ខ្មែរប៉ុស្ដិ៍ Close

១១ វិធី​ជួយ​អ្នក​​​រវល់​ដាច់​យប់​ បន្ត​ធ្វើការ​បាន​ធម្មតា

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមេសា ឆ្នាំ២០១៨ នគរគំនិត 72

ជាទូទៅ​មនុស្ស​ត្រូវការ​សម្រាក​គ្រប់គ្រាន់​មាន​រយៈពេល​ពី ៦ ទៅ ៩ ម៉ោង។ ពេល​ខ្លះ​ដោយសារ​កត្តា​ការងារ​ប្រញាប់​ប្រញាល់​ក្នុង​ការសម្រេច​ឲ្យ​ហើយ ឬ​ហេតុផល​ផ្ទាល់​ខ្លួន​ផ្សេងៗ អ្នក​ប្រហែល​ប្រើ​កាហ្វេ​ជំនួយ​បន្ថែម​កុំ​ឲ្យ​ឆាប់​ងងុយ​ច្រើន​កែវ ឈាន​ដល់​ជ្រុល​ម៉ោង​សម្រាក និយាយ​ឲ្យ​ស្រួល​ស្ដាប់​ គេង​មិន​បាន​គ្រប់​ម៉ោង​ ដែល​នឹង​ធ្វើ​ឲ្យ​សមត្ថភាព​បំពេញ​ការងារ​ចុះ​ខ្សោយ​ពេល​ព្រឹក​ឡើង​។

វិធី​​ណែនាំ​នេះ​ នឹង​ជួយ​យ៉ាង​ហោច​ណាស់ អាច​ឲ្យ​អ្នក​បំពេញ​ការងារ​បាន​​ប្រសើរ​មួយ​កម្រិត​៖

១) ជជែក​លេង​ជាមួយ​មិត្តភក្ដិ​រួម​ការងារ​

ការ​គេង​មិន​គ្រប់គ្រាន់​នឹង​ធ្វើ​ឲ្យ​អ្នក​បាត់បង់​សមត្ថភាព​ផ្ដោត​អារម្មណ៍ ឬ​យក​ចិត្ត​ទុក​ដាក់​លើ​ការងារ​។ ពេល​ដល់​កន្លែង​ការងារ គួរ​ជជែក​កម្សាន្ត​ជាមួយ​មិត្ត​រួម​ការងារ​ពី​នេះ​ពី​នោះ ដោយ​ផ្ដោត​លើ​ការ​ស្ដាប់ ឆ្លើយឆ្លង និង​មាន​កាយវិការ ដើម្បី​ជំរុញ​ឲ្យ​ខួរក្បាល​សកម្ម​។

២) ទទួល​ទាន​ទឹក​ត្រជាក់​ឲ្យ​បាន​ច្រើន​

គួរ​ទទួលទាន​ទឹក​ត្រជាក់​ឲ្យ​បាន​ច្រើន ជួយ​ដល់​រាងកាយ​ចាប់ផ្ដើម​ថ្ងៃ​​ថ្មី​។ វា​ជួយ​ដល់​កោសិកាសរីរាង្គ​ និង​ឈាន​ដល់​ជួយ​ដល់​រាងកាយ​ទាំង​មូល​។

៣) នៅ​ក្បែរ​ៗ​អ្នក​ទទួលទាន​កាហ្វេ​

អ្នក​មិន​ត្រូវការ​ទទួល​ទាន​កាហ្វេ​ច្រើន​នោះ​ទេ​។ ការ​សិក្សា​បង្ហាញ​ថា ត្រឹម​ស្រង់​ក្លិន​កាហ្វេ ក៏​អាច​​ជួយ​ជំរុញ​ដល់​ខួរក្បាល ធ្វើ​ឲ្យ​មាន​អារម្មណ៍​ធូរស្រាល សប្បាយ​។ មនុស្ស​សប្បាយ មាន​លទ្ធភាព​បំពេញ​ការងារ​លើស ១០% ទៅ ១២% ជាង​អ្នក​មិន​សូវ​សប្បាយ​ចិត្ត​។

៤) ទាញ​ប៊ិច​មក​សរសេរ​

គួរ​សរសេរ​ចេញ​មក​អ្វី​ក្នុង​ខួរក្បាល ដែល​ត្រូវការ​ធ្វើ​សម្រាប់​ថ្ងៃ​នេះ ហើយ​ធ្វើ​យ៉ាងម៉េច​ទើប​សម្រេច​បាន នេះ​នឹង​ជួយ​ជំរុញ​ទឹក​ចិត្ត​អ្នក​។

៥) ជ្រើសរើស​ប្រធានបទ​ផ្សេង​

ពេល​អ្នក​ហត់នឿយ ងាយស្រួល​នឹង​ធុញថប់​ក្នុង​ការ​បំពេញ​ការងារ​ស្មុគស្មាញ​ណាស់​។ បើ​មិន​អាច​យក​ចិត្ត​ទុក​ដាក់​លើ​ការងារ​បាន​ទេ អ្នក​អាច​ស្វែងរក​ការងារ​សាមញ្ញ​ងាយ​ៗ​ផ្សេង​ទៀត មក​បំពេញ ជា​ការ​ផ្លាស់ប្ដូរ​ប្រធានបទ​ក្នុង​ការ​យក​ចិត្ត​ទុក​ដាក់​។ នេះ​នឹង​ជួយ​ជំរុញ​ទំនុក​ចិត្ត​ដល់​អ្នក ឈាន​ដល់​ការ​ត្រលប់​ទៅ​បំពេញ​ការងារ​ពិបាក​នោះ​វិញ​។

