ខ្មែរប៉ុស្ដិ៍ Close

បទវិភាគ៖ តើប្រទេសតូច អាចទប់ទល់នឹងប្រទេសធំបានរបៀបណា?

ដោយ៖លី វិទ្យា | ថ្ងៃសុក្រ ទី១៥ ខែសីហា ឆ្នាំ២០២៥ ទស្សនៈ - នយោបាយ 947
បទវិភាគ៖ តើប្រទេសតូច អាចទប់ទល់នឹងប្រទេសធំបានរបៀបណា? បទវិភាគ៖ តើប្រទេសតូច អាចទប់ទល់នឹងប្រទេសធំបានរបៀបណា?

បើធំហើយខ្លាំង សុទ្ធតែអាចឈ្នះតូច មិនមែនអាមេរិកត្រូវបង្ខំចិត្តដកទ័ពចេញពីយួន និងអ៊ីរ៉ាក់ បារាំងចាញ់យួន និងអាល់ហ្សេរី រុស្ស៊ី លង់ខ្លួនដោយសារអាហ្កានីស្ថាន និងហ្វាំងឡង់…។

១. តាក់តិចសង្គ្រាម៖ ក្នុងលក្ខខណ្ឌគម្លាតសេដ្ឋកិច្ច និងយោធាធំខ្លាំង ប្រទេសតូចនឹងប្រើសង្គ្រាមឈ្លប (Guerrilla Warfare) មានន័យថា ពេលថ្ងៃបន្លំខ្លួនធ្វើរាស្រ្ត ពេលយប់ ឬពេលសត្រូវដាច់ហ្វូង ទើបវាយប្រហារ (Hit and Run)។ វ៉ៃរត់ៗ គេចូល យើងថយ គេដេក យើងចាក់ក បំផ្លាញឃ្លាំង ស្បៀង អាវុធ…។ នេះជាសង្គ្រាមដែលសត្រូវធំពិបាកយកឈ្នះបំផុត ហើយប្រទេសតូចអាចជោគជ័យបាន ព្រោះកងទ័ពប្រទេសតូចនោះទទួលបានការចូលរួមគាំទ្រ និងទំនុកបម្រុងពីប្រជាជនរបស់ខ្លួន។ តែគម្លាតសេដ្ឋកិច្ច និងយោធារវាងសៀម និងខ្មែរ មិនធំធេងដូចរវាងមហាអំណាច និងប្រទេសលោកទី៣ទេ។ សេដ្ឋកិច្ចសៀមធំជាងយើងត្រឹម១៣ដង ចំណាយយោធាធំជាងត្រឹម៤ដង។ ហេតុនេះ សង្គ្រាមនឹងមិនអាចបន្តយូរ ឬធ្វើក្នុងទ្រង់ទ្រាយធំទេ ព្រោះនឹងអស់គ្រាប់បាញ់រៀងខ្លួន។

២. លក្ខខណ្ឌចិត្តសាស្រ្ត៖ តើអ្នកដែលត្រូវមេល្ងីល្ងើបញ្ជាឲ្យប្តូរជីវិតទៅប្លន់យករបស់គេ (ដែលចុងក្រោយដីហ្នឹងមិនបានមកខ្លួនឯងទៀត) និងអ្នកសុខៗត្រូវគេប្លន់ដី ផ្ទះ កេរអាករម៉ែឪស្រស់ៗរបៀបនេះ តើមួយណានឹងប្តូរស្លាប់? មួយណាងាយនឹងរត់ចោលជួរជាង? ទាហានរបស់យើង ផ្ទះរបស់គាត់ ដីរបស់គាត់ បងប្អូនកូនចៅរបស់គាត់ នៅកន្លែងហ្នឹង។ គិតថាគាត់នឹងឲ្យពួកទមិឡអស់ហ្នឹងមកប្លន់បានស្រួលៗ?

៣. ផលតបស្នងនៃសង្គ្រាម៖ គ្មានប្រជាជនប្រទេសអ្នកមានណាចង់ធ្វើសង្គ្រាមដែលធ្វើឲ្យស្លាប់កូនចៅសាច់ញាតិគេទេ។ អាមេរិកធ្វើសង្គ្រាមបានច្រើនព្រោះគេឲ្យផលប្រយោជន៍ និងមុខមាត់ខ្លាំងណាស់ដល់កងទ័ព ហើយបច្ចេកវិទ្យា និងចារកម្មគេ ក៏ធ្វើឲ្យទ័ពដែលត្រូវពលីមានចំនួនតិចជាងការខាតបង់របស់សត្រូវរាប់សិបដង (សង្គ្រាមវៀតណាម ស្លាប់៦ម៉ឺន ទល់នឹងជាង១លាន)។ តែសៀម និងខ្មែរ ប្រដំប្រសងគ្នាទេ។ ដំបូងប្រជាជនពួកហ្នឹងអាចគាំទ្រសង្គ្រាម ព្រោះស្រម័យចង់បានព្រះវិហារ និងខេត្តជាប់ហ្នឹង តែបើវ៉ៃទៀត ស្លាប់ច្រើនទៀត ពួកហ្នឹងដដែលនឹងចេញតវ៉ាប្រឆាំងសង្គ្រាម ព្រោះបងប្អូនកូនក្មួយឯងចាប់ផ្តើមស្រក់ឈាមដោយគ្មានខ្លឹមសារ។

