ខ្មែរប៉ុស្ដិ៍ Close

    អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ វោហារសព្ទរបស់ទណ្ឌិត សម រង្ស៊ី បង្ហាញឆន្ទៈយ៉ាងមុតមាំក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់និងរបបរាជានិយមនាថ្ងៃទី៩ វិច្ឆិកា

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1198
    អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ វោហារសព្ទរបស់ទណ្ឌិត សម រង្ស៊ី បង្ហាញឆន្ទៈយ៉ាងមុតមាំក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់និងរបបរាជានិយមនាថ្ងៃទី៩ វិច្ឆិកាអ្នកនាំពាក្យក្រសួងយុត្តិធម៌៖ វោហារសព្ទរបស់ទណ្ឌិត សម រង្ស៊ី បង្ហាញឆន្ទៈយ៉ាងមុតមាំក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់និងរបបរាជានិយមនាថ្ងៃទី៩ វិច្ឆិកា

    មួយរយៈពេលចុងក្រោយនេះទណ្ឌិត សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសនៅតែបន្តវាយប្រហារយ៉ាងខ្លាំងក្លាលើរាជរដ្ឋាភិបាលស្របច្បាប់នៃកម្ពុជា ដែលមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ទន្ទឹមនេះ ទណ្ឌិត សម រង្ស៊ី ក៏បានអំពាវនាវអោយកងកម្លាំងនិងប្រជាពលរដ្ឋ ងើបបះបោលប្រឆាំងរាជរដ្ឋាភិបាលផងដែរ។ជុំវិញបញ្ហានេះ លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងថា វោហារសព្ទរបស់ទណ្ឌិត សម រង្ស៊ី បង្ហាញឆន្ទៈយ៉ាងមុតមាំក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់និងរបបរាជានិយម នាថ្ងៃទី៩ វិច្ឆិកា។

    លោក គឹម សន្តិភាព បានថ្លែងប្រាប់ CPC NEWS នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ថា «វោហារសព្ទរបស់ទណ្ឌិត សម រង្ស៊ី នឹងដាក់បន្ទុកអ្នកឱ្យក្លាយជាឧក្រិដ្ឋជន!»។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបន្តថា ការបង្កើនវោហារហិង្សា និងការបន្តអំពាវនាវរបស់ក្រុមឧទ្ទាមគឺជាការបង្ហាញអំពីឆន្ទៈយ៉ាងមុតមាំក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់និងរបបរាជានិយមនាថ្ងៃទី៩ វិច្ឆិកា ខាងមុខអោយបានសម្រេច!។ លោក គឹម សន្តិភាព បានសង្កត់ធ្ងន់ ថា «វោហារសព្ទទាំងអស់នេះ គ្មានអ្វីក្រៅតែពីជួយដាក់បន្ទុកបន្ថែមទៀតលើបទឧក្រិដ្ឋរបស់ក្រុមឧទ្ទាមជនទាំងនេះតែប៉ុណ្ណោះ!»។

    គួរបញ្ជាក់ថា យោងតាមសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី២ ខែវិច្ឆិកា កន្លងទៅនេះ អតីតគណបក្សសង្គ្រោះជាតិ បានប្រកាសថ្កោលទោសចំពោះការប្រើប្រាស់កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមទាំងអាជ្ញាធរអាកាសចរណ៍ស៊ីវិលកម្ពុជា ក្នុងការរារាំង និងទប់ស្កាត់ការវិលចូលស្រុកវិញរបស់សកម្មជនអតីតគណបក្សសង្គ្រោះជាតិ។

    សេចក្តីថ្លែងការណ៍នេះ បានសង្កត់ធ្ងន់ថា «ទោះជាមានការគម្រាមកំហែង ការរារាំងការទប់ស្កាត់តាមគ្រប់មធ្យោបាយ និងការបំភ្លៃព័ត៌មានគ្រប់រូបភាពយ៉ាងណាក៏ដោយ លោក សម រង្ស៊ី និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការវិលត្រឡប់មកមាតុភូមិកម្ពុជាវិញនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ តាមការគ្រោងទុកដោយឥតប្រែប្រួល ហើយគណៈកម្មការរៀបចំដំណើរមាតុភូមិនិវត្តន៍របស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ បានកំណត់យកប្រទេសថៃជាច្រកឆ្លងកាត់ចូលមកកាន់ប្រទេសកម្ពុជា»៕