ជប៉ុនផ្ដល់ជំនួយជិត ២០ម៉ឺនដុល្លារ ដល់សង្គមស៊ីវិលនៅកម្ពុជា សម្រាប់ការអប់រំពាក់ព័ន្ធនឹងបរិស្ថាន
រាជរដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ បានចុះហត្ថលេខាផ្តល់ជំនួយឥតសំណងនូវថវិកា ចំនួន១៩១,៧៤៤ដុល្លារ ដល់អង្គការ Nature Center Risen ក្រោមគ្រោងការណ៍ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ជប៉ុន សម្រាប់ «គម្រោងសម្រេចឱ្យបាននូវបរិស្ថានរស់នៅប្រកបដោយចីរភាព តាមរយៈការអប់រំបរិស្ថាន តាមបែបអនុវត្ត ជាដើមនៅវិទ្យាស្ថាន គរុកោសល្យ (TEC) ឆ្នាំទី៣។
ពិធីចុះហត្ថលេខាលើជំនួយឥតសំណងនេះ បានធ្វើឡើងដោយ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនវិសាមញ្ញ និងពេញសមត្ថភាពប្រចាំកម្ពុជា និងលោកស្រី អ៊ីវ៉ាម៉ា មីយ៉ូកុ នាយិកាអង្គការ ature Center Risen នៅឯស្ថានទូតជប៉ុន។
ក្នុងគម្រោងនេះ អង្គការ Nature Center Risen នឹងបង្កើតប្រព័ន្ធបណ្តុះបណ្តាលអំពីបរិស្ថានអប់រំ ជាបន្តបន្ទាប់ចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់អនុវិទ្យាល័យ ក្នុងប្រទេសកម្ពុជា តាមរយៈការកែសម្រួលសៀវភៅណែនាំសម្រាប់គ្រូបោះពុម្ពសៀវភៅអប់រំបរិស្ថាន និងផ្តល់ការគាំទ្រ ដល់មជ្ឈមណ្ឌលគរុកោសល្យមត្តេយ្យ។ វានឹងជួយធ្វើឱ្យប្រជាជនកម្ពុជាកាន់តែយល់ដឹងអំពីបញ្ហាបរិស្ថាន។
កម្មវិធីជំនួយឥតសំណង សម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជា តាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រ ដល់សកម្មភាពអង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយដល់ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។ ចាប់តាំងពីឆ្នាំ២០០២មក រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង៣៧លានដុល្លារអាមេរិក ដល់គម្រោងចំនួន១២១ ដែលផ្តោតសំខាន់ទៅលើវិស័យអប់រំនៅកម្រិតមូលដ្ឋាន វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមីនក្នុងប្រទេសកម្ពុជា ។
នៅក្នុងឱកាសចុះហត្ថលេខាផ្តល់ជំនួយនេះ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានថ្លែងថា រដ្ឋាភិបាលជប៉ុន ផ្តល់ថវិកាប្រមាណ ១៩ម៉ឺនដុល្លារដល់អង្គការ Nature Center Risen។ រហូតមកដល់ពេលនេះអង្គការនេះ បានអនុវត្តការអប់រំបរិស្ថានជាក់ស្តែង ដើម្បីសិក្សាអំពីសារៈសំខាន់ នៃបរិស្ថានធម្មជាតិ ក្នុងវិទ្យាស្ថានគរុកោសល្យនៅទីក្រុងភ្នំពេញ និងខេត្តបាត់ដំបង។
