ខ្មែរប៉ុស្ដិ៍ Close

បទវិភាគ៖ ហ្វីល រូបឺតសុន មេវិទ្ធង្សនាសេដ្ឋកិច្ចកម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២០ ទស្សនៈ - នយោបាយ 5
បទវិភាគ៖ ហ្វីល រូបឺតសុន មេវិទ្ធង្សនាសេដ្ឋកិច្ចកម្ពុជា បទវិភាគ៖ ហ្វីល រូបឺតសុន មេវិទ្ធង្សនាសេដ្ឋកិច្ចកម្ពុជា

នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ តាមរយៈការផ្សាយរបស់វិទ្យុអាស៊ីសេរីដោយបានលើយកសំដីរបស់លោក ហ្វីល រ៉ូប៊ើតសុន (Phil Robertson) ដែលជានាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ(Human Rights Watch) បាននិយាយទាំងល្ងង់ខ្លៅ និងដ៏ឆ្គួតលីលាបំផុតថា រដ្ឋាភិបាលកម្ពុជា កំពុងតែមិនអើពើចំពោះគ្រោះថ្នាក់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋខ្លួនឯង ដោយសារតែអនុញ្ញាតឱ្យក្រុមហ៊ុនយន្តហោះចិនបន្តដឹកអ្នកដំណើរដោយហោះត្រង់ពីទីក្រុងវូហាន (Wuhan) មកកម្ពុជា តាំងពីមានផ្ទុះករណីជំងឺរលាកផ្លូវដង្ហើមថ្មី (Coronavirus) នេះដំបូង រហូតដល់ពេលរដ្ឋាភិបាលចិនបិទជើងហោះហើរទាំងនេះដោយខ្លួនឯងកាលពីថ្ងៃទី២៣ ខែមករា។ តើ ហ្វីល រូបឺតសុន ជាអ្នកណាពិតប្រាកដ? តើមូលហេតុអ្វី ដែលគាត់ ថ្លែងវាយប្រហារមកលើរដ្ឋាភិបាលកម្ពុជាក្នុងពេលនេះ? តើអ្វីទៅជាជំងឺរលាកផ្លូវដង្ហើមថ្មី? តើកម្ពុជាជាប្រទេសតែមួយគត់ដែលទទួលរងនូវការប៉ះពាល់នៃជំងឺឆ្លងនេះឬ?

ជាការពិត មេរោគ ឈ្មោះថា កូរ៉ូណា ដែលបានផ្ទុះឡើងនៅទីក្រុងវូហាន់ប្រទេសចិនថ្មីៗនេះ គឺជាប្រភេទជំងឺឆ្លងធម្មតាដែលឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈផ្លូវដង្ហើមដែលមានអការៈស្រដៀងគ្នានឹងជំងឺគ្រុនផ្តាសាយទូទៅដែរ។ ឧទាហរណ៍ ពិភពលោកយើងនេះ កន្លងមក ក៏តែងធ្លាប់បានកើតមានជំងឺ អេបូឡា ជំងឺប៉េស ជំងឺសារ (SARS) ជំងឺផ្លូវដង្ហើមមជ្ឈឹមបូព៌ា ជំងឺផ្តាសាយជ្រូក និងបក្សី(Fluenza) ផងដែរ។ ហើយទីបំផុតជំងឺទាំងនោះ ក៏ត្រូវបានពិភពលោកចាត់វិធានការទប់ស្កាត់បានយ៉ាងជោគជ័យបំផុតដើម្បីការពារអាយុជីវិតមនុស្ស។

តើរឿងទាំងនេះ គួរត្រូវបានចាត់ទុកជារឿងចម្លែកដែរឬទេ? តើមានប្រជាជនកម្ពុជាណាម្នាក់បានឆ្លងជំងឺកូរ៉ូណានេះឬទេ? ជាការពិតមានតែជនជាតិចិនម្នាក់គត់ដែលកម្ពុជាបានរកឃើញថា បានឆ្លងជំងឺនេះ ហើយរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាល បានតាមដាននិងយកចិត្តទុកដាក់បំផុត ដោយបានចាត់វិធានការជាក់ស្តែងនៅនឹងកន្លែងដើម្បីធ្វើយ៉ាងណាឱ្យអ្នកជំងឺជនជាតិចិនម្នាក់នោះបានឋិតនៅទីតាំងមានសុវត្ថិភាពក្នុងការទប់ស្កាត់ និងទទួលការពិនិត្យព្យាបាលយ៉ាងយកចិត្តទុកដាក់បំផុត។ ហើយឥឡូវនេះ អ្នកជំងឺជនជាតិចិនរូបនេះបានជាសះស្បើយឡើងវិញហើយ ដែលបង្ហាញឱ្យឃើញនូវការអនុវត្តវិធានការទប់ស្កាត់ការឆ្លងរាលដាលបានយ៉ាងជោគជ័យបំផុតរបស់រដ្ឋាភិបាលកម្ពុជា។

