យោធាថៃម្នាក់បានបើកការបាញ់ប្រហារនៅភាគឥសានទីក្រុងបាងកក សម្លាប់មនុស្សយ៉ាងតិច១៧នាក់ ហើយធ្វើការ Live តាមហ្វេសប៊ុកទៀត
យោធាថៃម្នាក់បានបើកការបាញ់ប្រហារសម្លាប់មេបញ្ជាការ មិត្តរួមអាវុធជាច្រើននាក់ រួមទាំងមនុស្សមួយចំនួននៅតាមដងផ្លូវ បន្ទាប់មកបន្តបើកការបាញ់ស្រោចលើហ្វូងមនុស្សនៅឯផ្សារទំនើបមួយកន្លែងផ្សេងទៀត។
ជនសង្ស័យដែលមានឈ្មោះថា Sgt. Jakrapanth Thomma ពេលនេះកំពុងតែលាក់ខ្លួននៅជាន់ក្រោមដីនៃផ្សារទំនើបមួយកន្លែង នៃខេត្ត Nakhon Ratchasima ឬ Korat។
ដំបូងឡើយជនសង្ស័យបានបាញ់ប្រហារទៅលើមេបញ្ជាការរបស់ខ្លួន បន្ទាប់មកមិត្តរួមអាវុធ២នាក់ផ្សេងទៀតនៅឯមូលដ្ឋានកងទ័ពមួយ មុនពេលនឹងលួចយកឡានម៉ាក Humvee មួយគ្រឿងជិះចេញទៅជាមួយនឹងកាំភ្លើងមួយដើមនៅម៉ោងប្រហែល ៣រសៀល ម៉ោងនៅក្នុងប្រទេសថៃ។
បន្ទាប់មកជនសង្ស័យក៏បានបាញ់ប្រហារទៅលើជនស៊ីវិលនៅតាមដងផ្លូវទៅកាន់ផ្សារទំនើប Terminal 21 នាស្រុក Muang នៃខេត្ត Korat ភាគឥសាននៃទីក្រុងបាងកក។
តាមរយៈកាមេរ៉ាសុវត្ថិភាព គេឃើញជនសង្ស័យដើរចូលផ្សារទំនើបនោះយ៉ាងស្ងៀមស្ងាត់បន្ទាប់ពីបានបើកការបាញ់ប្រហារនៅតាមផ្លូវរួចមក។ គួរបញ្ជាក់ថា ជនសង្ស័យក៏បានបើកការបាញ់ប្រហារទៅលើវត្តមួយកន្លែងផងដែរ។
តាមសេចក្ដីរាយការណ៍របស់បាងកកប៉ុស្តិ៍ ជនសង្ស័យកំពុងតែចាប់ជំរិតជនស៊ីវិលចំនួន១៦នាក់នៅឯជាន់ទី៤នៃផ្សារទំនើបនោះ។
ជនសង្ស័យបានថតទុកនូវព្រឹត្តិការណ៍បាញ់ប្រហារបង្ហូរឈាមរបស់ខ្លួនដោយបានធ្វើការ Live នៅលើបណ្ដាញសង្គមហ្វេសប៊ុកផងដែរ។ ក្នុងចំណោមការបង្ហោះផ្សាយរបស់គេ មុននឹងការបាញ់ប្រហារ ជនសង្ស័យបានបង្ហោះសារថា «សេចក្ដីស្លាប់នឹងមកដល់ក្នុងពេលឆាប់ៗនេះ»។
ពេលនេះក្រុមអាជ្ញាធរកំពុងប្រញាប់ប្រញាល់យ៉ាងខ្លាំងដើម្បីស្វែងរកឃាតករ ខណៈដែលអ្នកឈរមើលផ្សេងទៀតត្រូវបានបង្ខំអោយរត់យករួចជិវិត។
អាជ្ញាធរប៉ូលីសបានអោយដឹងថា «ជនសង្ស័យបានប្រើកំាភ្លើងយន្តក្នុងការបាញ់រះទៅលើជនស៊ីវិល ហើយថាមានមនុស្សស្លាប់និងរបួសច្រើនណាស់»។
មកដល់ពេលនេះ ចំនួនអ្នករងគ្រោះសរុបមិនទាន់ត្រូវបានបង្ហាញជាផ្លូវការនៅឡើយទេ ប៉ុន្តែមន្ត្រីប៉ូលីសសូមមិនបញ្ចេញឈ្មោះមួយរូបបានអោយដឹងថា មានមនុស្សយ៉ាងតិចណាស់ ១៧នាក់បានបាត់បង់ជីវិត និង ១៤នាក់ផ្សេងទៀតបានរងរបួស។
ជនសង្ស័យបានធ្វើការ Live តាមបណ្ដាញសង្គមហ្វេសប៊ុកខណៈខ្លួនកំពុងធ្វើការបាញ់ប្រហារនៅឯផ្សារទំនើបនោះ និងបានថតស៊ែលហ្វ៊ី (Selfie) ជាមួយនឹងកាំភ្លើងរបស់ខ្លួនផងដែរ។ ប៉ុន្តែមកដល់ពេលនេះ ទំព័រហ្វេសប៊ុកនោះត្រូវបានបិទហើយ។
ត្រង់ចំណុចមួយនៃការ Live របស់ខ្លួន ជនសង្ស័យបាននិយាយដោយមានពាក់មួក និងឯកសណ្ឋានយោធាថា «ខ្ញុំនឿយហត់ណាស់។ ខ្ញុំមិនអាចកម្រើកម្រាមដៃរបស់ខ្ញុំបានតទៅទៀតទេ»។ បន្ទាប់មកនៅវេលាម៉ោងប្រហែល៧ល្ងាច គាត់បានបង្ហោះថា «តើខ្ញុំគួរតែចុះចាញ់ទេ?»។
របាយការណ៍មកជាក់លាក់មួយក៏បានបង្ហាញថា ជនសង្ស័យក៏មានកាន់គ្រាប់បែកដៃផងដែរ។
ខណៈពេលដែលប៉ូលីសកំពុងតែធ្វើប្រតិបត្តិការចាប់ជនសង្ស័យ អាជ្ញាធរបានដឹងថាម្ដាយរបស់ជនសង្ស័យកំពុងស្នាក់នៅឯខេត្ត Chaiyaphum និងថាចង់នាំគាត់មកកាន់ទីតាំងប្រតិបត្តិការតែម្ដងដើម្បីបង្ខំអោយជនសង្ស័យដាក់អាវុធចុះ និងសុំចុះចាញ់៕