ខ្មែរប៉ុស្ដិ៍ Close

លោក ស ខេង ណែនាំឱ្យសង្កត់ធ្ងន់អំពីសិទ្ធិ ផលប្រយោជន៍ និងសេចក្តីថ្លៃថ្នូរបស់ពលករទេសន្តរប្រវេសន៍ ការងារគ្រប់គ្រង និងកិច្ចការពារពលរដ្ឋក្នុងនាមជាប្រទេសដែលមានអធិបតេយ្យភាព

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 19
លោក ស ខេង ណែនាំឱ្យសង្កត់ធ្ងន់អំពីសិទ្ធិ ផលប្រយោជន៍ និងសេចក្តីថ្លៃថ្នូរបស់ពលករទេសន្តរប្រវេសន៍ ការងារគ្រប់គ្រង និងកិច្ចការពារពលរដ្ឋក្នុងនាមជាប្រទេសដែលមានអធិបតេយ្យភាព លោក ស ខេង ណែនាំឱ្យសង្កត់ធ្ងន់អំពីសិទ្ធិ ផលប្រយោជន៍ និងសេចក្តីថ្លៃថ្នូរបស់ពលករទេសន្តរប្រវេសន៍ ការងារគ្រប់គ្រង និងកិច្ចការពារពលរដ្ឋក្នុងនាមជាប្រទេសដែលមានអធិបតេយ្យភាព

នៅសណ្ឋាគារសុខាល័យអង្គរ ខេត្តសៀមរាប នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ មានបើកកិច្ចប្រជុំពិគ្រោះយោលប់ មន្ត្រីជាន់ខ្ពស់ កម្រិតបច្ចេកទេស នៃប្រទេសបញ្ជូនទាំងបី កម្ពុជា ឡាវ និងមីយ៉ាម៉ា (CLM) ស្តីពី តួនាទី ប្រទេសបញ្ជូនក្នុងការការពារពលករទេសន្តរប្រវេសន៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ជាប្រធានគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សកម្ពុជា។

លោកឧបនាយករដ្ឋមន្រ្តី ស ខេង បានបញ្ជាក់ថា ដោយប្រទេសទាំងបី ជាប្រទេសជិតខាងគ្នា មានវប្បធម៌ប្រហាក់ប្រហែលគ្នា មានព្រំដែនជាប់ជាមួយប្រទេសថៃ ដូចគ្នា ហើយក៏មានប្រជាពលរដ្ឋ បានកំពុងធ្វើការងារនៅប្រទេសថៃ ទាំងស្របច្បាប់ និងមិនស្របច្បាប់ ហើយមួយចំនួនបានកំពុងប្រឈមនឹងបញ្ហាជាច្រើន ក្នុងដំណើរការទេសន្តរប្រវេសន៍ តាំងពីចាកចេញកន្លែងធ្វើការរហូតដល់ពេលត្រឡប់មកវិញ យើងទទួលស្គាល់ថា ការធ្វើទេសន្តរប្រវេសន៍ គឺជាសិទ្ធិពលរដ្ឋ ក្នុងការជ្រើសរើសការងារ មុខរបរ និងទីកន្លែងរស់នៅ តែយើងក៏ត្រូវគិតអំពីសិទ្ធិ ផលប្រយោជន៍ និងសេចក្តីថ្លៃថ្នូរក្នុងនាមជាមនុស្សរបស់ពលករ ការគ្រប់គ្រង និងកិច្ចការពារពលរដ្ឋរបស់យើង ក្នុងនាមជាប្រទេសដែលមានអធិបតេយ្យភាព និងទំនាក់ទំនងល្អរវាងប្រទេសជិតខាង និងរវាងប្រទេសបញ្ជូន និងប្រទេសទទួលផងដែរ។

លោក ស ខេង ក៏បានគូសបញ្ជាក់ថា ទាំងនេះគឺជាតួនាទីរបស់ប្រទេសយើងទាំងបី ដែលជាប្រទេសបញ្ជូន ដែលចាំបាច់ត្រូវរួមសហការគ្នាក្នុងការដោះស្រាយបញ្ហារួម ហើយប្រទេសនីមួយៗ មានរបៀបគ្រប់គ្រង បទដ្ឋាន និងនីតិវិធីក្នុងការអនុវត្តដោយឡែកៗពីគ្នា ហើយក៏មានទាំងចំណុចល្អ ទាំងចំណុចខ្វះខាត ហើយត្រូវរិះរកស្តង់ដារអនុវត្តមួយ ដែលសមស្របសម្រាប់ប្រទេសទាំងបី គឺជាការចាំបាច់សម្រាប់ការលើកកម្ពស់ សុវត្ថិភាព និងផលប្រយោជន៍ពលករ ក៏ដូចជាកាត់បន្ថយភាពរងគ្រោះក្នុងអំឡុងពេលនៃទេសន្តរប្រវេសន៍ និងផលប៉ះពាល់អវិជ្ជ មានចំពោះពលករ គ្រួសារ និង សង្គមជាតិយើង។

