ទស្សនៈមិត្តអ្នកអាន៖ «ក្រុម សម រង្ស៊ី និងក្រុម កឹម សុខា ដល់ពេលត្រូវចែកផ្លូវគ្នាហើយ»
ឈ្មោះ សម រង្ស៊ី និងឈ្មោះ កឹម សុខា គឺជាអតីតមេដឹក នាំនៃអតីតខ្មោចគណបក្សសង្គ្រោះជាតិ ជាបក្សដែលត្រូវបានតុលាការកំពូលរំលាយចោលកាលពីឆ្នាំ២០១៧។ប្រភពដើមនៃអតីតខ្មោចបក្សមួយនេះបានកើតចេញពីការផ្សំផ្គុំច្របាច់បញ្ចូលគ្នារវាងគណបក្សពីរ គឺគណបក្សសម រង្ស៊ី របស់ទណ្ឌិត សម រង្ស៊ី និងគណបក្សសិទ្ធិមនុ ស្សរបស់លោក កឹម សុខា កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០១២ នៅទីក្រុងម៉ានីលប្រទេសហ្វីលីពីន។
ក្រោយពីផ្សំផ្គុំច្របាច់បញ្ចូលគ្នារួចមកសមាជិកនិងថ្នាក់ ដឹកនាំក្នុងបក្សមួយនេះ ហាក់ដូចជាមិនសូវស៊ីសង្វាក់គ្នាទាល់តែសោះរវាងក្រុមទាំងពីរ (សម រង្ស៊ី-កឹម សុខា) គឺតែងតែធ្វើឲ្យប្រជាពលរដ្ឋក៏ដូចជាអ្នកគាំទ្រនៅតាមមូល ដ្ឋានបាក់ទឹកចិត្តនិងអស់ជំនឿ ដោយសារតែជម្លោះផ្ទៃ ក្នុងបក្ស ឆ្លងឆ្លើយឌឺដងឈ្លោះគ្នាមិនសូវលោះពេលពី សំណាក់ថ្នាក់ដឹកនាំដែលសញ្ញានៃការបែកបាក់រវាងក្រុមទាំងពីរ។
រឿងរ៉ាវជម្លោះផ្ទៃក្នុងឆ្លងឆ្លើយ និងជេរឌឺដងគ្នាជារឿយៗរបស់ក្រុមគាំទ្រទណ្ឌិត សម រង្ស៊ី នឹងក្រុមគាំទ្រ កឹម សុខា មិនមែនទើបតែកើតមានឡើងក្នុងពេលថ្មីៗនេះឡើយ សូម្បីតែលោក គង់ គាំ ដែលជាអតីតមន្ត្រីជាន់ខ្ពស់របស់គណបក្សសម រង្ស៊ី និងជាមនុស្សជំនិតនឹងទណ្ឌិត សម រង្ស៊ី ផងនោះ ក៏បានចេញមកនិយាយតាមរយទំព័រហ្វេស ប៊ុកផ្ទាល់ខ្លួនរបស់គាត់អំពីការបែកបាក់របស់ក្រុមទាំងពីរនេះដែរថា៖ “ទាំងមុនទាំងក្នុងពេលចូលរួមគ្នា (សម រង្ស៊ី-កឹម សុខា តែមួយ) គ្មានភាពរលូននិងជឿជាក់រវាងគ្នាសោះនោះ មកដល់ក្រោយពេលរំលាយគេបានឃើញកាន់តែជាក់ស្តែងនូវការបែកបាក់គ្នាទាំងរវាងថ្នាក់ដឹកនាំ ទាំងរវាងសកម្មជន និងទាំងរវាងអ្នកគាំទ្រពេលនេះលេច ធ្លោបំផុត គឺខាង កឹម សុខា មានកញ្ញា កឹម មនោវិទ្យា ជាថ្នាក់ដឹកនាំជាន់ខ្ពស់ផងជាកូនស្រីបង្កើតផងឈរម្ខាង និងម្ខាងទៀតមានកញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត ជាចៅ សង្កាត់ស្រីវ័យក្មេងដ៏មានឈ្មោះបោះសម្លេងម្នាក់ជាអ្នកគោរពជឿជាក់ចំពោះ សម រង្ស៊ី បំផុត សុទ្ធតែបានចេញមកជាតំណាងនៃទស្សនៈរបស់ក្រុម កឹម សុខា និងក្រុម សម រង្ស៊ី ដែលមជ្ឈដ្ឋានទូទៅនៅតែស្រពិចស្រពិលអំពីមន្តអាគម សម រង្ស៊ី-កឹមសុខា ជាមនុស្សតែមួយ”។
សំដីរបស់លោក គង់ គាំ ខាងលើនេះ ពិតជាបានបញ្ជាក់យ៉ាងច្បាស់ថា សម រង្ស៊ី-កឹម សុខា ជាមនុស្សតែមួយនោះលែងមានតទៅទៀតហើយ និងបានបង្ហាញកាន់តែច្បាស់ពីការបែកបាក់រវាងក្រុមទាំងពីរយ៉ាងពិតប្រាកដ។
