ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ «ហាងឆេងលោក ហ៊ុន សែន នឹងឡើងថ្លៃក្រោយសហភាពអឺរ៉ុបសំរេចព្យួរ EBA!»

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី៩ ខែកុម្ភៈ ឆ្នាំ២០២០ ទស្សនៈ - នយោបាយ 26
លិខិតមិត្តអ្នកអាន៖ «ហាងឆេងលោក ហ៊ុន សែន នឹងឡើងថ្លៃក្រោយសហភាពអឺរ៉ុបសំរេចព្យួរ EBA!» លិខិតមិត្តអ្នកអាន៖ «ហាងឆេងលោក ហ៊ុន សែន នឹងឡើងថ្លៃក្រោយសហភាពអឺរ៉ុបសំរេចព្យួរ EBA!»

សហភាពអឺរ៉ុបដែលអាចនឹងសម្រេចចិត្តព្យួរផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBAពីកម្ពុជាដោយយល់ថា ជាការដាក់ទណ្ឌកម្មទៅលើ រដ្ឋាភិបាលក្រុងភ្នំពេញ។ ប៉ុន្តែផ្ទុយទៅវិញ ខ្ញុំយល់ថាការសម្រេចចិត្តបែបនេះ ពិតជាបានផ្តល់ឱកាសមាសឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នូវ «កាដូពិសេស» ទៅវិញនោះទេ។ កាដូនោះគឺការ «ធ្វើឲ្យហាងឆេងលោក ហ៊ុន សែន កាន់តែឡើងថ្លៃខ្ពស់ថែមទៀត។»។ ហេតុអ្វីបានជាខ្ញុំហ៊ាននិយាយអះអាងយ៉ាងដូច្នេះ?

មានហេតុផលសត្យានុម័តមួយចំនួនដែលអាចពន្យល់រឿងនេះបាន៖

ជាបឋមគេត្រូវដឹងថា កាលពីនៅមានEBAពេញលេញ សហភាពអឺរ៉ុបអាចនៅមានទឹកមាត់ប្រៃខ្លះក្នុងការនិយាយ ឬទាមទារនេះ សំណូមពរនោះពីរដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ ប៉ុន្តែ ពេល EBA ត្រូវបានព្យួរ ទោះជាមិនព្យួរទាំងស្រុងក៏ដោយចុះ ក៏សហភាពអឺរ៉ុបអស់មានទឹកមាត់ប្រៃទៀតហើយទៅលើរដ្ឋាភិបាលក្រុងភ្នំពេញ។ បើនិយាយតាមបែបកីឡាបាល់ទាត់វិញ ការព្យួរ EBA នេះប្រៀបបានទៅនឹងការផ្តល់ឱកាសឲ្យលោកនាយករដ្ឋមន្ត្រី «ហ៊ុន សែន ទាត់បាល់ប៉េណាល់ ទី ៥គ្រាប់ដោយគ្មានអ្នកចាំទី»

តើអ្វីទៅជាគ្រាប់បាល់ប៉េណាល់ទីទាំង៥ដែលលោកនាយករដ្ឋមន្ត្រីទទួលបានពីសហភាពអឺរ៉ុប?

ទី១៖ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន មានហេតុផលគ្រប់គ្រាន់និងឡូហ្ស៊ីក ក្នុងការពន្យល់ប្រជាពលរដ្ឋខ្មែរតាមរយៈការបង្ហាញពីភាពអយុត្តិធម៌របស់សហភាពអឺរ៉ុបដែលប្រើប្រាស់ស្តង់ដារពីរពាក់ព័ន្ធនិងប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ ហេតុផលនោះគឺនៅត្រង់ថា សហភាពអឺរ៉ុបដែលតែងតែលើកយកបញ្ហាប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សមកធ្វើជាស្នូលក្នុងទំនាក់ទំនងអន្តរជាតិនោះ បែរជាព្យួរ EBA ពីកម្ពុជា ហើយស្របពេលជាមួយគ្នានោះ ស្រាប់តែទៅចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយវៀតណាម។ ចំពោះចំណុចនេះ នរណាក៏គេអាចយល់បានដែរថា តើសហភាពអឺរ៉ុបកំពុងធ្វើអ្វី? ទន្ទឹមនឹងនោះ រដ្ឋាភិបាលលោក ហ៊ុន សែន ក៏នឹងមានហេតុផលស្តីពីសារៈសំខាន់បំផុតនៃការការពារអធិបតេយ្យភាពជាតិមកនិយាយដើម្បីទាក់ទាញសមានចិត្តពីប្រជាពលរដ្ឋខ្មែរឲ្យបន្តគាំទ្រគណបក្សកាន់អំណាចកាន់តែខ្លាំងថែមទៀតពីព្រោះ ពាក្យថា ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដែលពួកលោកខាងលិចតែងតែលើកមកនិយាយនោះ វាគ្រាន់តែជាលេសដើម្បីកេងចំណេញមកលើប្រទេសតូចតាចតែប៉ុណ្ណោះ ជាពិសេសគឺប្រើជាខែលដើម្បីជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសផ្សេងៗតែប៉ុណ្ណោះ។

