ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈមិត្ត​អ្នក​អាន៖ សហភាពអឺរ៉ុប ​​កុំមើលដើមឈើមួយដើម តែត្រូវមើលព្រៃទាំងមូល

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 39
ទស្សនៈមិត្ត​អ្នក​អាន៖ សហភាពអឺរ៉ុប ​​កុំមើលដើមឈើមួយដើម តែត្រូវមើលព្រៃទាំងមូល ទស្សនៈមិត្ត​អ្នក​អាន៖ សហភាពអឺរ៉ុប ​​កុំមើលដើមឈើមួយដើម តែត្រូវមើលព្រៃទាំងមូល

អ្នកយកព័ត៌មានវិទ្យុវីអូអេម្នាក់​ដែលជាអ្នក​តាម​ដាន​យ៉ាង​ដិត​ដល់​ជុំវិញ​រឿង​អន្តរជាតិ​ដាក់​សម្ពាធ​មក​លើ​រដ្ឋាភិបាល​កម្ពុជា ពិសេស​រឿង​អាមេរិក​បង្កើត​ច្បាប់​ដាក់​ទណ្ឌកម្ម​​មក​លើ​មន្ត្រី​រដ្ឋាភិបាល ក៏​ដូច​ជាសហភាពអឺរ៉ុប​ (EU) គ្រោង​ព្យួរ​ប្រពន្ធ​អនុ​​គ្រោះ​ពន្ធ​គ្រប់​មុខទំនិញ​លើក​លែង​តែ​សព្វា​វុធ ឬ EBA ពីកម្ពុជា បាននិយាយឲ្យ​ដឹង​ថា សហភាពអឺរ៉ុបប្រហែលជាមិន​ព្យួរប្រព័ន្ធអនុគ្រោះពន្ធ​ EBA ទាំង ស្រុងពីកម្ពុជាទេដោយអាចនឹងព្យួរផ្នែកខ្លះប៉ុណ្ណោះ។

ការអះអាងរបស់អ្នកសារព័ត៌មានវិទ្យុវីអូអេនេះ គឺយោងតាមកិច្ចប្រជុំមួយរបស់គណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិរបស់​​សហភាពអឺរ៉ុបកាលពីសប្តាហ៍មុន ដែល​ពួកគេ​បាន​ជជែក​គ្នា​ ហើយ​ក៏​មានប្រទេសជាសមាជិក​ភាគ​ច្រើន​​បង្ហាញពី​លទ្ធភាពស្នើឲ្យដាក់ទណ្ឌ​កម្ម​មួយ ចំនួនមកលើផ្នែកណាមួយ​លើ​កម្ពុជា​ ពោល​គឺ​​​មិនព្យួរទាំងស្រុងនោះឡើយ ដោយ​គេ​គិត​អំពីបញ្ហាកម្មករជាចម្បង។

តើហេតុអ្វីបានជា EU មិនព្យួរប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នេះទាំងស្រុងពីកម្ពុជា?

មានលទ្ធភាព​​ចំនួន​៣ ដែល​អ្នក​វិភាគ​នយោបាយ​ស៊ី ជម្រៅ​ទាំង​នៅ​ក្នុង​ប្រទេសកម្ពុជា និង​អន្តរជាតិ​មើល​ឃើញ​ថា ទី១, សហភាពអឺរ៉ុប​អាច​នឹង​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទាំង​ស្រុង​ពី​កម្ពុជា។ ទី២, សហភាព​អឺរ៉ុបអាច​នឹង​ព្យួរ​ផ្នែក​ខ្លះ​នៃ​ EBA និង​ទី​៣, សហភាព​អឺរ៉ុប​មិន​ព្យួរ​ EBA ទាំង​ស្រុង​ តាម​ការ​ទាម​ទារ​ចង់​បាន​របស់​ក្រុមអ្នក​នយោ បាយ​ប្រឆាំង ​ពិសេស​ប្រឆាំង​នឹង​កម្មករ-កម្មការិនី​ខ្មែរ ដែលជាទង្វើ​មិន​អាច​អត់​ឱន​ឲ្យ​បាន ​គឺ​ជាការ​វាយ​បំបែក​​ឆ្នាំ​ងបាយកម្មករដោយ​​ផ្ទាល់​។