៤. អំណាចកណ្តាល និងនិមិត្តរូបនៃជាតិ៖ ពួកហ្នឹងរកមេកើយមិនឃើញទេ ហើយកំពុងប្រជែងអំណាចផ្ទៃក្នុងរវាងប៉ូលអំណាចយ៉ាងតិច៣។ ស្តេចទៀតសោត ក៏ជាមុខសញ្ញានៃការមិនពេញចិត្តពីប្រជាជនកាន់តែច្រើនឡើង។ ថ្នាក់ដឹកនាំយើងវិញមានអំណាចណែន និងទទួលបានទំនុកចិត្តពីប្រជាជនកាន់តែច្រើន ទាំងចាស់ជំនាន់មុន និងក្មេងជំនាន់ក្រោយ និងទាំងពីប្រជាជនក្រៅប្រទេសដែលធ្លាប់តែប្រឆាំងទៀត។ ហេតុនេះ គេងាយនឹងប្រេះឆាជាងយើង។

៥. ផលវិបាកសេដ្ឋកិច្ច៖ ភ្លាមៗបាត់កម្លាំងការងារជិត១លាននាក់ តើផលិតកម្មនឹងត្រូវខកពេលយូរប៉ុណ្ណា ខាតលុយប៉ុណ្ណា និងរដាក់រដុបប៉ុណ្ណា? បើប្រៀបធៀបរវាងថៅកែ និងអ្នកធ្វើការ សួរថាអ្នកណាខាតបង់ជាង? អ្នកធ្វើការបាត់ការងារ បាត់ចំណូល តែថៅកែខាតប្រាក់ចំណេញលើសហ្នឹង១០ដង។ បើបុគ្គលិកម្នាក់ប្រាក់ខែ១ពាន់ មិនមែនថៅកែចំណេញ១ពាន់ដែរទេ។ ជាមធ្យម បុគ្គលិកម្នាក់អាចរកប្រាក់ចំណេញឲ្យថៅកែបាន ៣ទៅ៤ដងនៃប្រាក់ខែរបស់គេ (Employee Profit Contribution) ។ ឥឡូវ កំពុងវក់វីរកពលកម្មពីឡាវ ភូមា និងបង់ក្លាដេសដើម្បីជំនួសយើង។ តែធម្មតាទេ រើសបុគ្គលិក៤ ១០នាក់ ត្រឹមកម្រិតក្រុមហ៊ុនក៏ត្រូវការចំណាយលុយថ្លៃរើស (recruitment fee) ពេលវេលារើសទម្រាំបានត្រូវ និងចំណាយលើការហ្វឹកហ្វឺនការងារ (Training Fee)។ ភ្លាមៗបាត់បុគ្គលិកជិត១លាននាក់ អាចនឹងលៀនភ្នែកដែរ។ ប្រជាជនយើង ត្បឹតតែលំបាក តែយើងធ្លាប់លំបាកជាងនេះរាប់សិបដងហើយ ហេតុនេះភាពធុនខាំស្មៅរបស់យើង ក៏គ្រាន់បើដែរ។

៦. ខាតចំណូល៖ យើងជាអតិថិជនល្អតាំងពីដើមមក តែអ្នកលក់នេះអាក្រក់ជួជាតិ មើលងាយជាន់ឈ្លីអ្នកទិញ ហើយយកលុយដែលបានពីការលក់ឲ្យយើងហ្នឹងមកសម្លាប់ទាហាន និងប្រជាជនយើង ដណ្តើមកេរដូនតាយើង។ វាលក់ឲ្យយើងសរុបបានលុយជាង៦ពាន់លាន តែយើងលក់ឲ្យវាវិញបានលុយជាង១ពាន់លានប៉ុណ្ណោះ។ ក្រៅពីយើងអ្នកទិញ វានឹងពិបាករកទីផ្សារផ្សេងបន្តិចព្រោះកន្លងមក យើងឲ្យតម្លៃវាណាស់ តែប្រទេសផ្សេងមិនដូចគ្នាទេ។ តម្លៃនៃការជ្រៀតចូលទីផ្សារថ្មីមួយគឺត្រូវអស់រាប់រយលាន (Cost of Market Penetration) និងពេលវេលាយ៉ាងយូរ។ សុខៗមកបាត់ទីផ្សារស្រួលៗ១ អ្នកខាតធំគឺសហគ្រាសដែលធ្លាប់នាំចូលមកយើងរាប់សិបឆ្នាំហើយ។ អ្នកណាខាតជាង? ពេលឈប់ប្រើរបស់វា យើងនឹងប្រើរបស់ប្រទេសផ្សេងខ្លះ និងប្រឹងធ្វើខ្លួនឯងខ្លះ។

សរុបទៅ យើងអ្នកទិញ មានលុយចាយ គួរចាយលុយឲ្យថ្លៃថ្នូរបន្តិច ហើយក៏គួរគិតដល់សុវត្ថិភាពខ្លួនឯងដែរ។ ស្រួលមិនស្រួល វាដាក់ជាតិគីមីឲ្យយើងស៊ីចូលពោះកើតមហារីកទៀត។ អ្នកណាដឹង បើចរិតវាអាក្រក់ហួសថ្លែងរបៀបនេះ?

អត្ថបទទាក់ទង