ទី២៖ ការសម្រេចចិត្តរបស់សហភាពអឺរ៉ុបក៍នឹងធ្វើឲ្យទំនាក់ទំនងរវាងអាស៊ាននិងអឺរ៉ុប ជួបប្រទះបញ្ហាកាន់តែធ្ងន់ធ្ងរទៅៗ ពីព្រោះសូមកុំភ្លេចថា «មុនសម្រេចកិច្ចការអ្វីមួយជាមួយអឺរ៉ុប អាស៊ានត្រូវការកុងសង់ស៊ុស»។ ប៉ុន្តែពេលនេះ មានប្រទេសកាន់តែច្រើនលើស៥០% នៃសមាជិកអាស៊ានទៅហើយ ដែលមិនពេញចិត្ត និងមានជម្លោះជាមួយនឹងសហភាពអឺរ៉ុប។ ប្រទេសទាំងនោះមានជាអាទិ៍៍ ម៉ាឡេស៊ី, ឥណ្ឌូណេស៊ី ជុំវិញបញ្ហាដូងប្រេង, ហ្វីលីពីន ជុំវិញបញ្ហាសិទ្ធិមនុស្ស ដោយសារយុទ្ធនាការបង្ក្រាបគ្រឿងញៀនរបស់លោក ឌុយទែតេ, និងភូមា ជុំវិញសំណុំរឿងជនជាតិរ៉ូហ៊ីងយ៉ា។ល។ ឥឡូវនេះ អឺរ៉ុបបានបង្កបញ្ហាជាមួយកម្ពុជាមួយទៀតដែលធ្វើឲ្យទំនាក់ទំនងអាស៊ាន~អឺរ៉ុបកាន់តែមានបញ្ហាធ្ងន់ធ្ងរទៅៗ។

ទី៣៖ ពាក់ព័ន្ធនឹងនយោបាយក្នុងស្រុកវិញ៖ រដ្ឋាភិបាលភ្នំពេញមានសេរីភាពពេញទី ក្រោមហេតុផលនៃការអនុវត្តន៍គោលការណ៍នីតិរដ្ឋក្នុងការសម្រេចសំណុំររឿងសំខាន់ៗ យ៉ាងហោចណាស់ក៏មានដែរ នោះគឺ ជុំវិញវាសនាបក្សប្រឆាំងនៅកម្ពុជា, រឿងអង្គការសង្គមស៊ីវិលនិងសារព័ត៌មានគាំទ្របក្សប្រឆាំង ដែលតែងតែប្រព្រឹត្តប្រព្រឹត្តខុសច្បាប់និងបំពានច្បាប់ ហើយនិងការសម្រេចចិត្តសុំទៅព្រះមហាក្សត្រដើម្បីលើកលែងទោសលោក កឹម សុខា ឬក៏អត់ក្រោយបញ្ចប់សវនាការសំណុំរឿងក្បត់ជាតិ។ ម្យ៉ាងទៀត រដ្ឋាភិបាលកម្ពុជាពិតជាអាចនឹងរឹតបន្តឹងការអនុវត្តន៍ច្បាប់ប្រឆាំងនឹងបាតុកម្មកូដកម្មខុសច្បាប់, ប្រឆាំងនឹងការផ្សាយព័ត៌មានក្លែងក្លាយ, រឹតបន្តឹងការអនុវត្តច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រ, ការរើសអើងជាតិសាសន៍ និងការឃុបឃិតជាមួយបរទេសជាដើម។

ការសម្រេចកិច្ចការទាំងនេះគឺជាសិទ្ធិស្វ័យសម្រេចទាំងស្រុងរបស់កម្ពុជា ជាពិសេសជាឆន្ទានុសិទ្ធរបស់លោក ហ៊ុន សែន ដែលគ្មានបរទេសណាមានទឹកមាត់ប្រៃចង់មកដើរតួសម្របសម្រួល ឬធ្វេីអន្តរាគម៍បានទៀតដូចមុនការព្យួរ EBA ទៀតនោះឡើយ។

