ខ្មែរប៉ុស្ដិ៍ Close

ក្រសួងការងារ-ILO និងភាគីពាក់ព័ន្ធ ចូលរួមរត់ពាក់កណ្តាលម៉ារ៉ាតុងបង្ហាញស្មារតីឆ្ពោះទៅរកការអភិវឌ្ឍរួមគ្នា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៩ ខែធ្នូ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 26
ក្រសួងការងារ-ILO  និងភាគីពាក់ព័ន្ធ ចូលរួមរត់ពាក់កណ្តាលម៉ារ៉ាតុងបង្ហាញស្មារតីឆ្ពោះទៅរកការអភិវឌ្ឍរួមគ្នា ក្រសួងការងារ-ILO និងភាគីពាក់ព័ន្ធ ចូលរួមរត់ពាក់កណ្តាលម៉ារ៉ាតុងបង្ហាញស្មារតីឆ្ពោះទៅរកការអភិវឌ្ឍរួមគ្នា

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយអង្គការអន្តរជាតិខាងការងារ (ILO) រួមនឹងភាគីពាក់ព័ន្ធ បានស្ម័គ្រចិត្តចូលរួមរត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិលើកទី២៤ នៅសៀមរាប-អង្គរ ជាមួយកីឡាករប្រមាណជាង ១២,០០០នាក់ទៀត ដែលបានបង្ហាញថា កម្ពុជា-ILO ត្រូវតែឆ្ពោះទៅរកការអភិវឌ្ឍជាមួយគ្នា សំដៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។

ក្នុងព្រឹត្តិការណ៍រត់ប្រណាំងនោះ ភាគីតំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងអង្គការអន្តរជាតិខាងការងារ (ILO) តំណាងភាគីសមាគមនិយោជក និងភាគីតំណាងឲ្យកម្មករនិយោជិត បានលើកឡើងថា កម្មវិធីរត់កម្សាន្តត្រូវបានរៀបចំឡើងក្នុងគោលបំណង៖

១. អបអរសាទរខួប១០០ឆ្នាំនៃការបង្កើតអង្គការ ILO និងខួប៥០ឆ្នាំនៃសមាជិកភាពកម្ពុជានៅអង្គការ ILO។ ជាក់ស្តែង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានផុ្តល់នូវកិត្តិយសចូលរួមប្រារព្ធកម្មវិធីអបអរសាទរនេះដែរ កាលពីថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៩ នៅវិមានសន្តិភាព។

២. បង្ហាញដល់សាធារណជនឱ្យស្គាល់កាន់តែច្បាស់អំពីអាណត្តិ និងការងាររបស់អង្គការ ILO នៅក្នុងប្រទេសកម្ពុជា និងសមិទ្ធផលនានាក្នុងវិស័យការងារដែលកម្ពុជា សម្រេចបានក្រោយពីបានក្លាយជាសមាជិករបស់អង្គការ ILO នារយៈពេល៥០ឆ្នាំកន្លងមក។

៣. បង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់រាជរដ្ឋាភិបាលកម្ពុជា ភាគីកម្មករនិយោជិត និយោជក និងដៃគូរអភិវឌ្ឍន៍នានាក្នុងការផ្លាស់ប្តូរយោបល់ ដើម្បីបង្កើនយុត្តិធម៌សង្គម និងលើកកម្ពស់ការងារសមរម្យនៅក្នុងប្រទេសកម្ពុជា។

ជាមួយគ្នានេះដែរ កម្ពុជាបានចូលជាសមាជិកអង្គការ ILO នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៦៩ ស្របពេលដែលអង្គការ ILO បានទទួលពានរង្វាន់ណូបែលសន្តិភាព ដែលគិតមកដល់ឆ្នាំ២០១៩នេះ គឺមានរយៈពេល៥០ឆ្នាំហើយ។

រយៈពេល៥០ឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជាបានសហការយ៉ាងជិតស្និទ្ធជាមួយអង្គការ ILO និងសម្រេចបាននូវសមិទ្ធិផលសំខាន់ៗជាច្រើនរាប់មិនអស់ រួមមានទាំងសមិទ្ធផលធំៗចំនួន៣៖
ទី១. គម្រោងនៃកិច្ចសហប្រតិបត្តិការនានាមានដូចជា គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) កម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា (DWCP) គម្រោងធ្វើឱ្យប្រសើរនូវទំនាក់ទំនងវិជ្ជាជីវៈនៅក្នុងឧស្យាហកម្មកាត់ដេរនៅកម្ពុជា គម្រោង Safe and Fair គម្រោងលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារជាដើម។

ទី២. ផ្នែកគោលនយោបាយមានដូចជា គោលនយោបាយជាតិមុខរបរនិងការងារ (NEP) ឆ្នាំ២០១៥-២០២៥ គោលនយោបាយជាតិស្តីពីអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៦-២០២៥ គោលនយោបាយស្តីពី ទេសន្តរប្រវេសន៍ការងារសម្រាប់ប្រទេសកម្ពុជា ផែនការមេស្តីពីសុវត្ថិភាព និងសុខភាពការងារ ផែនការសកម្មភាពជាតិស្តីពី ការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ (២០០៨-២០១២) និងផែនការជាតិស្តីពី ការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ (២០១៦-២០២៥)។

ទី៣. ផ្នែកលិខិតបទដ្ឋានគតិយុត្តិ រួមមាន ច្បាប់ស្តីពីការងារ ឆ្នាំ១៩៩៧ ច្បាប់ស្តីពីសហជីព ឆ្នាំ២០១៦ ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ឆ្នាំ២០១៨ ពិសេសកម្ពុជាទើបដាក់ឱ្យប្រើនូវច្បាប់ស្តីពីរបបសន្តិសុខសង្គម ឆ្នាំ២០១៩ ដែលជាការចូលរួមកាន់តែគ្រប់ជ្រុងជ្រោយ ក្នុងការគិតគូរអំពីលក្ខខណ្ឌការងារ ក៏ដូចជាការធានារ៉ាប់រងនៅពេលឈឺថ្កាត់ គ្រោះថ្នាក់ការងារ និងពេលចូលនិវត្តន៍ផងដែរ។

គួរបញ្ជាក់ដែរថា នេះជាលើកទី២ហើយ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អង្គការអន្តរជាតិខាងការងារ (ILO) និងដៃគូពាក់ព័ន្ធផ្សេងទៀត បានចូលរួមក្នុងកម្មវិធីរត់ពាក់កណ្តាលម៉ារ៉ាតុង ដែលលើកទី១បានធ្វើឡើងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ ដោយមានអ្នកចូលរួមរត់ប្រមាណ ១,០០០នាក់។
នៅពេលនេះ បានមកជួបជុំគ្នាម្តងទៀត ដើម្បីបង្ហាញអំពីកិច្ចសហប្រតិបត្តិការល្អ និងស្មារតីសាមគ្គីភាព មិត្តភាព និងការផ្សារភ្ជាប់ជាមួយនឹងបរិស្ថានជុំវិញខ្លួន ដែលជាកត្តាជំរុញនូវការចែករំលែកចំណេះដឹង និងផ្តល់ឱកាសក្នុងការបង្កើនទំនាក់ទំនងក្នុងសង្គម៕

អត្ថបទទាក់ទង