មានសុខសន្តិភាព ទើបខ្មែរសែស្រឡាយចិន-វៀតណាម អាចប្រារព្ធពិធីបុណ្យចូលឆ្នាំបានដោយរីករាយ!
ជារៀងរាល់ឆ្នាំ ប្រជាជនខ្មែរដែលជាប់សែស្រឡាយចិនប្រារព្ធពិធីបុណ្យចូលឆ្នាំចិន ដោយមានការរៀបចំសម្អាត និងតុបតែងផ្ទះសម្បែង សែនព្រេនតាមជំនឿនិងទំនៀមទម្លាប់របស់ខ្លួន ទោះបីជាពិធីបុណ្យនេះមិនមែនជាពិធីបុណ្យជាតិក៏ដោយ។ នៅសប្តាហ៍នេះ ពលរដ្ឋខ្មែរដែលកាត់ចិន និងកាត់វៀត ណាមមួយចំនួនក្នុងប្រទេសកម្ពុជាបានរៀបចំប្រារព្ធពិធីបុណ្យចូលឆ្នាំរបស់ផងខ្លួនដែលមានរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃសៅរ៍នេះដោយមានការរៀបចំតុបតែងគេហដ្ឋាន និងការសែនព្រេនឱ្យដូនតាដែលបានចែកឋានទៅកាន់ទីសោយសុខ និងជាការដឹងគុណចំពោះដូនតាផងដែរ។
តាមទម្លាប់ និងប្រពៃណីរបស់ខ្លួន នៅមួយថ្ងៃមុនថ្ងៃចូលឆ្នាំចិន គឺជាថ្ងៃសែនព្រេននានានៅតាមផ្ទះ ហាងអាជីវកម្មផ្សេងៗ និងការជួបជុំសាច់ញាតិរបស់ខ្លួន និងមានការដុតលុយក្រដាស រថយន្តក្រដាស ឬដុំមាសក្រដាសជាដើមដែលពួកគេជឿថាបានក្លាយជារឿងធម្មតាក្នុងអំឡុងពិធីបុណ្យចូលឆ្នាំចិន នៅក្នុងប្រទេសកម្ពុជា។ ការប្រារព្ធពិធីនេះទៅបាន ក៏ដោយសារតែប្រទេសជាតិមានសុខសន្តិភាពពេញលេញ ប្រជាពលរដ្ឋទាំងខ្មែរ និងប្រជាព លរដ្ឋខ្មែរដែលមានជាប់សែស្រឡាយចិន-វៀតណាម ដែលរស់នៅ និងរកស៊ីនៅកម្ពុជាមានជីវភាពកាន់តែធូរធារប្រសើរឡើងជាលំដាប់នាពេលបច្ចុប្បន្ន និងទៅអនាគតផងដែរ។
ម្យ៉ាងវិញទៀត រដ្ឋធម្មនុញ្ញកម្ពុជាបានផ្តល់សិទ្ធិជូនប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិពេញទីខាងជំនឿ ដែលអនុញ្ញាតឱ្យប្រជាជនគោរពប្រណិប័តន៍ទៅតាមជំនឿរៀងៗខ្លួន។ មាត្រា៤៣ នៃរដ្ឋធម្មនុញ្ញបានចែងថា៖ «សេរីភាពខាងជំនឿ និងការប្រតិបត្តិ ខាងសាសនាត្រូវបានរដ្ឋធានាក្នុងលក្ខខណ្ឌដែលមិនប៉ះពាល់ដល់ជំនឿ ឬសាសនាដទៃទៀត ដល់សណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈ។ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ»។ ដូច្នេះ មិនថាតែពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ទេគឺរាល់ពិធីបុណ្យទំនៀមទម្លាប់ប្រពៃណី និងពិធីសាសនាសំខាន់ៗនានារបស់បងប្អូនជនជាតិភាគតិច គឺមានសិទ្ធិសេរីភាពពេញលេញក្នុងការប្រណិប័តន៍ទៅតាមជំនឿ និងការជ្រើស រើសរបស់ខ្លួនដោយគ្មានការរើសអើង ហើយក៏ទទួលបាននូវការគាំទ្រ និងលើកទឹកចិត្តពីរាជរដ្ឋាភិបាលផងដែរ។
