ខ្មែរប៉ុស្ដិ៍ Close

វិភាគ៖ “៩ វិច្ឆិកា ប្រហារផែនការ ម្រាម ៩ របស់ សម រង្ស៊ី! “

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃសៅរ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 71
វិភាគ៖ “៩ វិច្ឆិកា ប្រហារផែនការ ម្រាម ៩ របស់ សម រង្ស៊ី! “ វិភាគ៖ “៩ វិច្ឆិកា ប្រហារផែនការ ម្រាម ៩ របស់ សម រង្ស៊ី! “

ថ្ងៃទី ៩ វិច្ឆិកា អាចហៅថាជាថ្ងៃប្រហារជីវិតនយោបាយរបស់លោក សម រង្ស៊ី ឲ្យចប់សព្វគ្រប់ជាស្ថាពរ។ យុទ្ធនាការម្រាម ៩ ក៏ត្រូវផុតរលត់ត្រឹមនេះដែរ។ ពីពេលនេះទៅ ឆាកនយោបាយកម្ពុជាបានផាត់សម រង្ស៊ី ចេញពី បញ្ជីហើយដោយត្រូវបើកនូវទំព័រថ្មីវិញម្តង។ មិនត្រឹមតែត្រូវលុបឈ្មោះលោក សម រង្ស៊ី ចេញពីឆាកនយោបាយកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែរបៀបធ្វើនយោបាយ តាមបែបលោក សម រង្ស៊ី ក៏ត្រូវផ្លាស់ប្តូរដែរពីព្រោះវាហួស សម័យនិងអស់តម្លៃទៀតហើយ សម្រាប់សង្គមខ្មែរបច្ចុប្បន្ន ។ ហេតុអ្វីបានជាយ៉ាងដូច្នេះ?

មានហេតុផលសត្យានុម័តសំខាន់ៗមួយចំនួនដូចខាងក្រោមដែលអាចបញ្ជាក់បានថា ឆាក នយោបាយកម្ពុជាចាំបាច់ត្រូវបិទទំព័រលោក សម រង្ស៊ី ចោលដោយជំនួសមកវិញនូវទំព័រថ្មី៖

ហេតុផលទី១៖ ថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ ២០១៩ គឺជាបរាជ័យយ៉ាងអាម៉ាស់បំផុតរបស់លោក សម រង្ស៊ី ។ ថ្ងៃដែលលោក សម រង្ស៊ី ប្រកាសដោយមហាអំនួតបំផុតថាចូលមក ដឹកនាំចលនាមហាជននិងកងកម្លាំងប្រដាប់អាវុធតាមគំរូនៅប្រទេសហ្វ៊ីលីពីនឆ្នាំ ១៩៨៦ ដើម្បីផ្តួលរំលំរដ្ឋាភិបាលនិងចាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយដែល លោក សម រង្ស៊ី បានប្រកាសរៀបចំបើកយុទ្ធនាការ ម្រាម ៩ ជាច្រើនខែមកហើយនោះ ទីបំផុត គ្មានអ្វីកើតឡើងសូម្បីតែបន្តិច ពោលគឺផែនការដ៏មហាអស្ចារ្យរបស់លោក សម រង្ស៊ី ស្ងាត់ជ្រៀបដូចចោរលួចសេះ។ ច្រកនានាតាមបណ្តោយព្រំដែនកម្ពុជា ថៃ ជាពិសេសច្រកអន្តរជាតិប៉ោយប៉ែត មានសកម្មភាពស្ងាត់ជ្រងំដោយមិនបានឃើញមានសកម្មភាពណាមួយរបស់ក្រុមអ្នកគាំទ្រលោក សម រង្ស៊ី នោះឡើយ។

រីឯលោក សម រង្ស៊ី និងគូកនវិញក៏មិនឃើញស្រមោលនោះដែរ ខណៈដែលកម្លាំងមហាជនដែល លោក សម រង្ស៊ី អះអាងថា មានរាប់ម៉ឺន រាប់សែន ឬរាប់លាននាក់ នោះក៏គ្មានឃើញដែរសូម្បីមួយក្រុមតូច។ នេះមានន័យថា កម្លាំងនយោបាយរបស់លោក សម រង្ស៊ី នៅសល់តែសម រង្ស៊ី ខ្លួនឯង ប្រពន្ធគាត់ និងមនុស្សមួយដំបរ ស្វាដែលនៅក្បែរគាត់ដូចជា មួរ សុខហួរ អេង ឆៃអ៊ាង ឡុង រី ហូ វ៉ាន់ ជាដើមតែប៉ុណ្ណោះ។

ដូច្នេះ តើមានប្រយោជន៍អ្វីដែល ពលរដ្ឋខ្មែរ រាប់ទាំងក្រុមកឹម សុខានិយមផងនោះត្រូវរាប់លោក សម រង្ស៊ី ថាជាកីឡាករក្នុងសង្វៀននយោបាយតទៅទៀតនោះ?

