ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្រ្តីសុខាភិបាល បញ្ជាក់ថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ឆ្លើយតបនឹងការរីករាលដាលនៃជំងឺផ្លូវដង្ហើមកូរ៉ូណា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២០ ព័ត៌មានទូទៅ 31
រដ្ឋមន្រ្តីសុខាភិបាល បញ្ជាក់ថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ឆ្លើយតបនឹងការរីករាលដាលនៃជំងឺផ្លូវដង្ហើមកូរ៉ូណា រដ្ឋមន្រ្តីសុខាភិបាល បញ្ជាក់ថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ឆ្លើយតបនឹងការរីករាលដាលនៃជំងឺផ្លូវដង្ហើមកូរ៉ូណា

លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះ បានបញ្ជាក់ប្រាប់សារព័ត៌មាន Fresh News ថា ប្រទេសកម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការឆ្លើយតបទៅនឹងការរីករាលដាល នៃជំងឺផ្លូវដង្ហើមថ្មីកូរ៉ូណា បន្ទាប់ពីមានការប្រកាសអាសន្នរបស់អង្គការសុខភាពពិភពលោក (WHO) ។

អង្គការសុខភាពពិភពលោក (WHO) បានចេញប្រកាសអាសន្នជាសកលមួយ ចំពោះការវាយប្រហារនៃជំងឺផ្លូវដង្ហើមថ្មីកូរ៉ូណានៅលើពិភពលោក ខណៈដែលអ្នកស្លាប់នៃជំងឺនេះបានកើនដល់ ២១៣នាក់ នៅក្នុងប្រទេសចិន និងកំពុងឆ្លងរាលដាលដល់មនុស្សលើស៩០០០នាក់ គិតត្រឹមព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរបស់ចិន CGTN និងអន្តរជាតិធំៗ។

លោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោក បានប្រាប់អ្នកសារព័ត៌មានពីទីក្រុងហ្សឺណែវ ប្រទេសស្វីសថា ការព្រួយបារម្ភដ៏ធំរបស់យើង គឺសក្តានុពលនៃមេរោគ (កូរ៉ូណា) ដែលរាលដាលទៅកាន់ប្រទេសដែលមានប្រព័ន្ធសុខាភិបាលទន់ខ្សោយ។

លោកបានបន្តថា ប្រទេសទាំងអស់ត្រូវចូលរួមចាប់ពីពេលនេះ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះទៅមុខទៀត។ លោកបញ្ជាក់ថា៖ «យើងអាចចូលរួមបញ្ឈប់វាទាំងអស់គ្នាបាន»។

គួរបញ្ជាក់ថា កម្ពុជាបានរកឃើញករណីឆ្លងជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីដែលបង្កឡើងដោយវីរុសកូរ៉ូណា នៅលើខ្លួនជនជាតិចិនម្នាក់ ដែលបានចាកចេញពីក្រុងវូហាន ប្រទេសចិន ដែលជាក្រុងផ្ទុះជំងឺមុនគេ ហើយមកដល់ក្រុងព្រះសីហនុ ប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។ ជនជាតិចិនម្នាក់ដែលឆ្លងជំងឺនេះមានឈ្មោះ ចា ជិនហូរ (Jia Jianhua) ភេទប្រុស អាយុ៦០ឆ្នាំ ធ្វើដំណើរមកពីទីក្រុងវូហាន ជាមួយក្រុមគ្រួសារ ៣នាក់ទៀត។

ទោះជាយ៉ាងនេះក្តី រហូតដល់មកដល់ពេលនេះល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ស្ថានភាពជនជាតិចិនដែលផ្ទុកជំងឺផ្លូវដង្ហើមថ្មី ហើយដាក់ឱ្យសម្រាកនៅបន្ទប់ដាច់ដោយឡែក នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុនោះ កំពុងមានសុខភាពល្អធម្មតា និងកាន់តែប្រសើរជាងមុន៕

អត្ថបទទាក់ទង