ដើម្បីកាន់តែច្បាស់ពីការបែកបាក់នេះយើងគ្រាន់តែបង្ហាញនូវទឡ្ហីករណ៍ខ្លះៗខាងក្រោមតែប៉ុណ្ណោះ ក៏អាចបញ្ជាក់បានថា ក្រុមទាំងពីរ គឺក្រុមគាំទ្រទណ្ឌិត សម រង្ស៊ី និងក្រុមគាំទ្រ កឹម សុខា ពិតជាបានបែកបាក់និងចែកផ្លូវគ្នាយ៉ាងពិតប្រាកដដែរ ដូចជា៖
ក- ក្រុមទណ្ឌិត សម រង្ស៊ី៖
កន្លងមកគេបានឃើញសារសំងាត់ជាច្រើនរបស់ សមរង្ស៊ី ឆ្លើយឆ្លងជាមួយនឹងមនុស្សជំនិតរបស់ខ្លួន និយាយអំពីការរៀបចំកលល្បិចលាបពណ៌មូលបង្កាច់ដើម្បីធ្វើឲ្យលោក កឹម សុខា ជាប់គុកបន្តទៅទៀត ឬត្រូវបិទសិទ្ធិធ្វើនយោបាយជាដើម ដើម្បីឲ្យប្រជាប្រិយភាពរបស់លោក កឹម សុខា ធ្លាក់ចុះរួចឲ្យពលរដ្ឋងាកទៅគាំទ្រតែខ្លួនស ម រង្ស៊ី ម្នាក់ក្នុងនាមជាអ្នកនយោបាយប្រឆាំងនៅកម្ពុជា។ កាលពីពេលថ្មីៗកន្លងទៅនេះ បុរសញៀនល្បែង អេង ឆៃអ៊ាង ដែលជាមនុស្សជំនិតនឹងទណ្ឌិត សម រង្ស៊ី បានចេ ញមកអះអាងថា មិនមានការបែកបាក់ទេ។ សំដីរបស់បុរសញៀនល្បែង អេង ឆៃអ៊ាង ពេលនេះគឺគ្រាន់តែដើម្បីបង្វែរការចាប់អារម្មណ៍របស់សាធារណៈជននិងអ្នកធ្លាប់គាំទ្រឲ្យឈប់ចាប់អារម្មណ៍ពីការបែកបាក់ក្នុងបក្សនេះតែប៉ុណ្ណោះ។ ហើយសំដីនេះក៏កំពុងតែឆ្លុះបញ្ចាំងពីដង្ហើមចុងក្រោយនៃការបែកបាក់យ៉ាងពិតប្រាកដដែរ ពីព្រោះសូម្បីតែពាក្យស្លោករបស់អតីតខ្មោចបក្សសង្គ្រោះជាតិដែលធ្លាប់ប្រើពាក្យថា សម រង្ស៊ី-កឹម សុខា ជាមនុស្សតែ មួយ ក៏ក្រុម អេង ឆៃអ៊ាង បានដូរជំនួសវិញដោយពាក្យ ស្លោកថា៖ “ខ្ញុំជា សម រង្ស៊ី” រួចបាត់ទៅហើយ។ ដូច្នេះទង្វើទាំងនេះបានបង្ហាញពីការបែកបាក់គ្នាបាត់ទៅហើយ ដែលវាមិនចំលែកនិងពិបាកយល់នោះទេសម្រាប់ប្រជា ពលរដ្ឋដែលធ្លាប់គាំទ្របក្សនេះ។
ខ- ក្រុម កឹម សុខា៖
កាលពីពេលថ្មីៗកន្លងទៅនេះកញ្ញា កឹម មនោវិទ្យា ដែលជាកូនស្រីបង្កើតរបស់ កឹម សុខា បាននិយាយឌឺដងនិងបានហៅការសន្យាវិលត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី៩ ខែវិច្ឆិកា របស់ សម រង្ស៊ី ថា គ្រាន់តែជាការទាក់ទាញចំណាប់អារម្មណ៍របស់មហាជនតែប៉ុណ្ណោះ។ ហើយក្រុមស្និទ្ធនឹងលោក កឹម សុខា មួយចំនួនទៀតរួមមាន៖ យ៉ែម ប៉ុញ្ញរិទ្ធ ហ៊ីង សុខសាន្ត ប៉ាង ងួនទៀង ហ៊ុន កុសល្យ និងតំណាងរាស្ត្រអូស្ត្រាលី ហុង លីម ជាដើមផង។ល។ ក៏បានព្រួតគ្នាវាយប្រហារមកលើទណ្ឌិត សម រង្ស៊ី ផងដែរ។
សរុបមកដោយយោងតាមការរៀបរាប់ទាំងប៉ុន្មានខាងលើនេះបានបង្ហាញយ៉ាងច្បាស់អំពីការបែកបាក់គ្នាយ៉ាងធ្ងន់ធ្ងររវាង សម រង្ស៊ី និង កឹម សុខា។ ពេលនេះមិនមែនជាមនុស្សតែមួយដូចដែលសកម្មជននិងអ្នកធ្លាប់គាំទ្រអតីតខ្មោចបក្សសង្គ្រោះជាតិធ្លាប់និយាយយ៉ាងរត់មាត់ សម រង្ស៊ី-កឹម សុខា ជាមនុស្សតែមួយ ដូចមុនទៀតឡើយ ដល់ពេលត្រូវចែកផ្លូវគ្នាហើយ ហើយក៏គ្មានផ្លូវបានចាប់ដៃគ្នាតទៅទៀតដែរ៕
ដោយ៖ គង់ សំរេច