង្កើតផែនការមេ សម្រាប់អភិវឌ្ឍន៍ផ្លូវថ្នល់ ការរៀបចំប្លង់ និងការកំណត់អាទិភាពគម្រោង៕
Fresh News