ទី៤៖ រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងប្រែក្លាយការព្យួរ EBA នេះដើម្បី «រៀបចំផ្ទះអោយមានសណ្តាប់ធ្នាប់ឡើងវិញ តាមរយៈការពង្រឹងនីតិរដ្ធ» ដើម្បីធានាឯករាជ្យភាពទាំងខាងនយោបាយ និងសេដ្ឋកិច្ច។ ក្នុងន័យនេះ រដ្ឋាភិបាលភ្នំពេញពិតជាអាចនឹងប្រឹងប្រែងពង្រឹងអភិបាលកិច្ចល្អ, យុត្តិធម៌សង្គម និងការប្រយុទ្ធប្រឆាំងអំពើពុករលួយជាដើម ដោយ «ប្រកាន់យកដំណើរការប្រជាធិបតេយ្យតាមលក្ខណៈពិសេសរបស់កម្ពុជា» ពោលគឺអាចនិយាយបានថា ការព្យួរ EBA បានក្លាយជាកម្លាំងចលករ ក្នុងការជំរុញកំណែទម្រង់ផង ក៏ដូចជាសន្ទុះសេដ្ឋកិច្ចកម្ពុជាទៅវិញទេ។

សំខាន់បំផុតជាងនេះទៅទៀតនោះ គឺផ្អែកលើបទពិសោធន៍ក្នុងរយៈពេល៤១ឆ្នាំកន្លងមកនេះរបស់បក្សកាន់អំណាច ជាពិសេស លោក ហ៊ុន សែនក្នុងការដឹកនាំនិងគ្រប់គ្រងប្រទេស ឆ្លងកាត់ដោយជោគជ័យនូវការដាក់ទណ្ឌម្មនយោបាយនិងសេដ្ឋកិច្ចពីអន្តរជាតិក្រោយឆ្នាំ១៩៧៩ វិបត្តិសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្នុងឆ្នាំ ១៩៩៧ និង ២០០៨ ជាដើម ហើយជាពិសេសបំផុត គឺពាក្យឃ្លាដែល លោក ហ៊ុនសែន តែងតែធ្លាប់លើកឡើងតាំងពីប្រទេសនិងប្រជាជនគ្មានអ្វីៗទាំងអស់រហូតដល់សព្វថ្ងៃមានអ្វីៗគ្រប់បែបយ៉ាងថា «លោក ហ៊ុន សែននិងបក្សប្រជាជនជានិច្ចជាកាលនៅ រួមសុខ រួមទុក្ខ» និង «មិនដែលរត់ចោលប្រជាជនម្តងណាឡើយ» នោះគឺជាហេតុផលជាក់ស្តែងបំផុតដែលប្រជាជនងាយជឿជាក់ ទុកចិត្ត និងគាំទ្រលោក ហ៊ុន សែន ក្នុងស្មារតី «មិនយកអធិបតេយ្យជាតិទៅ ដោះដូរជាមួយជំនួយបរទេស»

ទី៥៖ នៅលើសមរភូមិភូមិសាស្ត្រនយោបាយវិញ៖ ការសម្រេចចិត្តរបស់សហភាពអឺរ៉ុបនឹងកាន់តែជំរុញឲ្យរដ្ឋាភិបាលក្រុងភ្នំពេញខិតកាន់តែជិតស្និទ្ធថែមទៀតជាមួយចិនខណៈដែលចិនកំពុងពង្រីកឥទ្ធិពលភូមិសាស្ត្រ នយោបាយរបស់ខ្លួនមកកាន់តំបន់អាស៊ីប៉ាហ្វិក ក្នុងនោះអាស៊ីអាគ្នេយ៍ក៏ជាគោលដៅដ៏សំខាន់មួយរបស់មហាយក្សចិន។ ដោយឡែកកម្ពុជាគឺជាមិត្តជិតស្និទ្ធរបស់ចិនស្រាប់។ ជាក់ស្តែង ប្រធានាធិបតីចិន ស៊ី ជីនពីង ធ្លាប់បានប្រកាស ពីពេលថ្មីៗកន្លងទៅនេះថា «មិត្តភាពកម្ពុជា~ចិនគឺជាមិត្តភាពដែកថែប» ហើយក្នុងដំណើរទស្សនកិច្ចរបស់លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសចិនកាលពីថ្ងៃទី ៥ កុម្ភៈ ២០២០ នេះ លោកស៊ីជីនពីង ក៏បានកត់សម្គាល់បញ្ជាក់សារជាថ្មីទៀតថា «កម្ពុជាគឺជាមិត្តដ៏ស្មោះត្រង់ពិតប្រាកដរបស់ចិន» ពីព្រោះទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឡើង្នុងខណៈពេលដែលចិនកំពុងជួបប្រទះបញ្ហានៃការរាតត្បាតនៃវីរុសកូរ៉ូណា។

