ខ្មែរប៉ុស្ដិ៍ Close

មុនឈានដល់ការបិទដំណើរការ VOD បានបង្កើតកំហុសច្រើនណាស់

ដោយ៖ សាន់ វីតា ​​ | ថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានទូទៅ 170
មុនឈានដល់ការបិទដំណើរការ VOD បានបង្កើតកំហុសច្រើនណាស់ មុនឈានដល់ការបិទដំណើរការ VOD បានបង្កើតកំហុសច្រើនណាស់

ពាក់ព័ន្ធនឹងការសម្រេចបិទដំណើរការរបស់វិទ្យុ VOD លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងឱ្យដឹងថា ការផ្សាយរបស់វិទ្យុ VOD កន្លងមក បានបង្កើតកំហុសច្រើនណាស់ ប៉ុន្តែលើកនេះធ្ងន់ធ្ងរពេកមិនអាចអត់ឱនឱ្យបានឡើយ។ រាជរដ្ឋាភិបាលរកឃើញថា វិទ្យុនេះ មានចេតនាអាក្រក់បំផុត ដើម្បីវាយប្រហារមកលើថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។ គួរបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើង ដូចនេះនៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្ស នៅមជ្ឈមណ្ឌលពិពណ៌ពាណិជ្ជកម្មជ្រោយចង្វារ (OCIC) រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសង្កត់ធ្ងន់ថា វិទ្យុ VOD គឺជាកន្លែងផលិតព័ត៌មានក្លែងក្លាយ ដូច្នេះកុំសង្ឃឹមថា វិទ្យុ នេះ អាចរស់ឡើងវិញឱ្យសោះ ។ លោកបានលើកឡើងជាសំណួរថា តើការចុះផ្សាយរបស់ VOD ថា លោក ហ៊ុន ម៉ាណែត ចុះហត្ថលេខា ជំនួស លោកនាយករដ្ឋមន្ត្រី នោះជាសិទ្ធិបញ្ចេញមតិ ឬជាព័ត៌មានក្លែងក្លាយ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តថា ការផ្សាយបែបនេះគឺជាការប្រមាថមកលើរាជរដ្ឋាភិបាល បង្កើតឱ្យមានការមិនជឿទុកចិត្តគ្នា និងជាការខុសជាមួយច្បាប់ថវិកាផងដែរ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា លោកក៏បានទុកពេលវេលាសមស្របដើម្បីឱ្យ វិទ្យុ VOD នេះ សូមទោស ប៉ុន្តែខ្លួនមិនបានអនុវត្តន៍ទៅតាមការផ្តល់ឱកាសនោះឡើយ។ លោកថា ការបិទ វិទ្យុ នេះ មិនបានធ្វើឱ្យសេរីភាពសារព័ត៌មាននៅកម្ពុជាស្លាប់នោះទេ ប៉ុន្តែនេះជាការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា៕

អត្ថបទទាក់ទង