លិខិតប្រជាជន៖ កម្ពុជាមោទកភាពនឹងសន្តិភាពដែលខ្លួនមាន
ជាបឋម ខ្ញុំសូមអបអរសាទរចំពោះលិខិតរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ផ្ញើជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលប្រគល់ដោយដៃផ្ទាល់ពីសំណាក់លោក ប៉ាទ្រីក មើហ្វី (Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ប្រកបដោយអត្ថន័យ និងខ្លឹមសារក្នុងការគោរពអធិបតេយ្យ សន្តិភាព និងវិបុលភាពរបស់ប្រទេស និងប្រជាជនកម្ពុជា ជាពិសេសសហរដ្ឋអាមេរិកប្រឆាំងដាច់ខាតការផ្លាស់ប្តូររបបនៅកម្ពុជា។
ការបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់របស់រដ្ឋបាលសហរដ្ឋអាមេរិកនេះ គឺបានឆ្លុះបញ្ចាំងដល់កិច្ចសហប្រតិបត្តិការល្អនៃប្រទេស និងប្រជាជនទាំងពីរ (កម្ពុជា-អាមេរិក) លើគ្រប់វិស័យ។ ការពង្រឹងភាពជាម្ចាស់ និងភាពជាដៃគូល្អដោយការគោរពគ្នាទៅវិញទៅមកដូចស្មារតីខ្លឹមសារលិខិតរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកបែបនេះ ពិតជាធានាបាននូវកិច្ចសហការល្អយូរអង្វែងតទៅអនាគត។
គួររំលឹកថា ទំនាក់ទំនងរវាងកម្ពុជា-អាមេរិក កន្លងមកធ្លាប់មានភាពរកាំរកូសខ្លះៗដូចជា ដូចជាបញ្ហានានាដែលកើតឡើងនៅកម្ពុជាក្នុងកាលពីអតីតកាល ពិសេសបដិវត្តន៍ពណ៌ដែលហៀបនឹងកើតឡើងនៅកម្ពុជាកាលពីឆ្នាំ២០១៣ ដែលពួកប្រឆាំងអះអាងថាសហរដ្ឋអាមេរិកជាអ្នកនៅពីក្រោយជាដើម។ ទោះយ៉ាងណា នៅពេលនេះជំហរការទូតសហរដ្ឋអាមេរិកមានការវិត្តន៍ថ្មីបែបនេះ ធ្វើឲ្យអារម្មណ៍របស់ប្រជាជនកម្ពុជាមានភាពកក់ក្តៅ គឺចង់ឲ្យសហរដ្ឋអាមេរិកប្រកាន់គោលជំហរ និងកិច្ចសហប្រតិបត្តិការបែបនេះ ហើយចូលរួមពង្រឹងសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅកម្ពុជា ក៏ដូចជានៅក្នុងតំបន់ ដើម្បីកសាងទំនាក់ទំនងល្អ និងធានាផលប្រយោជន៍នៃប្រទេសទាំងពីររឹងមាំយូរអង្វែងតទៅ។
ប្រជាជនកម្ពុជា អរគុណណាស់ចំពោះប្រទេសមហាអំណាចមួយដែលយើងគិតថា ជាអ្នកចូលរួមចំណែកក្នុងការទ្រទ្រង់សន្តិភាពរបស់ប្រទេសនីមួយៗលើពិភពលោកកុំឲ្យមានការជ្រៀតជ្រែកគ្នា ក៏មានជំហរបែបនេះជាមួយនឹងប្រទេសកម្ពុជាដែរ។ ប្រជាជនកម្ពុជាបច្ចុប្បន្នបាននិងកំពុងរស់នៅក្នុងស្ថានភាពបែបនេះ ស្របពេលដែលសហរដ្ឋអាមេរិកបានតែងតាំងលោក ប៉ាទ្រីក មើហ្វី ជាឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅកម្ពុជា។ បើធៀបនឹងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកមុនៗ លោក ប៉ាទ្រីក មើហ្វី មានជំហរការទូតទាន់ភ្លន់ជាងជាមួយនឹងកម្ពុជាក្នុងនាមប្រទេសជាមិត្ត។
លោក ប៉ាទ្រីក មើហ្វី នៅក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ បានបង្ហាញជំហរថា នឹងយកចិត្តទុកដាក់ធ្វើឱ្យប្រើសើរឡើងនូវទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក ក្នុងពេលបំពេញបេសកកម្មការងារនៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានោះលោក មើហ្វី បានបញ្ជាក់ពីក្តីសង្ឃឹមថា ការងារជាបន្តបន្ទាប់ នឹងត្រូវធ្វើឡើងក្នុងពេលខាងមុខ ដើម្បីពង្រឹងចំណងទាក់ទងដ៏សំខាន់រវាងប្រទេស និងប្រជាពលរដ្ឋទាំងពីរ។ ហើយលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកក៏បានលើកឡើងបែបនេះទៀត គឺធ្វើឲ្យប្រជាជនកម្ពុជាមានភាពកក់ក្តៅណាស់។ ទាំងអស់នេះ អាចកើតមានទៅបានតែនៅក្នុងស្ថានភាពប្រទេសមានសុខសន្តិភាពប៉ុណ្ណោះ។
