ខ្មែរប៉ុស្ដិ៍ Close

លោក ដូណាល់ ត្រាំ អាចនឹងកំពុងសិក្សាលើជម្រើសចំនួន៦ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីរ៉ង់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៨ ខែមករា ឆ្នាំ២០២០ ព័ត៌មានទូទៅ 33
លោក ដូណាល់ ត្រាំ អាចនឹងកំពុងសិក្សាលើជម្រើសចំនួន៦ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីរ៉ង់ លោក ដូណាល់ ត្រាំ អាចនឹងកំពុងសិក្សាលើជម្រើសចំនួន៦ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីរ៉ង់

ភ្លាមៗបន្ទាប់ពីអ៊ីរ៉ង់បានបើកការវាយប្រហារសងសឹកទៅលើមូលដ្ឋានទ័ពសហរដ្ឋអាមេរិកនៅប្រទេសអ៊ីរ៉ាក់ លោក ដូណាល់ ត្រាំ បានបង្ហោះសារថានឹងចេញសេចក្ដីថ្លែងការណ៍នាព្រឹកថ្ងៃពុធ ម៉ោងនៅសហរដ្ឋអាមេរិក។

សារព័ត៌មាន ABC របស់អូស្រ្តាលីបានទស្សន៍ទាយជម្រើសសម្រាប់លោកដូណាល់ត្រាំក្នុងការឆ្លើយតបទៅនឹងការវាយប្រហារនេះចំនួន៦ដូចខាងក្រោម៖

១. មិនធ្វើការឆ្លើយតបអ្វីទាំងអស់

លោក ដូណាល់ ត្រាំ ធ្លាប់បានបង្ហោះសារទ្វីតទ័រព្រមានម្ដងរួចមកហើយថា សហរដ្ឋអាមេរិកនឹងធ្វើការឆ្លើយតបភ្លាមៗ និងខ្លាំងក្លាជាទីបំផុត ប្រសិនបើមានការសងសឹកណាមួយពីសំណាក់អ៊ីរ៉ង់។ មិនតែប៉ុណ្ណោះ លោករដ្ឋមន្ត្រីការពារជាតិអាមេរិក Mark Esper ក៏បានបញ្ជាក់ផងដែរថា អាមេរិកមិនមានបំណងបង្កជម្លោះណាមួយឡើយ ប៉ុន្តែនឹងឆ្លើយតបវិញប្រសិនបើមានការវាយប្រហារណាមួយកើតឡើង។

ប៉ុន្តែ លោក Javet Zarif រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានបង្ហោះសារទ្វីតទ័របន្ទាប់ពីអ៊ីរ៉ង់ធ្វើការវាយប្រហារលើមូលដ្ឋានទ័ពអាមេរិកនៅអ៊ីរ៉ាក់ថា អ៊ីរ៉ង់ធ្វើនេះគឺគ្រាន់តែដើម្បីការពារខ្លួនប៉ុណ្ណោះ ហើយថា វាស្របទៅនឹងមាត្រាទី៥១នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ក្នុងការវាយប្រហារតបតទៅនឹងមូលដ្ឋានយោធាណាដែលបានគម្រាមកំហែង ឬធ្វើការវាយប្រហារមកលើពលរដ្ឋរបស់ខ្លួន។

«យើងធ្វើនេះមិនមែនដើម្បីសងសឹកនោះទេ តែជាការការពារខ្លួនតែប៉ុណ្ណោះ»

ដូចនេះត្រាំអាចនឹងជ្រើសយកជម្រើសមួយនេះដើម្បីបញ្ចប់ភាពតានតឹងទាំងជាមួយអ៊ីរ៉ង់ ក៏ដូចជានៅទូទាំងតំបន់មជ្ឈឹមបូព៌ា។

២. ដកទ័ពចេញពីមជ្ឈឹមបូព៌ា

លោក ដូណាល់ ត្រាំ ធ្លាប់បានធ្វើការសន្យាហើយកាលពីពេលដែលលោកស្បថចូលកាន់ដំណែងជាប្រធានាធិបតី ថានឹងដកកងទ័ពទាំងអស់ចេញពីតំបន់មជ្ឈឹមបូព៌ា និងថានឹងបញ្ចប់នូវសង្គ្រាមដែលនឹងមិនបញ្ចប់នេះ។

នេះអាចជាឱកាសមួយសម្រាប់លោកត្រាំដើម្បីដកទ័ពទាំងអស់ចេញពីមជ្ឈឹមបូព៌ា។

៣. បន្ថែមការដាក់ទណ្ឌកម្មសេដ្ឋកិច្ច

អ៊ីរ៉ង់ធ្លាប់ត្រូវបានអាមេរិកដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរក្នុងរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ រួចទៅហើយ ក្នុងការទប់ស្កាត់មិនអោយអ៊ីរ៉ង់ផលិតអាវុធនុយក្លេអ៊ែ, ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើក្រុមហ៊ុននានាដែលរកស៊ីជាមួយអ៊ីរ៉ង់, ការដាក់ទណ្ឌកម្មទៅលើស្ថាប័នហិរញ្ញវត្ថុរបស់អ៊ីរ៉ង់ ហើយថែមទាំងហាមមិនអោយមានការលក់បច្ចេកវិទ្យាហោះហើរអោយទៅអ៊ីរ៉ង់ទៀតផង។