៧) ជ្រើសរើស​ចម្រៀង​ស្ដាប់​ឲ្យ​បាន​ត្រឹមត្រូវ​

បើ​អ្នក​ត្រូវការ​ផ្ដោត​អារម្មណ៍​លើ​ការ​អាន សរសេរ ឬ​ការងារ​ផ្សេងៗ តន្ត្រី​អាច​ជួយ​អ្នក​បាន​។ ការ​មាន​សំឡេង​រំខាន (តន្ត្រី) តិចៗ នៅ​ផ្ទៃ​ខាងក្រោយ អាច​ជួយ​ជំរុញ​ខួរក្បាល ឈាន​ដល់​ការ​បំពេញ​ការងារ​មាន​ប្រសិទ្ធភាព​។

៨) បំបែក​ការងារ​ទៅ​ជា​តូច​ៗ​

អ្នក​អាច​បំបែក​ការងារ​ជា​ចំណុច​តូច​ៗ រួច​ជ្រើសរើស​មក​បំពេញ​។ នេះ​នឹង​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ និង​មាន​គំនិត​វិជ្ជមាន​ក្នុង​ការ​បំពេញ​ការងារ​បន្ថែម​។ ចំណុច​តូច​ៗ​នេះ​ហើយ ដែល​នឹង​បន្ធូរបន្ថយ​អារម្មណ៍​អ្នក ពេល​អ្នក​គេង​មិន​បាន​គ្រប់គ្រាន់​។

៩) ទុក​ទូរសព្ទ​ទៅ​មួយ​ឡែក​

អ្នក​ប្រហែល​បាន​ពិនិត្យ​មើល​ទូរសព្ទ​ប្រមាណ ១៥០ ដង​ក្នុង​មួយ​ថ្ងៃ ហើយ ៦៧% ទាំងអស់​គ្នា​ប្រហែល​ធ្វើ​ដូចគ្នា ដោយ​មិន​ទាំង​មាន Notification អ្វី​បញ្ជូន​មក​។

ការ​សម្រេច​ការងារ​បាន​លទ្ធផល និង​ការ​គ្រប់គ្រង​ពេលវេលា ទាមទារ​បញ្ចៀស​ការ​រំខាន​។ ជាពិសេស ពេល​អ្នក​គេង​មិន​គ្រប់គ្រាន់ មិន​គួរ​ឲ្យ​មាន​ការ​រំខាន​ដោយ​ទូរសព្ទ​នោះ​ទេ។ ដូច្នេះ អ្នក​អាច​ដាក់​ទូរសព្ទ Silent ឬ​ទុក​មួយ​ឡែក​។ នេះ​នឹង​ជួយ​ឲ្យ​អ្នក​ផ្ដោត​អារម្មណ៍​លើ​ការងារ​។

១០) ឈរ

អ្នក​មាន​ការ​ហត់នឿយ ដោយ​សារ​ការ​គេង​មិន​បាន​គ្រប់គ្រាន់ ហើយ​រាងកាយ​នឹង​ព្យាយាម​សម្រាក ពេល​អ្នក​អង្គុយ​ស្រណុក​លើ​កៅអី​ទន់​ៗ។ អ្នក​គួរ​ប្រឆាំង ដោយ​អាច​លុប​មុខ ឈរ​ធ្វើការ (ប្រើ​តុ​ឈរ) ជា​រួម​កុំ​ឲ្យ​រាងកាយ​ស្រណុក​ពេក​។ នេះ​នឹង​ជួយ​អ្នក​បំពេញ​ការងារ​បាន​យូរ​អង្វែង​។

១១) បំពេញ​ការងារ​បែប​ច្នៃប្រឌិត​ជា​មុន​

អ្នក​គួរ​បំពេញ​ការងារ​មាន​លក្ខណៈ​ច្នៃ​ប្រឌិត​ជាមុន ព្រោះ​ការងារ​ប្រភេទ​នេះ​មាន​លក្ខណៈ​សប្បាយ ងាយស្រួល​ដាស់​ខួរក្បាល​ឲ្យ​ដំណើរការ​បាន​ធម្មតា។ ឬ​និយាយ​មួយ​បែប​ទៀត រក​ការងារ​ណា​មួយ អ្នក​ពេញ​ចិត្ត​ខ្លាំង​នឹង​ធ្វើ​ជា​មុន​។​

ត្បិត​អ្នក​ហត់នឿយ ដោយ​ការ​គេង​មិន​លក់ ជាមួយ​ហេតុផល​ផ្សេងៗ តែ​ម៉ោង​ការងារ គឺ​ការងារ ដែល​តម្រូវ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​បំពេញ លើ​ការងារ​បាន​ទទួល​។ បើ​អ្នក​មិន​អាច​ទប់ទល់​បាន ប្រហែល​អាច​ដាក់​ច្បាប់​សម្រាក​មួយ​ថ្ងៃ​៕

ប្រភព៖ Sabay