តើកម្ពុជាចាំបាច់ត្រូវបិទជើងហោះហើរពីកម្ពុជា ទៅប្រទេសចិនឬទេ? នេះជារឿងមហាឆ្កួតលីលា ប្រកបដោយចេតនាទុច្ចរិតរបស់ ហ្វីល រ៉ូបឺតសុន ក្នុងការធ្វើវិទ្ធង្សនាសេដ្ឋកិច្ចដើម្បីធើ្វឱ្យរដ្ឋាភិបាលស្របច្បាប់កម្ពុជាដួលរលំ តាមរយៈការបញ្ឆេះកំហឹង បំភ្លៃ បំប៉ោងព័ត៌មាន ក្នុងការបំពុលសង្គមកម្ពុជា។ សម្រាប់អ្នកតាមដាននយោបាយនៅកម្ពុជា គឺគ្រប់គ្នាស្ទើរស្គាល់ច្បាស់ថា ហ្វីល រូបឺតសុន គឺជាអ្នកវិភាគប្រឆាំងនឹងរដ្ឋាភិបាលស្របច្បាប់កម្ពុជា ខ្នាតអន្តរជាតិនៅក្រៅប្រទេស ដែលធ្លាប់បានធ្វើអធិប្បាយវាយប្រហាររដ្ឋាភិបាលកម្ពុជាយ៉ាងអយុត្តិធម៌បំផុតក្នុងទិសដៅប៉ុនប៉ងផ្តួលរំលំរដ្ខាភិបាលកម្ពុជាម្តងហើយម្តងទៀត ស្របតាមទិសដៅចង់បានរបស់ក្រុមប្រឆាំងកម្ពុជាទាំងស្រុង តាមរយៈការវិភាគបំភ្លៃ បំប៉ោងព័ត៌មាន និងកែច្នៃសភាពការណ៍នៅកម្ពុជា មិនពិតធ្វើឱ្យហាក់បីដូចជាពិតដែលគេអាចនិយាយបានថាជាថៅកែផលិតព័ត៌មានក្លែងក្លាយដើម្បីបំពុលសង្គមកម្ពុជាសុទ្ធសាធ។

ក្រៅពីចេតនាទុច្ចរិតក្នុងវិទ្ធង្សនាសេដ្ឋកិច្ច ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ហ្វីល រ៉ូបឺតសុន ចង់ទាញកម្ពុជាឱ្យធ្លាក់ចូលក្នុងជម្លោះការទូតរវាងកម្ពុជា និង ចិនតាមរយៈការបិទជើងហោះហើរពីចិនមកកម្ពុជា ខណៈពេលដែលចិនបានបិទជើងហោះហើរពីវូហាន់ទៅក្រៅប្រទេសដោយខ្លួនឯងរួចហើយនោះ។ ហើយ រដ្ឋាភិបាលចិនក៏បានចាត់វិធានការទប់ស្កាត់ការឆ្លងជំងឺបែបនេះយ៉ាងទាន់ពេលវេលាផងដែរ។

ជារួម រដ្ឋាភិបាលកម្ពុជា បានចាត់វិធានការអនុវត្តទប់ស្កាត់យ៉ាងជោគជ័យលើករណីជនជាតិចិនម្នាក់ដែលបានឆ្លងជំងឺកូរ៉ូណានោះ ហើយរហូតមកដល់ពេលនេះ គ្មានប្រជាជនខ្មែរណាម្នាក់ត្រូវបានគេរកឃើញថាមានឆ្លងជំងឺបែបថ្មីនេះទេ។ ដូច្នេះ អ្វីដែលយើងខ្លាច គឺការកើតជំងឺភ័យខ្លាចហួសហេតុរបស់ក្រុមមនុស្សមួយចំនួន ដែលទទួលបានព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយ ដែលត្រូវបានក្រុមប្រឆាំងច្នៃឡើង ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលប៉ុណ្ណោះ។ ទីបំផុត លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានប្រកាសយ៉ាងច្បាស់ថា ត្រូវដំណើការជាធម្មតានូវគ្រប់ស្ថាប័នទាំងអស់ មិនអោយមានការបិទស្ថាប័នធ្វើការណាមួយដោយសារករណីជម្ងឺនេះនោះទេ។ ការផ្សព្វផ្សាយព័ត៌មានពិត សុច្ចរិត ទៀងត្រង់ ពិតជាបានរួមចំណែកការពារសន្តិភាព និងការអភិវឌ្ឍ៕

ដោយ៖ ឡុង បូរិតា