ផ្ទុយមកវិញ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ កុំថាឡើយសិទ្ធិសេរីភាពខាងជំនឿសាសនា សូម្បីតែសិទ្ធិក្នុងការរស់រានមានជីវិតក៏ត្រូវបានបនប្រល័យពូជសាសន៍ ប៉ុល ពត អៀងសារី ខៀវ សំផនបំបាត់ចោលទាំងស្រុងផងដែរ។ បើកុំតែបានវីរៈយុទ្ធជនស្នេហាជាតិហ៊ានពលីជីវិតមករំដោះប្រជាជនទាន់ពេលកុំអីប្រជាជនកម្ពុជាត្រូវបាត់ឈ្មោះនៅលើផែនទីពិភពលោកទៅហើយ។ គុណបំណាច់នេះគឺជាសច្ចៈធម៌ប្រវត្តិសាស្ត្រដែលប្រជាជនកម្ពុជាមិនអាចបំភ្លេចបានជាដាច់ខាត ហើយយើងទាំងអស់គ្នាត្រូវរួមសាមគ្គីគ្នាការពារ និងថែរក្សានូវសុខសន្តិភាពដែលរកបានដោយកម្រនេះឱ្យនៅស្ថិតស្ថេរគង់វង្សជារៀងរហូតសម្រាប់អនាគតកូនចៅយើងជំនាន់ក្រោយ។
ការប្រារព្ធពិធីបុណ្យចូលឆ្នាំចិន-វៀតណាម នៅក្នុងប្រទេសកម្ពុជានេះមិនបានធ្វើឱ្យប៉ះពាល់ដល់ប្រពៃណី ទំនៀមទំលាប់ និងវប្បធម៌របស់កម្ពុជាឡើយ ទោះបីជាប្រជាជនខ្មែរនៅកម្ពុជាប្រារព្ធពិធីបុណ្យចូលឆ្នាំចិន-វៀតណាមនេះច្រើនជាងមុនក៏ដោយ។ ផ្ទុយទៅវិញ ការប្រារព្ធពិធីបុណ្យចូលឆ្នាំចិន-វៀតណាមនេះ គឺជាការឆ្លុះបញ្ចាំងពីទំនាក់ទំនងល្អរវាងប្រជាជន និងប្រជាជន និងទំនាក់ទំនងល្អរវាងប្រទេសនិងប្រទេសក្នុងការបង្កើននូវការជឿទុកចិត្តគ្នាទៅវិញទៅមក និងការគោរពគ្នាទៅវិញទៅមក ជាពិសេសលើគ្រប់វិស័យរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយប្រទេសចិន-វៀតណាម ដើម្បីសម្រេចឱ្យបាននូវវឌ្ឍនភាពល្អទាំងវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ និងការទូត ផងដែរ។
ខណៈដែលប្រជាជនខ្មែរ ទាំងខ្មែរកាត់ចិន និងវៀតណាមដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា បានប្រារព្ធពិធីបុណ្យចូលឆ្នាំចិន ប្រជាជនខ្មែរមួយចំនួនអាចរកបានកម្រៃបន្ថែមច្រើនជាងថ្ងៃធម្មតាដោយសារការលក់សម្ភារៈសម្រាប់តុបតែងបែបចិន ដូចជាដើមផ្កាអង្គារសីល ផ្កាស្បៃរឿង ឬដើមក្រូច និងគ្រឿងម្ហូបអាហារ ផ្សេងៗ ជា ដើមផងដែរ។ សម្រាប់ឆ្នាំ២០២០នេះ ថ្ងៃបុណ្យចូលឆ្នាំចិន-វៀតណាម
គឺត្រូវនឹងថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមករា មានថ្ងៃសែនចូលឆ្នាំចិននៅថ្ងៃទី២៤ ខែមករា។
ជាការសន្និដ្ឋានដោយសុទិដ្ឋិនិយម ការអបអរសាទរពិធីបុណ្យចូលឆ្នាំចិន-វៀតណាម គឺវាមិនបានធ្វើឲ្យប៉ះពាល់ បាត់បង់ ឬល្អក់កករដល់វប្បធម៌ ទំនៀមទម្លាប់ ឬប្រពៃណីរបស់កម្ពុជានោះទេ ពីព្រោះថា ពិធីបុណ្យចូលឆ្នាំចិន-វៀតណាមនេះ ត្រូវបានគេប្រារព្ធធ្វើទាំងនៅក្នុងប្រទេសចិន និងតាមបណ្តាប្រទេសដែលមានប្រជាជនចិនរស់នៅ មានដូចជានៅចិនដីគោក តៃវ៉ាន់ ហុងកុង ម៉ាកាវ សឹង្ហបុរី ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ វៀតណាម ម៉ូរីស អូស្ត្រាលី ហ្វីលីពីន អាមេរិក។ល។ និងរួមទាំងប្រទេសកម្ពុជាយើងផងដែរ។ សូមអរគុណ សន្តិភាព! មានសុខសន្តិភាព ទើបខ្មែរសែស្រឡាយចិន-វៀតណាមអាចប្រារព្ធពិធីបុណ្យចូលឆ្នាំបានដោយរីករាយ!
ដោយ៖ និស្សិតច្បាប់ឆ្នាំទី៤ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច