ខ្មែរប៉ុស្ដិ៍ Close

វីរុសកូរ៉ូណាសម្លាប់មនុស្ស ២១៣នាក់នៅចិន និងឆ្លងទៅមនុស្សជិត ១ម៉ឺននាក់នៅទូទាំងពិភពលោក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២០ កីឡា - សុខភាព 50
វីរុសកូរ៉ូណាសម្លាប់មនុស្ស ២១៣នាក់នៅចិន និងឆ្លងទៅមនុស្សជិត ១ម៉ឺននាក់នៅទូទាំងពិភពលោក ផ្សារមួយនៅទីក្រុងវូហានដែលគេជឿថាជាប្រភពដំបូងនៃការផ្ទុះឡើងនៃវីរុសកូរ៉ូណា ដែលពេលនេះបានបិទទាំងស្រុង

គិតមកត្រឹមថ្ងៃសុក្រទី ៣១ខែមករានេះ ចំនួនអ្នកស្លាប់ដោយសារវីរុសផ្លូវដង្ហើមថ្មី កូរ៉ូណា បានកើនឡើងដល់ ២១៣នាក់ហើយ ហើយចំនួនមនុស្សដែលបានឆ្លងវីរុសដ៏មហាប្រល័យនេះ បានកើនឡើងដល់ជិត ១ម៉ឺននាក់ហើយ នេះបើការតាមការអោយដឹងពីគណកម្មការសុខភាពជាតិចិន។

ក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួន មន្ត្រីដដែលបានអោយដឹងថា មានមនុស្សចំនួន៤៣នាក់ថ្មីទៀតបានស្លាប់ ហើយនិងមានករណីឆ្លងចំនួនជាង២០០០ករណីកើតឡើង ដែលនាំអោយអ្នកឆ្លងសរុបកើនដល់ជាង ៩៦០០នាក់ហើយ។

របាយការណ៍នេះបានចេញមក នៅ៣ម៉ោងក្រោយអង្គការសុខភាពពិភពលោកបានប្រកាសអាសន្នជាសាកលស្ដីពីការឆ្លងរីករាលដាលនៃវីរុសកូរ៉ូណា។

គណកម្មការសុខភាពខេត្តហឺប៉ី បានអោយដឹងនៅថ្ងៃសុក្រនេះថា ចំនួនអ្នកស្លាប់នៅទូទាំងខេត្តបានកើនឡើងចំនួន ៤២នាក់ទៀត ដែលនាំអោយចំនួនអ្នកស្លាប់សរុបបានកើនដល់ ២០៤នាក់ គិតត្រឹមថៃ្ងទី៣០ខែមករា។ ចំណែកឯចំនួនអ្នកឆ្លងបន្ថែមមាន  ១២២០ករណី ដែលនាំអោយចំនួនអ្នកឆ្លងសរុបកើនដល់ ៥៨០៦ករណី។

ស្ថិតិនេះបង្ហាញថា ក្នុងរយៈពេល១សប្ដាហ៍ចុងក្រោយនេះ ចំនួនអ្នកស្លាប់ប្រចាំថ្ងៃបានកើនឡើងយ៉ាងខ្ពស់បើប្រៀបធៀបកាលពីសប្ដាហ៍មុន។

កាលពីថ្ងៃព្រហស្បត្តិ៍ មន្ត្រីសុខាភិបាលចិនបានរាយការណ៍ថាមានការស្លាប់ចំនួន៣៨នាក់ ក្នុងនោះម្នាក់នៅក្នុងទីក្រុងវូហាន។

ដំបូងឡើយ អង្គការសុខភាពពិភពលោកហាក់ដូចព្រងើយកន្តើយចំពោះបញ្ហាវីរុសនេះ តែពេលនេះបានចេញពិនិត្យវាយតម្លៃឡើងវិញបន្ទាប់ពីមានការពិភាក្សាកាលពីថ្ងៃព្រហស្បត្តិ៍។

លោក Tedros អគ្គនាយកអង្គការសុខភាពពិភពលោកបានលើកឡើងថា ការបិទជើងហោះហើរ និងរឹតត្បិតការធ្វើពាណិជ្ជកម្មជាមួយចិនពុំមានប្រសិទ្ធិភាពក្នុងការទប់ស្កាត់នូវការឆ្លងរីករាលដាលនៃវីរុសដ៏កាចសាហាវនេះបានទេ ព្រោះថាមកដល់ពេលនេះ មានប្រទេសលើសពី១៥ហើយដែលបានឆ្លងបន្ត។

គួរជម្រាបថា មានប្រទេសជាច្រើនបានហាមឃាត់មិនអោយមានជើងហោះហើរទៅមកជាមួយប្រទេសចិន ហើយប្រទេសខ្លះទៀតថែមទាំងបានហាមឃាត់មិនអោយប្រជាជនចិនដែលមកពីទីក្រុងវូហានចូលមកប្រទេសខ្លួនទៀតផង។

CNA

 

អត្ថបទទាក់ទង