លទ្ធភាពទី​១ ដែល​ថា សហភាពអឺរ៉ុប​នឹង​ព្យួរ​ប្រព័ន្ធ​អនុ គ្រោះ​ពន្ធ​ទាំងស្រុង​ពី​កម្ពុជា ទំនង​ជា​មិន​អាច​កើត​ឡើង​បាន​ឡើយ។ ក៏ប៉ុន្តែ​លទ្ធភាព​ទី២ និង​ទី​៣ ប្រហែល​ជា​អាច​កើត​មាន​ឡើង​ គឺ​សហភាព​អឺរ៉ុប អាច​នឹង​ព្យួរ​ផ្នែក​ខ្លះ ឬ​មិន​ព្យួរ​ EBA ទាំង​ស្រុង​ពី​កម្ពុជាតែម្តង។

ត្បិត​ថា របាយការណ៍​ដែល​សហភាព​អឺរ៉ុប​ទទួល​បាន​ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិលក្រៅ​រដ្ឋាភិបាល​មាន​និន្នាការ​ប្រឆាំង​ និង​របាយការណ៍​ពី​ក្រុមអ្នក​នយោបាយ​ប្រឆាំង​នៅកម្ពុជា​ក៏​ពិត​មែន​ តែ​សហភាពអឺរ៉ុប​ក៏​ទទួលបាន​ដែរ​ នូវ​របាយការណ៍​​ពី​ខាង​រដ្ឋាភិបាល​កម្ពុជា ឆ្លើយ​តប​ទៅនឹងការ​ចង់​បាន​របស់​សហភាព​អឺរ៉ុប។ ទោះ​យ៉ាង​ណា​នៅ សល់​រយៈពេល​ ២ខែទៀតប៉ុណ្ណោះ ដែល​សហភាព​អឺរ៉ុប​ត្រូវ​សម្រេច​ចិត្ត​ថា តើ​ត្រូវ​ព្យួរ​ EBA ទាំង​ស្រុងពីកម្ពុជា ឬ​ព្យួរ​ផ្នែក​ខ្លះ ឬក៏​មិន​ព្យួរ​ទាំង​ស្រុង​ពីកម្ពុជា។

បើ​តាម​ការអះអាង​​របស់អ្នកយកព័ត៌មានវិទ្យុ​វីអូអេ សហគមន៍អឺរ៉ុបមិនព្យួរ EBA ទាំងស្រុងពីកម្ពុជានោះ​ឡើយ ដោយគេគិតជាចម្បងទៅលើផលប៉ះពាល់ដល់កម្មករដោយផ្ទាល់។ សហភាពអឺរ៉ុប គេគិតពីបញ្ហាសុខមាលភាពកម្មករ-កម្មការិនី រួមទាំងអ្នកពាក់ព័ន្ធដែលទទួលបានផលប្រយោជន៍ដោយប្រយោលពីកម្មករ ដូចជា ឪពុកម្តាយ ក្រុមគ្រួសារកម្មករ អ្នកលក់ម្ហូប នំចំណី អ្នកជួលផ្ទះឲ្យកម្មករស្នាក់នៅជាដើម។

ទោះ​យ៉ាង​ណា​ក្តី​ ឆ្លើយតប​ទៅនឹង​ការ​ចង់​បាន​របស់​សហភាព​អឺរ៉ុបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថ្មីៗនេះ​ទៀត​ថា អ្វីដែលកម្ពុជាធ្វើបាន គឺកម្ពុជាធ្វើ។ អ្វីដែលមិនយល់គ្នា យើងពន្យល់គ្នា។ អ្វីដែលពាក់ព័ន្ធនឹងច្បាប់កម្ពុជា គឺកម្ពុជាមិនអាចធ្វើបានទេ​(កម្ពុជាមិន​យក​អធិបតេយ្យជាតិ​ទៅ​ដោះ​ដូរ​ជាមួយ​ជំនួយ ឬ​ភាព​អនុគ្រោះ​ពី​អ្នក​ណា​ទាំង​អស់​)។ ប៉ុន្តែ អឺរ៉ុបក៏ត្រូវតែដឹងដែរថា ផលប៉ះពាល់វាមិនត្រឹមតែកម្ពុជាទេ អឺរ៉ុបផ្ទាល់​ក៏មានផលប៉ះពាល់ដែរ។ ប្រជាជននៅអឺរ៉ុបត្រូវចំណាយលុយច្រើនលើ​សម្ភារៈប្រើប្រាស់ទិញពីកម្ពុជាដែល​អឺរ៉ុប​តម្រូវ​ឲ្យ​បង់​ពន្ធ​។ ទន្ទឹមគ្នា​​​នេះ ប្រសិន​បើ​សហភាព​អឺរ៉ុប​ព្យួរ EBA ​​ពី​កម្ពុជា គឺ​ប្រៀ​ប​ដូច​ជា សមិទ្ធិផលដែលអឺរ៉ុបខំ​ជួយ​កន្លងមកដល់កម្ពុជា ក៏នឹងត្រូវ​នរាករណ៍ចោលដែរ។ ហើយ​ពាក្យសម្តីរបស់អឺរ៉ុបសាប មិនអាចមានទម្ងន់លើរដ្ឋាភិបាលកម្ពុជាបានទេ។ មាន​ន័យថា អឺរ៉ុប​បានរួមចំណែកសម្លាប់ពួកក្រុមប្រឆាំងផ្កាប់មុខនៅកម្ពុជា​តែម្តង។

