ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ រាជរដ្ឋាភិបាលការពារដាច់ខាតឯករាជ្យ អធិបតេយ្យភាពជាតិ ទោះស្ថិតក្នុងកាលៈទេសៈ និងស្ថានភាពបែបណាក្តី

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៧ ខែមករា ឆ្នាំ២០២០ ព័ត៌មានទូទៅ 24
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ រាជរដ្ឋាភិបាលការពារដាច់ខាតឯករាជ្យ អធិបតេយ្យភាពជាតិ ទោះស្ថិតក្នុងកាលៈទេសៈ និងស្ថានភាពបែបណាក្តី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ រាជរដ្ឋាភិបាលការពារដាច់ខាតឯករាជ្យ អធិបតេយ្យភាពជាតិ ទោះស្ថិតក្នុងកាលៈទេសៈ និងស្ថានភាពបែបណាក្តី

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍បញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជាការពារដាច់ខាតនូវឯករាជ្យ អធិបតេយ្យជាតិ ទោះស្ថិតក្នុងកាលៈទេសៈ និងស្ថានភាពណាក្តី ហើយការប៉ុនប៉ងណា ដែលធ្វើឲ្យកម្ពុជាឃ្លាតចេញពីមាគ៌ាប្រជាធិបតេយ្យ និងនីតិរដ្ឋ ដោយដាក់បង្ខំឲ្យកម្ពុជា មិនអាចអនុវត្តសូម្បីតែច្បាប់ជាតិរបស់ខ្លួននោះ គឺពុំអាចទទួលយកបានឡើយ។

ថ្លែងក្នុងឱកាសប្រារព្ធមីទ្ទីញរំលឹកខួបលើកទី៤១ឆ្នាំ នៃទិវាជ័យជម្នះ៧មករា (៧-១-១៩៧៩-៧-១-២០២០) នៅកោះពេជ្រ រាជធានីភ្នំពេញ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ទៀតថា ការពិតជាក់ស្ដែងបានបង្ហាញហើយថា លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋកម្ពុជាកំពុងត្រូវបានគោរព ថែរក្សា និងលើកកម្ពស់ឥតឈប់នៅក្នុងផលប្រយោជន៍របស់ជាតិ និងប្រជាជនកម្ពុជា។ ដូច្នេះពុំមានមូលហេតុត្រឹមត្រូវណាមួយ ដែលមជ្ឈដ្ឋានខាងក្រៅខ្លះបានលើកឡើងដដែលៗ អំពីការស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជានោះទេ។

លោកនាយករដ្ឋមន្ត្រី មានសុទិដ្ឋិនិយមថា មជ្ឈដ្ឋានទាំងនោះនឹងពិចារណាឲ្យបានត្រឹមត្រូវចំពោះការវិវត្តន៍ប្រកបដោយភាពវិជ្ជមាននៅកម្ពុជា ហើយគោរពចំពោះសិទ្ធិនៃការជ្រើសរើសរបស់ប្រជាជនកម្ពុជានូវមាគ៌ាសម្រាប់ការអភិវឌ្ឍរបស់ខ្លួន ដែលស្របទៅនឹងប្រវត្តិសាស្ត្រ ស្ថានភាពសង្គម វប្បធម៌ និងរដ្ឋធម្មនុញ្ញរបស់ខ្លួន។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្តែងក្តីសង្ឃឹមថា ទំនាក់ទំនងរវាងកម្ពុជា ជាមួយនឹងប្រទេសខ្លះ ដែលធ្លាប់មានទស្សនៈមិនគ្រប់ជ្រុងជ្រោយចំពោះរាជរដ្ឋាភិបាលកម្ពុជានោះ នឹងត្រូវបានថែរក្សាពូនជ្រុំលើកស្ទួយឲ្យល្អប្រសើរឡើង ដែលនឹងមិនក្លាយជាចំណាប់ខ្មាំងនៃទំព័រដ៏ខ្មៅងងឹតខ្លះនៃប្រវត្តិសាស្ត្រឡើយ។

ក្នុងនាមជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលការគាំទ្រ និងជំនឿទុកចិត្តពីប្រជាពលរដ្ឋតាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្តេជ្ញាថានឹងបន្តប្រឹងប្រែងពេញទំហឹងក្នុងការដឹកនាំអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៦ នៃរដ្ឋសភានេះឲ្យបានសម្រេចជោគជ័យ ធ្វើឲ្យសង្គមជាតិកាន់តែរីកចម្រើនខ្លាំងក្លា ប្រជាជនកាន់តែមានជីវភាពធូរធារ យុត្តិធម៌ និងសមភាពសង្គមកាន់តែបានពង្រឹង ហើយកិត្តិយសកិត្យានុភាពជាតិកាន់តែបានលើកកម្ពស់ឡើង ឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងចក្ខុវិស័យឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់៕

អត្ថបទទាក់ទង