ហេតុផលទី២៖ លោក សម រង្ស៊ី ធ្វើនយោបាយបោកប្រាស់ និងបោកប្រាក់ប្រជាពលរដ្ឋខ្លួនឯងជាដរាបនិងដោយឥតអៀនខ្មាស ។ ជាក់ស្តែង ផែនការថ្ងៃ ៩ វិច្ឆិកា គឺជាឧទាហរណ៍ដ៏ច្បាស់លាស់បំផុតដែលបញ្ជាក់មិនអាចប្រកែក បានអំពីបញ្ហានេះ។ លោក សម រង្ស៊ី បានសម្តែងឆាក ល្ខោនដូចមែនទែនក្នុងរឿងសំបុត្រយន្តហោះដែលខ្លួនឥតបានកក់ទិញសោះនោះ ហើយក៏ ប្រើស្ទីលដដែលៗគឺគ្មានអ្វីក្រៅពីរៀបចំវ៉ាលី បង្ហាញលិខិតឆ្លងដែន អូសវ៉ាលីចូលទៅព្រលានយន្តហោះ សំភាសន៍ជាមួយអ្នកកាសែតថាចូលស្រុកខ្មែរវិញហើយទោះជាប់គុក រឺស្លាប់ក៏ទៅដែរ ។ល។ ប៉ុន្តែ បន្ទាប់ពីថតរូបបង្ហោះតាមហ្វេសប៊ុករួចក៏ប្រកាសថា មិនបានទៅវិញទេ ដោយមូលហេតុនេះឬមូលហេតុ នោះតាមដែលគាត់ចង់ថា។

ការពិត គោលដៅយុទ្ធសាស្ត្ររបស់លោក សម រង្ស៊ី គឺការប្រើនយោបាយប្រជាភិថុតិដើម្បីឲ្យអ្នកគាំទ្ររបស់ខ្លួនមើលឃើញថា ខ្លួនជាអ្នកក្លាហាន ជាអ្នកប្រជាធិបតេយ្យ និងស្នេហាជាតិពិត ប្រាកដដើម្បីទាញកម្លាំងពួកគេមកប្រើប្រាស់ធ្វើជាឈ្នាន់នយោបាយ។ ប៉ុន្តែ ក្រដាសមិនអាចខ្ចប់ភ្លើងបានទេ ហើយបាត ដៃក៏មិនអាចបាំងពន្លឺព្រះអាទិត្យ បានដែរ ព្រោះរូបភាពដែលគាត់ បានបង្ហាញនោះ វាផ្ទុយស្រឡះពីចរិតពិតរបស់គាត់ដែលជាមនុស្សកំសាក ផ្តាច់ការ និងបំផ្លាញជាតិ។

លោកសម រង្ស៊ី ដែលអួតក្តែងៗថា នឹងចូលមកកម្ពុជាឲ្យបាននៅថ្ងៃ ៩ វិច្ឆិកានេះទោះជាត្រូវគេរារាំងយ៉ាងណាក៏ដោយនោះ ឥឡូវ សូម្បីស្រមោលក៏មិនឃើញនៅទីតាំងដែលខ្លួនអួតថាមកនោះដែរ គឺបានមកដល់ត្រឹមប្រទេសម៉ាឡេក្នុងនាមជាអ្នកទេសចរម្នាក់តែប៉ុណ្ណោះ។ ប៉ុន្តែ សម រង្ស៊ី និងគូកន បែរជាជំរុញឲ្យអ្នកគាំទ្រធ្វើសកម្មភាពជំនួសខ្លួនទៅវិញ។ នេះហើយជាកត្តាកំណត់នៃបរាជ័យយ៉ាងអាម៉ាស់បំផុតរបស់លោក សម រង្ស៊ី សម្រាប់ផែនការ 9 វិច្ឆិកា។