សួរថាតើទាំងនេះបានបញ្ឈប់អ៊ីរ៉ង់ពីការវាយប្រហារមកលើផលប្រយោជន៍របស់សហរដ្ឋអាមេរិកឬទេ? ចម្លើយគឺទេ។

ហើយថាតើគួរមានទណ្ឌកម្មសេដ្ឋកិច្ចបែបណាទៀតទៅដើម្បីបញ្ឈប់អ៊ីរ៉ង់បាន? ចម្លើយប្រហែលជាគ្មាន ឬមានតិចតួចបំផុត។

៤. បន្តធ្វើឃាតមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់

ការសម្លាប់មេទ័ពកំពូលរបស់អ៊ីរ៉ង់ លោក កាសេម សូឡីម៉ានី បានធ្វើអោយប្រជាជាតិអ៊ីរ៉ង់ទាំងមូលផ្ទុះកំហឹងនឹងសហរដ្ឋអាមេរិក និងបានទាមទារអោយមានការសងសឹកវិញជាអតិបរមា។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី សហរដ្ឋអាមេរិកនៅតែមានលទ្ធភាពក្នុងការបន្តធ្វើឃាតមន្ត្រីគ្រាក់ៗរបស់អ៊ីរ៉ង់បានតទៅទៀត ប្រសិនបើមានបញ្ជាពីលោក ដូណាល់ ត្រាំ។

៥. កម្ទេចមូលដ្ឋានយោធា ឬក៏បំផ្លាញហេដ្ឋារចនាសម្ព័ន្ធអ៊ីរ៉ង់

នេះប្រហែលជាជម្រើសដ៏សមស្របបំផុតសម្រាប់លោកត្រាំក្នុងការពិចារណាជ្រើសយក។ សហរដ្ឋអាមេរិកប្រហែលជាជ្រើសយកជម្រើសនេះ ដោយវាយបកវិញទៅលើមូលដ្ឋានទ័ពអ៊ីរ៉ង់នៅអ៊ីរ៉ាក់ និងនៅស៊ីរី ដែលខ្លួនគិតថាជាបណ្ដាញរបស់អ៊ីរ៉ង់។

ប៉ុន្តែអាមេរិកអាចនឹងមិនវាយប្រហារលើទីតាំងប្រេងសំខាន់ៗរបស់អ៊ីរ៉ង់នោះឡើយ ព្រោះថាវាអាចនឹងធ្វើអោយប្រេងនៅលើពិភពលោកឡើងថ្លៃ ហើយវាក៏អាចនឹងប៉ះពាល់ដល់ប្រទេសមហាអំណាចផ្សេងទៀតដែលកំំពុងពឹងពាក់លើប្រេងរបស់អ៊ីរ៉ង់ផងដែរ។

ប៉ុន្តែការវាយប្រហារដែលសក្ដិសមជាងគេបំផុតនោះ គឺការវាយប្រហារលើប្រព័ន្ធអគ្គិសនីអ៊ីរ៉ង់ និងប្រព័ន្ធអ៊ីនធឺណិតនៅទូទាំងប្រទេសអ៊ីរ៉ង់ជាដើម។

៦. វាយប្រហារលើតំបន់វប្បធម៌ប្រវត្តិសាស្ត្រ ឬជនស៊ីវិលអ៊ីរ៉ង់

លោកត្រាំធ្លាប់បានលើកឡើងថា លោកនឹងមិនខ្លាចការវាយប្រហារទៅលើតំបន់វប្បធម៌ប្រវត្តិសាស្ត្ររបស់អ៊ីរ៉ង់នោះឡើយប្រសិនបើអ៊ីរ៉ង់ហ៊ានធ្វើការសងសឹក។

ប៉ុន្តែបន្ទាប់ពីមានការលើកឡើងរបស់អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គូន និងការរិះគន់នានាជុំវិញបញ្ហានេះ លោកត្រាំថាលោកនឹងមិនវាយប្រហារលើតំបន់វប្បធម៌ប្រវត្តិសាស្ត្រទាំងនោះ នោះទេ ហើយថាលោកចូលចិត្តគោរពច្បាប់អន្តរជាតិ។

តើលោក ដូណាល់ ត្រាំ នឹងជ្រើសយកជម្រើសមួយណា ហើយថាតើការផ្ទុះអាវុធទ្រង់ទ្រាយធំអាចនឹងកើតមានរវាងអាមេរិក និងអ៊ីរ៉ង់ឬទេ? សូមរង់ចាំតាមដានជាមួយខ្មែរប៉ុស្តិ៍។