សហភាពអឺរ៉ុប ក៏ត្រូវគិតដែរថា កម្ពុជា ជាសមាជិកអា​ស៊ាន ភាព​ជាដៃគូអាស៊ានជាមួយ​អឺរ៉ុប​ក៏ត្រូវ​តែធ្វើ​ជា​មួយគ្នា។ គោលការណ៍​របស់​អាស៊ាន​ គឺឯកច្ឆ័ន្ធ​ក្នុង​ការ​ស​ម្រេច​កិច្ច​ការ​អ្វី​មួយ​។ ដូច្នេះ​ប្រសិន​បើ​អឺរ៉ុប ដាក់​ទណ្ឌកម្ម​លើ​កម្ពុជា វា​នឹង​ធ្វើ​ឲ្យ​អឺរ៉ុប​កាន់​តែ​ឃ្លាត​ឆ្ងាយ​ពី​អាស៊ាន។ ដូច​គ្នា​នេះដែរ កម្ពុជាក៏នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល​អាស៊ី-អឺរ៉ុប ​ឆ្នាំ​២០២០ ដែល​ប្រទេស​នៅ​អឺរ៉ុប ​នឹង​ម​ក​ចូល​រួម​។ ប្រសិន​បើ​អឺរ៉ុប​ព្យួរ EBA ពីកម្ពុជា តើ​សហ​ភាព​អឺរ៉ុប​នៅ​មាន​មុខ​មាត់​​អី​មក​ប្រជុំ​នៅកម្ពុជា​ក្នុង​ឆ្នាំ​២០២០? ម្យ៉ាង​ក្នុងករណី​ព្យួរ​ប្រព័ន្ធអនុ​គ្រោះ​​ព័ន្ធ​ពីកម្ពុជា គឺសហភាពអឺរ៉ុប ជាអ្នក​រុញកម្ពុជាឲ្យទៅស្និទ្ធនឹងប្រទេសចិនកាន់​តែខ្លាំង​។

កម្ពុជា ស្វាគមន៍សហភាព​អឺរ៉ុប​បន្ត​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ (EBA) ដល់​កម្ពុជា ក៏ប៉ុន្តែ​ប្រសិន​បើ​ អឺរ៉ុបដាក់​លក្ខខណ្ឌ​ធ្វើ​ឲ្យ​ប៉ះពា

ល់ដល់​អធិបតេយ្យជាតិ​កម្ពុជា គឺកម្ពុជា​មិន​អាច​ទទួល​យក​បាន​ឡើយ។ ​កម្ពុជា មិនមែនរកស៊ីតែជាមួយសហភាព​អឺរ៉ុបទេ កម្ពុជា​រកស៊ីជាមួយដៃគូជា​ច្រើនផ្សេងៗទៀត​លើគ្រប់វិស័យ មិនមែនតែវិស័យកាត់ដេរមួ​យ​ទេ​។ ជាក់​​ស្តែង​ទីផ្សារ​ដែល​កម្ពុជា​នាំ​ទំនិញ​ចេញ​ទៅលក់​ ក្រៅ​ពីអឺរ៉ុប មាន​សហរដ្ឋ​អាមេរិក អង់គ្លេស ជប៉ុន ចិន ឥណ្ឌា កូរ៉េ​ខាង​ត្បូង អាស៊ាន។ល។ ដែលមាន​ទំហំ​ពាណិជ្ជកម្ម​កាន់​តែធំឡើងៗពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ ដូច្នេះ ​​សូមសហភាព​អឺរ៉ុបកុំមើលដើមឈើមួយដើម តែត្រូវមើលព្រៃទាំងមូលឲ្យបានច្បាស់៕

ដោយ៖ សុខ សុវណ្ណ​

អត្ថបទទាក់ទង