ជាការឆ្លើយតបចំពោះទឹកចិត្តនិងវត្តមានរបស់លោក ហ៊ុន សែន នៅប៉េកាំងក្នុងគ្រាដ៏លំបាកនេះ «ចិនក៏បានសម្រេចមិនត្រឹមតែរក្សាការវិនិយោគរបស់ខ្លួនដែលកំពុងមានស្រាប់នៅកម្ពុជានោះទេ ប៉ុន្តែជាងនេះទៅទៀត ក៏បានសន្យាយ៉ាងម៉ឹងម៉ាត់ថានឹងបង្កើនការវិនិយោគដោយផ្ទាល់មកកាន់កម្ពុជាច្រើនថែមទៀត និងបន្តផ្តល់ជំនួយបន្ទាន់គ្រប់យ៉ាងតាមដែលកម្ពុជាត្រូវការ»

បើនិយាយអោយខ្លីនិងកាន់តែងាយយល់នោះ គឺការសម្រេចចិត្តរបស់សហភាពអឺរ៉ុបនេះ ពិតជាបានជំរុញឲ្យរដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន មានឱកាសកាន់តែច្រើនក្នុងការងាកទៅរឹតចំណងមិត្តភាពជាមួយចិនកាន់តែរឹងមាំថែមទៀត។ ហេតុដូច្នេះ សូមកុំបន្ទោសនិងទំលាក់កំហុសមកលើលោក ហ៊ុន សែន អី ពីព្រោះរវាងជំនួយរបស់សហភាពអឺរ៉ុបដែលមានលក្ខខណ្ឌចងភ្ជាប់យ៉ាងតឹងរ៉ឹងជាមួយការបង្វិលក្បាលម្ចាស់ប្រទេស ធៀបនឹងជំនួយចិនដែលគ្មានលក្ខខណ្ឌអ្វីទាំងអស់ ច្បាស់ណាស់ថា គ្មានអ្នកណាមិនចាប់យកជំនួយចិននោះឡើយ។

ហេតុផលដូចបានលើកឡើងខាងដើម គឺជាភស្តុតាងបញ្ជាក់ថា សហភាពអឺរ៉ុប ដែលអាចនឹងសម្រេចចិត្តព្យួរផ្នែកខ្លះនៃ EBA ពីកម្ពុជាគឺជាការសម្រេចចិត្តដ៏ខុសឆ្គងនិងអយុត្តិធម៌បំផុតក្នុងបរិបទនៃពិភពលោកពហុប៉ូល។ ការសម្រេចដ៏ខុសឆ្គងនេះក៏អាចធ្វើឲ្យសហភាពអឺរ៉ុបកាន់តែបាត់បង់ទីតាំងឈរជើងនៅអាស៊ីអាគ្នេយ៍ និយាយជារួម និងនៅកម្ពុជា និយាយដោយឡែក។

ពាក់ព័ន្ធនឹងនយោបាយផ្ទៃក្នុងរបស់កម្ពុជាវិញ ការសម្រេចចិត្តខុសឆ្គងរបស់សហភាពអឺរ៉ុប មិនបានក្លាយជាសម្ពាធមកលើរដ្ឋាភិបាលទេ។ ផ្ទុយទៅវិញ វាបានក្លាយជាព្រនង់ដែលសំពងទៅលើក្រុមប្រឆាំងទៅវិញតែប៉ុណ្ណោះ។ ចំណែកឯរដ្ឋាភិបាលកម្ពុជាវិញ តាមរយៈការសម្រេចចិត្តដ៏ខុសឆ្គងរបស់សហភាពអឺរ៉ុបនេះ កម្ពុជាកាន់តែក្លាយជារដ្ឋឯករាជ្យពីសម្ពាធបរទេស និងក៏ជាឱកាសដើម្បីពង្រឹងខ្លួនឲ្យកាន់តែរឹងមាំថែមទៀតដោយឈរលើកម្លាំងខ្លួនឯង។ ហើយបើនិយាយតាម បែបផ្សេងគឺ «ហាងឆេងរបស់ លោក ហ៊ុន សែន កាន់តែឡើងខ្ពស់ដោយសារការសម្រេចចិត្តដ៏ខុសឆ្គងរបស់សហភាពអឺរ៉ុបក្នុងការព្យួរ EBA ពីកម្ពុជា»

ដោយ: អ្នកតាមដាន នយោបាយតុកាហ្វេ

អត្ថបទទាក់ទង