ខ្មែរប៉ុស្ដិ៍ Close

រាជរដ្ឋាភិបាលចេញសេចក្តីថ្លែងការណ៍ប្រកាសថា ផែនការផ្តួលរំលំរាជរដ្ឋាភិបាល និងរបបរាជានិយមនៅកម្ពុជា ដែលរៀបចំដោយមេឧទ្ទាម សម រង្ស៉ី បានទទួលបរាជ័យទាំងស្រុង

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃពុធ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 50
រាជរដ្ឋាភិបាលចេញសេចក្តីថ្លែងការណ៍ប្រកាសថា ផែនការផ្តួលរំលំរាជរដ្ឋាភិបាល និងរបបរាជានិយមនៅកម្ពុជា ដែលរៀបចំដោយមេឧទ្ទាម សម រង្ស៉ី បានទទួលបរាជ័យទាំងស្រុង រាជរដ្ឋាភិបាលចេញសេចក្តីថ្លែងការណ៍ប្រកាសថា ផែនការផ្តួលរំលំរាជរដ្ឋាភិបាល និងរបបរាជានិយមនៅកម្ពុជា ដែលរៀបចំដោយមេឧទ្ទាម សម រង្ស៉ី បានទទួលបរាជ័យទាំងស្រុង

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ បានចេញសេចក្តីថ្លែងការណ៍ពិសេសមួយបង្ហាញប្រាប់ប្រជាពលរដ្ឋ សាធារណជនជាតិ និងអន្តរជាតិ អំពីភាពបរាជ័យដ៏អាម៉ាស់នៃផែនការរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលរៀបចំឡើងដោយមេឧទ្ទាម សម រង្ស៉ី កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះ។

រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា៖ នាពេលកន្លងទៅថ្មីៗនេះក្រុមឧទ្ទាមដែលដឹកនាំដោយទណ្ឌិត សម រង្ស៉ី បានកំណត់យកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ចំថ្ងៃនៃការប្រារព្ធខួបអនុស្សារីយ៍លើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ ដើម្បីអនុវត្តផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល និងរបបរាជានិយមនៅកម្ពុជា។ រាជរដ្ឋាភិបាលមានកិត្តិយសសូមប្រកាសជូនបងប្អូនជនរួមជាតិទាំងអស់មេត្តាជ្រាបថា ផែនការប៉ុនប៉ងធ្វើរដ្ឋប្រហាររបស់ក្រុមឧទ្ទាមដឹកនាំ ដោយទណ្ឌិត សម រង្ស៉ី នេះបានទទួលបរាជ័យទាំងស្រុង ហើយសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ត្រូវបានធានាយ៉ាងរឹងមាំជាប្រក្រតីនៅទូទាំងប្រទេស។

រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់និងបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសបានចូលរួមអបអរសាទរការ ប្រារព្ធ ខួបអនុស្សាវរីយ៍លើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

រាជរដ្ឋាភិបាលសុំការយោគយល់អធ្យាស្រ័យពីសំណាក់បងប្អូនប្រជាពលរដ្ឋ ក៏ដូចអាជីវករចំពោះភាពរអាក់រអួលខ្លះៗក្នុងការចេញចូលឆ្លងកាត់ច្រកទ្វារព្រំដែន រវាងព្រះរាជាណាចក្រកម្ពុជា ជាមួយព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី០៩ ខែវិច្ឆិកា កន្លងមកនេះដោយសារការរឹតបន្ដឹងការត្រួតពិនិត្យការចេញចូលឆ្លងកាត់ព្រំដែន សំដៅបង្ការទប់ស្កាត់សកម្មភាពរបស់ក្រុមឧទ្ទាម និងដើម្បីធានាថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ។

រាជរដ្ឋាភិបាល ក៏បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានបំពេញតួនាទីរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការធានារក្សាការពារសុខសន្តិភាព និងស្ថិរភាពសង្គម ជាពិសេសការសម្រេចបាននូវជោគជ័យដ៏ត្រចះត្រចង់ក្នុងការបំផ្លាញចោលទាំងស្រុង នូវផែនការរបស់ក្រុមឧទ្ទាមដឹកនាំដោយទណ្ឌិត សម រង្ស៉ី ដែលប៉ុនប៉ងយកថ្ងៃទី០៩ ខែវិច្ឆិកា ដែលជាថ្ងៃបុណ្យឯករាជ្យជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រមូលកម្លាំងធ្វើរដ្ឋប្រហារផ្ដលរំលំរាជរដ្ឋាភិបាល ដែលកើតចេញពីឆន្ទៈរបស់ប្រជាជន តាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាពិសេស ឧបាយកលដ៏ខ្មៅងងឹតក្នុងការប៉ុនប៉ងផ្លាស់ប្តូររបបរាជានិយមនៅកម្ពុជា។

សូមអានសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ដែលចេញនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩៖