ខ្មែរប៉ុស្ដិ៍ Close

សមិទ្ធផលថ្មី នឹងកើតឡើងឆាប់ៗនេះ នៅក្នុងរមណីយដ្ឋានសៀមរាបអង្គរ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០១៩ ផ្ទះហ្វេសប៊ុក 29
សមិទ្ធផលថ្មី នឹងកើតឡើងឆាប់ៗនេះ នៅក្នុងរមណីយដ្ឋានសៀមរាបអង្គរ សមិទ្ធផលថ្មី នឹងកើតឡើងឆាប់ៗនេះ នៅក្នុងរមណីយដ្ឋានសៀមរាបអង្គរ

ស្របតាមផែនការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់រមណីយដ្ឋានអង្គរ ព្រមទាំងមានការគាំទ្រពីលោកជំទាវស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនិងជាប្រធានអាជ្ញាធរជាតិអប្សរា លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា រួមនឹងមន្ត្រីជំនាញគ្រប់នាយកដ្ឋានបានចុះពិនិត្យទីតាំង ដើម្បីសិក្សាអំពីលទ្ធភាព បញ្ហាប្រឈម និងផលប៉ះពាល់នានាមុននឹងអនុវត្តគម្រោងស្ថាបនាផ្លូវកង់ដាច់ដោយឡែកពីផ្លូវម៉ូតូ-ឡាន សម្រាប់បម្រើផលប្រយោជន៍ប្រជាជននៅក្នុងតំបន់ ជាពិសេសសិស្សានុសិស្ស ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ធ្វើដំណើរបានស្រួលនៅក្នុងរមណីយដ្ឋានអង្គរ។

គម្រោងស្ថាបនាផ្លូវនេះមានប្រវែងសរុប២៣,២គីឡូម៉ែត្រជុំវិញតបន់អង្គរ ជាផ្លូវទ្វេទិស មានទទឹង២ម៉ែត្រ និងមានចង្អូររំដោះទឹកសងខាង។ ផ្លូវនេះស្ថិតនៅស្របនឹងផ្លូវធ្វើដំណើរបច្ចុប្បន្នចម្ងាយមិនលើសពី២៥ម៉ែត្រឡើយដែលអាចមើលគ្នាឃើញក្នុងការរក្សាសន្តិសុខ សុវត្ថិភាពបាន ថែមទាំងបត់បែនទៅតាមស្ថានភាពជាក់ស្តែងនៃផ្លូវឬដើមឈើ។

ចំពោះបទដ្ឋានបច្ចេកទេសនៃការស្ថាបនាវិញ អាជ្ញាធរជាតិអប្សរាគិតគូរជាចម្បងលើការអភិរក្សបុរាណដ្ឋានជាសំខាន់ ដោយគ្មានការជីកកកាយដីជ្រៅ និងប្រើជើងតាងអំពីបេតុងត្រង់កន្លែងដែលមានស្ពាន ហើយក៏គិតដល់បរិស្ថាន និងទេសភាពវប្បធម៌ ដោយបញ្ជៀសផលប៉ះពាល់ជាអតិបរិមាមកលើព្រៃឈើដែលមានស្រាប់។

បន្ថែមពីនោះ អាជ្ញាធរជាតិអប្សរាក៏នឹងគិតគូរជាខ្លាំងដល់សុវត្ថិភាពត្រង់ចំណុចឆ្លងកាត់ឬផ្លូវបំបែក ដោយដាក់របានៅផ្លូវបំបែក និងដាក់ស្លាកសញ្ញាហាមឃាត់ម៉ូតូឆ្លងកាត់។ល។

អាជ្ញាធរជាតិអប្សរាសង្ឃឹមថា សមិទ្ធផលថ្មីដែលនឹងកើតឡើងឆាប់ៗនេះនឹងមានការអ្នកគាំទ្រច្រើន ហើយធ្វើឱ្យប្រជាជនក្នុងតំបន់ ក៏ដូចជាទេសចរទទួលបាននូវភាពងាយស្រួល សុវត្ថិភាព និងបង្កើតបទពិសោធន៍ល្អក្នុងការមកទស្សនាឬឆ្លងកាត់តំបន់រមណីយដ្ឋានអង្គរ៕

អត្ថបទទាក់ទង