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានបន្តថា ក្នុងគម្រោងឆ្នាំនេះ អង្គការនឹងកែសម្រួលសៀវភៅ ណែនាំក្នុងគោលបំណងលើកកម្ពស់ សមត្ថភាពបង្រៀន របស់មន្ត្រីអប់រំបរិស្ថាន បោះពុម្ពសៀវភៅអប់រំបរិស្ថាន សម្រាប់សិស្សបឋមសិក្សា និងមធ្យមសិក្សា និងគាំទ្រដល់ការអនុវត្តការអប់រំបរិស្ថាន នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលត្រមត្តេយ្យ។
លោកបានបន្តថា តាមរយៈគម្រោងនេះយើងរំពឹងថា នឹងជួយលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនកម្ពុជាអំពីការអភិរក្សបរិស្ថាន ដើម្បីអភិរក្សធម្មជាតិដ៏សម្បូរបែបរបស់កម្ពុជា និងកែលម្អបរិស្ថានរស់នៅរបស់ប្រជាជន។
បើតាមលោកស្រី អ៉ីវ៉ាម៉ា មីយ៉ូកុ បានបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជា កំពុងមានបញ្ហាបរិស្ថាន ដ៏ធ្ងន់ធ្ងរកើនឡើងយ៉ាងគំហុក។ ដូច្នេះហើយបានជាកាអនុវត្តការអប់រំបរិស្ថាន នៅតាមសាលារៀន គឺជាតម្រូវការជាបន្ទាន់។ ក្នុងការចូលរួមចំណែកនេះដែរ អង្គការលោកស្រី បានផ្តល់នូវជំនួយ ក្នុងការបណ្តុះបណ្តាលគ្រូឧទ្ទេសទទួលបន្ទុកអប់រំបរិស្ថាន បង្កើតកម្មវិធីសិក្សាលម្អិតសៀវភៅសិក្សា និងបំពាក់សម្ភារ សម្រាប់ប្រើប្រាស់ក្នុងការបង្រៀនជាដើម នៅវិទ្យាស្ថានគរុកោសល្យភ្នំពេញ និងបាត់ដំបងអស់ រយៈពេល២ឆ្នាំមកហើយ។
លោកស្រីយល់ថា ក្នុងការចាប់ផ្តើមអ្វីដែលថ្មីគឺត្រូវការកិច្ចខិតខំប្រឹងប្រែង និងត្រូវជួបប្រទះនូវការលំបាកជាច្រើនជាមិនខាន ប៉ុន្តែដោយសារការ ខិតខំប្រឹងប្រែងទាំងនេះ នឹងមានក្មេងៗជាច្រើនរៀនចប់ពីវិទ្យាស្ថានគរុកោសល្យ រួចចេញទៅធ្វើការអប់រំបរិស្ថាន ដោយមានការយល់ដឹងពីបរិស្ថាន ក្នុងពិភពលោក នៅតាមសាលារៀនចំណេះទូទៅ និងធ្វើការការពារបរិស្ថាន នៃប្រទេសកម្ពុជាទៀតផង។
ក្នុងឆ្នាំនេះ យើងមានបំណងនឹងពង្រីកការអប់រំបរិស្ថានជាមួយលោក លោកស្រីទាំងអស់គ្នាយ៉ាង ដូច្នេះនៅតាមសាលាចំណេះទូទៅ ឱ្យបានកាន់តែច្រើន។ «សូមចូលរួមទាំងអស់គ្នា»! ហើយពីពេលនេះទៅការអប់រំ គឺត្រូវជំរុញ ESD និងរារែកការអនុវត្ត SDGs ។ នៅក្នុង SDGs ការអប់រំបរិស្ថាន មានទំនាក់ទំនងមិនត្រឹមតែជាមួយវិស័យ «អប់រំ» តែប៉ុណ្ណោះទេ គឺមានទំនាក់ទំនងជាមួយនឹងគោលដៅជាច្រើនដូចជា «អាកាសធាតុ» «ថាមពល» «ទឹក» ទីក្រុងជាដើម។
លោកស្រី អ៊ីវ៉ាម៉ា មីយ៉ូកុ បានបញ្ជាក់បន្ថែមទៀតថា មកទល់បច្ចុប្បន្នក៏នៅតែមានអ្នកនិយាយថា «ការអប់រំបរិស្ថានងាយណាស់ អ្នកណាក៏អាចធ្វើបានដែរ»។ នេះ គឺជាពាក្យរបស់អ្នកដែលមិនយល់ពីខ្លឹមសារ នៃការអប់រំបរិស្ថាន។ ការអប់រំបរិស្ថាន ត្រូវការផ្សាភ្ជាប់ជាមួយនឹងមុខវិជ្ជា ជាច្រើនដូចជា៖ វិទ្យាសាស្ត្រ គណិតវិទ្យា ភូមិវិទ្យា ផែនដី បរិស្ថានវិទ្យា ភាសាខ្មែរ គេហវិទ្យា និងសិល្បៈជាដើម ៕