ហេតុផលទី៣៖ នលើឆាកអន្តរជាតិ ក៏គេស្ទើរតែលែងនិយាយពីឈ្មោះ សម រង្ស៊ី ទៅហើយដែរក្រៅតែពីបុគ្គលមួយចំនួនដែលជាម៉ូយចាស់និងអ្នកខ្លះទៀត ធ្វើជាគាំទ្រសម រង្ស៊ីដើម្បីរកប្រជាប្រិយភាពនិងប្រយោជន៍សំរាប់ខ្លួនឯងតែប៉ុណ្ណោះ។ ក្នុងការធ្វើនយោបាយជាង ២០ ឆ្នាំកន្លងទៅនេះ លោក សម រង្ស៊ី ជួបតែនឹងបរាជ័យរត់ចោលស្រុកអត់ស្វាងហើយទៅអំពុលទុក្ខគេជាដរាប។ អ្វីដែល សម រង្ស៊ី និយាយពីកម្ពុជា ប្រាប់អន្តរជាតិ ទៀតសោធ សុទ្ធសឹងជាពាក្យភូតកុហកលើគោក ក្នុងន័យបំផ្លាញប្រទេសជាតិខ្លួនឯង ដើម្បីតែផលប្រយោជន៍ នយោបាយផ្ទាល់ខ្លួនតែ ប៉ុណ្ណោះ។ ការធ្វើកំហុសខាងយុទ្ធសាស្ត្រដ៏ធំបំផុតដែលសហគមអន្តរជាតិត្រូវតែដកខ្លួនអោយឆ្ងាយផុតពីលោក សម រង្ស៊ី នោះ គឺការប្រមាថមាក់ងាយអង្គព្រះមហាក្សត្រនិងជាពិសេស ការអំពាវនាវអោយកងទ័ពផ្តាច់ខ្លួនហើយបែរចុងកាណុងប្រឆាំងរដ្ឋាភិបាលដែលទង្វើនេះគឺស្មើនឹងការប្រកាសជាចំហធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលផងនិងប្តូររបបរាជានិយមនៅកម្ពុជាផង។

ចុងក្រោយ នេះ សារព័ត៌មានអន្តរជាតិល្បីៗ ក៏បានចាប់ផ្តើមវាយប្រហារលោក សម រង្ស៊ី ផងដែររឿងមិនបានកក់សំបុត្រយន្តហោះ។

ហេតុផលទាំងអស់នេះគឺជាកត្តាសត្យានុម័តមិនអាចប្រកែកបាន ដែលនាំដល់ការបរាជ័យនៃយុទ្ធនាការម្រាម ៩ របស់លោក សម រង្ស៊ី។ ស្ថានភាពថ្ងៃ ៩ វិច្ឆិកា នេះ ក៏អាចវាស់ស្ទង់បាន យ៉ាងច្បាស់លាស់ផងដែរអំពីកម្លាំងនយោបាយរបស់លោក សម រង្ស៊ី។

តាមរយៈព្រឹត្តការណ៍ថ្ងៃនេះ បើនិយាយពីឡានវិញ លោក សម រង្ស៊ី គឺជាឡានខូច ហើយអស់សាំង រីឯអ្នកបើកបរក៏ចាស់ជរាមើលផ្លូវលែងឃើញទៅហើយ។ ដូច្នេះ មធ្យោបាយមានតែមួយគត់គឺត្រូវប្តូរទាំងឡាន និងប្តូរទាំងសាំង និងទាំងអ្នកបើកបរដើម្បីឲ្យមានសន្ទុះថ្មី។ យ៉ាងណាមិញឆាកនយោបាយកម្ពុជាពេលនេះត្រូវការតួអង្គនយោបាយថ្មីក្នុងក្រុមប្រឆាំងដែលអាចធ្វើជាដៃគូដ៏ស័ក្តិសមជាមួយលោក ហ៊ុន សែន ដើម្បីជំរុញការអភិវឌ្ឍជាតិឲ្យលឿនទៅមុខដោយគ្មានឧបសគ្គដូចក្នុង យុគសម័យដែលសម រង្ស៊ី ជាមេបក្សប្រឆាំងនោះឡើយ។ ជោគវាសនានយោបាយរបស់លោក សម រង្ស៊ី អស់ហាងឆេងត្រឹមនេះហើយ។ សូមសម្រាកចុះលោក សម រង្ស៊ី goodbye ៕

ដោយ : សាស្ត្រាចារ្យវិទ្យាសាស្ត្រសង្គមនៃសាកលវិទ្យាល័យកំពង់ចាម

អត្ថបទទាក់ទង