ខ្មែរប៉ុស្ដិ៍ Close

ចិនពេញចិត្តសហការជាមួយកម្ពុជា ក្នុងការចាប់ជនជាតិខ្លួន ដែលប្រព្រឹត្តបទល្មើសលើទឹកដីខ្មែរ​ ហើយបញ្ជូនត្រឡប់ទៅវិញ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមេសា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 56
ចិនពេញចិត្តសហការជាមួយកម្ពុជា ក្នុងការចាប់ជនជាតិខ្លួន ដែលប្រព្រឹត្តបទល្មើសលើទឹកដីខ្មែរ​ ហើយបញ្ជូនត្រឡប់ទៅវិញ ចិនពេញចិត្តសហការជាមួយកម្ពុជា ក្នុងការចាប់ជនជាតិខ្លួន ដែលប្រព្រឹត្តបទល្មើសលើទឹកដីខ្មែរ​ ហើយបញ្ជូនត្រឡប់ទៅវិញ

នៅចំពោះមុខ​នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨នេះ អគ្គនាយកកិច្ចសហប្រតិបត្តិការអន្ដរជាតិ នៃក្រសួងសន្ដិសុខសាធារណៈចិន លោក LIAO JINRONG ​​បានសម្ដែងនូវការអរគុណ ដល់កងកម្លាំងនគរបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែងបង្ក្រាបជនជាតិចិន ដែល​ប្រព្រឹត្តិបទល្មើសនៅកម្ពុជា ​ហើយបញ្ជូនត្រឡប់ទៅប្រទេសចិនវិញ។

លោក LIAO JINRONG ក៏បានប្រកាសជំហរថា ខ្លួនបានត្រៀមសហការជានិច្ចជាមួយកម្លាំងអនុវត្តច្បាប់របស់កម្ពុជា ដើម្បីចាប់រាល់ជនជាតិចិនទាំងអស់ ដែលប្រព្រឹត្តបទល្មើសនៅប្រទេសកម្ពុជា ហើយបញ្ជូនត្រឡប់ទៅប្រទេសដើមវិញ។ នេះបើតាមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់ជំនួបពិភាក្សាការងារ និងសម្ដែងគួរសមរបស់លោក LIAO JINRONG ជាមួយនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន នាព្រឹក​មិញនេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានគូសបញ្ជាក់ថា​ «គាត់ចូលជួបសម្ដែងការគួរសម ជាមួយឯកឧត្តមអគ្គស្នងការ ហើយគាត់រំលឹកឡើងវិញខ្លះ ពីកិច្ចសហប្រតិបត្តិការល្អ ដែលអគ្គស្នងការតែងតែជួយ ក្រសួងសន្ដិសុខសាធារណៈចិន ក្នុងការបង្ក្រាបបទល្មើស ពិសេសជនជាតិចិននៅកម្ពុជា។ លោកបន្តថា ចិននឹងបន្ដខិតខំប្រឹងប្រែងសហការជាមួយកងកម្លាំងអនុវត្តច្បាប់របស់កម្ពុជាបន្ដទៀត ដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ប្រទេសទាំង២»។

អគ្គនាយកកិច្ចសហប្រតិបត្តិការអន្ដរជាតិ នៃក្រសួងសន្ដិសុខសាធារណៈចិន ក៏បានបញ្ជាក់ថា សម្រាប់អ្នកវិនិយោគចិន ដែលកំពុងតែមករកស៊ីនៅប្រទេសកម្ពុជា ដាច់ខាតត្រូវតែគោរពច្បាប់ និងទំនៀមទម្លាប់ ប្រពៃណីរបស់កម្ពុជា ហើយប្រសិនមានជនជាតិចិនណាធ្វើខុសច្បាប់ ​លោកជំរុញឲ្យបង្ក្រាបដោយមិនឲ្យមានការយោគយល់នោះទេ។

ជាការឆ្លើយតប នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានលើកឡើងថា កម្ពុជាជាពិសេសអគ្គស្នងការដ្ឋាននគរបាលជាតិ នៅតែបន្ដ​​ស្មារតីសហការល្អ ជាមួយក្រសួងសន្ដិសុខសាធារណៈចិន ដើម្បីរួមគ្នាការពារផលប្រយោជន៍នៃប្រទេសទាំង២​។

ដោយឡែកសម្រាប់បញ្ហាជនជាតិចិន នៅខេត្តព្រះសីហនុវិញ ត្រូវបាននាយឧត្តមសេនីយ៍ នេត សាវឿន ឲ្យដឹងថា អគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងតែរៀបចំផែនការវិធានការ ដើម្បីផ្ដោតទៅរក្សាសន្ដិសណ្ដាប់ធ្នាប់ ច្បាស់លាស់រឹងមាំ សុវត្ថិភាពនៅខេត្តសេដ្ឋកិច្ចមួយនេះផងដែរ ហើយកម្ពុជា​ប្ដេជ្ញាថា នឹងបន្ដបង្កើនការផ្លាស់ប្ដូរព័ត៌មានទៅវិញទៅមក ដើម្បីបង្រ្កាបបទល្មើសផងដែរ៕