សន្តិភាព មានតម្លៃ និងសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ហើយកម្ពុជាបច្ចុប្បន្ន គឺមិនមែនស្ថិតនៅក្នុងស្ថានភាពដូចអតីតកាលឡើយ។ សន្តិភាពនៅកម្ពុជា បានធ្វើឲ្យមានការផ្លាស់ប្តូរមុខមាត់របស់កម្ពុជា ថែមទាំងបានជំរុញការអភិវឌ្ឍលើគ្រប់វិស័យ និងទទួលបាននូវការចាប់អារម្មណ៍ពីប្រទេសទាំងឡាយក្នុងពិភពលោកផងដែរ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាស្ថាបនិកនៃការបញ្ចប់សង្រ្គាមដ៏រាំរ៉ៃនៅកម្ពុជា និងផ្តល់ជូនសន្តិភាពយ៉ាងពេញលេញដល់ប្រជាជនខ្មែរក្នុងឆ្នាំ១៩៩៨ ដោយឈរលើមូលដ្ឋានផ្សះផ្សារជាតិ និងគោលនយោបាយឈ្នះ ឈ្នះ គឺខ្មែរទាំងអស់គ្នាឈ្នះ ដែលនេះជាសន្តិភាពពិតប្រាកដ ជាសន្តិភាពកើតចេញពីឆន្ទៈរបស់ខ្មែរ ហើយរាស្ត្រខ្មែរជាកម្មសិទ្ធិ។
ពីរទសវត្សរ៍ចុងក្រោយនេះ សេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើនជាង ៧ភាគរយជាប្រចាំ។ ទីក្រុងភ្នំពេញបានផ្លាស់ប្តូរចេញពីមូលដ្ឋានដ៏ខ្លោចផ្សារ ដែលមានមនុស្សត្រឹម ៧០នាក់ មកកាន់ទីក្រុងដ៏មមាញឹកមួយ ដែលមានមនុស្សជាង ៣លាននាក់រស់នៅ និងចេញចូលជាប្រចាំ។ ទីក្រុងដែលមិនធ្លាប់មានអាគារខ្ពស់ ដល់តែងើយចង់បាក់ “ក” ទើបឃើញកំពូលអាគារ បានក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ ដោយមានអាគារខ្ពស់ប្រមាណ ជាង ១០០០អាគារនាពេលបច្ចុប្បន្ន។
អត្រាភាពក្រីក្របានធ្លាក់ចុះពី ៥៤ភាគរយឆ្នាំ១៩៩៣ មកនៅត្រឹម ១៣ភាគរយនៅឆ្នាំ២០១៤ ហើយបន្តធ្លាក់ចុះក្រោម ១០ភាគរយនៅឆ្នាំ២០១៨ កន្លងមកនេះ។ រីឯប្រាក់ចំណូលប្រជាជនបានកើនឡើងដល់ ១៤៣២ដុល្លារ នៅឆ្នាំ២០១៧ ដល់១៩០០ដុល្លារនៅឆ្នាំ២០២០ ខាងមុខ។
ប្រទេសដែលមានងារជាប្រទេសអភិវឌ្ឍន៍តិចតួច បានក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប និងបន្តឈានទៅកាន់ប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់(ចន្លោះពី៤៨០០ដុល្លារ ទៅ ១២០០០ដុល្លារសម្រាប់មនុស្សម្នាក់ក្នុងមួយឆ្នាំ) នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ (ប្រជាជនម្នាក់ មានប្រាក់ចំណូលចាប់ពី ១២០០០ដុល្លារអាមេរិកឡើងក្នុងមួយឆ្នាំ) នៅឆ្នាំ២០៥០ ជាផែនការ និងវិថីមាស ដែលរាជរដ្ឋាភិបាលបានរៀបចំផែនការ និងយុទ្ឋសាស្រ្តច្បាស់លាស់រួចទៅហើយ។
ហេតុនេះតម្លៃសន្តិភាព ត្រូវតែមាន និងគួរស្ថិតក្នុងចិត្តប្រជាពលរដ្ឋគ្រប់រូប ដែលចង់បានសន្តិភាព និងការអភិវឌ្ឍនៃសេដ្ឋកិច្ចបុគ្គល សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមបន្តទៀត។ អ្វីដែលប្រជាពលរដ្ឋ អាចរួមចំណែកអភិវឌ្ឍន៍ប្រទេសរបស់ខ្លួនបាន គឺការចូលរួមអភិវឌ្ឍន៍ខ្លួនឯងជាមុន ចូលរួមអភិវឌ្ឍន៍សង្គម តាមរយៈការចែករំលែកក្តីស្រលាញ់មនុស្សជុំវិញខ្លួន ស្រលាញ់បរិស្ថានជុំវិញខ្លួន និងស្រលាញ់ប្រទេសជាតិរបស់ខ្លួន និងរក្សាសន្តិភាពសម្រាប់ប្រទេសជាតិរបស់ខ្លួន។
កាំភ្លើងបានគួចកាណុងហើយ សន្តិភាពកំពុងមានហើយ ស្នូរគ្រាប់កាំភ្លើងចេញពីព្រៃដែលធ្លាប់ប្រយុទ្ឋគ្នារវាងខ្មែរ និងខ្មែរបានបញ្ចប់រយៈពេលពីរទសវត្សរ៍ហើយ។ ហេតុនេះអ្វីដែលនៅសល់ គឺតម្លៃនៃសន្តិភាពដែលគួរស្ថិតក្នុងចិត្តប្រជាជនកម្ពុជាគ្រប់រូប និងចូលរួមថែររក្សាទាំងអស់គ្នា ដើម្បីកសាងសង្គមកម្ពុជាមួយ ដែលមានសន្តិភាពទាំងចិត្ត ទាំងកាយ និងក្លាយជាសង្គមស៊ីវីល័យ និងវិបុលភាពនាពេលអនាគត៕
ដោយ៖ សុខ សុវណ្ណ