លោកឧបនាយករដ្ឋមន្រ្តី ស ខេង ក៏បានលើកផងដែរថា ពលករមានតួនាទីនៃការអភិវឌ្ឍសេដ្ឋកិច្ច ហើយការបង្កើនប្រសិទ្ធភាពនៃអភិបាលកិច្ចទេសន្តរប្រវេសន៍ការងារ ត្រូវបានកំណត់យ៉ាងច្បាស់ថា ជាអាទិភាពមួយរបស់រដ្ឋជាសមាជិកអាស៊ាន ទើបមានកិច្ចព្រមព្រៀងជាឯកច្ឆន្ទរបស់អាស៊ាន ស្ដីពីការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍ត្រូវបានអនុម័ត ក្នុងខែ វិច្ឆិកា ឆ្នាំ ២០១៧ ដោយរដ្ឋជាសមាជិកអាស៊ាន។ កិច្ចព្រមព្រៀងនេះ កំណត់យ៉ាងច្បាស់ពីកាតព្វកិច្ចរបស់រដ្ឋបញ្ចូនពលករ និងរដ្ឋទទួលពលករ (ក្នុងជំពូកទី ៥ និងជំពូកទី ៦) ដោយរដ្ឋសមាជិកត្រូវបំពេញកាតព្វ កិច្ចគោរព និងការពារសិទ្ធិពលករទេសន្តរប្រវេសន៍។ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ននេះ សហគមន៍សេដ្ឋកិច្ចអាស៊ានពុំបានបញ្ចូលខ្លឹមសារស្ដីពីការផ្លាស់ទីពលករគ្មានជំនាញ ពលករដែលមានជំនាញទាប និងពលករដែលមានជំនាញមធ្យម ក្នុងការឆ្លងព្រំដែនរបស់ប្រទេសនីមួយៗនោះឡើយ។ ដើម្បីសម្រេចឱ្យបាននូវសមធម៌ បរិយាបន្ន និងស្ថិរភាពនៃកំណើនអាស៊ាន ចាំបាច់ត្រូវមានយន្តការ ដែលឆ្លើយតបចំពោះលំហូរទេសន្តរប្រវេសន៍ទាំងនេះ។ នេះក៏ជាហេតុផលចាំបាច់មួយ ដែលក្នុងតួនាទីជាប្រទេសបញ្ជូន ត្រូវពិភាក្សាគ្នាដើម្បីរិះរកគំនិតផ្តួចផ្តើមសមស្រប សម្រាប់ដំណោះស្រាយទាំងនេះផងដែរ ។ លើសពីនេះទៅទៀត «កតិកាសញ្ញាពិភពលោក ស្តីពីទេសន្តរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់» ដែលបានអនុម័តនៅប្រទេសម៉ារ៉ុក កាលពីខែធ្នូឆ្នាំ២០១៨ កន្លងទៅ ក៏ជាឧបករណ៍សំខាន់មួយ ដែលប្រទេសទាំងអស់ជាសមាជិក ចាំបាច់ត្រូវជម្រុញអនុវត្ត ដើម្បីការពារពលករទេសន្តរប្រវេសន៍ ពីរាល់ទម្រង់នៃការជួញដូរ និងកេងប្រវ័ញ្ចនៅគ្រប់តំណាក់កាលនៃការធ្វើទេសន្តរប្រវេសន៍ផងដែរ។

លោក ស ខេង ក៏បានផ្តល់នូវអនុសាសន៍ និងបទពិសោធន៍ល្អៗមួយចំនួនដើមី្បជាប្រទីបក្នុងកិច្ចប្រជុំពិភាក្សានៃប្រទេសទាំងបី ព្រមទាំងមានសង្ឃឹមជឿជាក់ថា កិច្ចពិភាក្សានេះ នឹងទទួលបានលទ្ធផលជាផ្លែផ្កា ដែលប្រតិភូនីមួយៗ នឹងអាចនាំយកលទ្ធផលនៃកិច្ចពិភាក្សាទៅដាក់ជូនថ្នាក់ដឹកនាំរដ្ឋាភិបាល ដើម្បីធ្វើការសម្រេចចិត្តក្នុងការធ្វើឲ្យក្លាយជាសកម្មភាពជាក់ស្តែង ក្នុងការគ្រប់គ្រងទេសន្តរប្រវេសន៍ និងកិច្ចការពារប្រជាពលរដ្ឋពីភាពរងគ្រោះដោយអំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចគ្រប់រូបភាព និងឈានទៅការជួបគ្នារវាងថ្នាក់ដឹកនាំប្រទេសទាំងបី ដើម្បីសម្រេចលើសេចក្តីថ្លែងការណ៍រួម ដំណោះស្រាយរួម នៅពេលអនាគតដ៏ខ្លីខាងមុខ និងអាចដាក់ស្នើការពិភាក្សាជាមួយភាគីថៃ ដើម្បីរួមសហការគ្នាដោះស្រាយបញ្ហាពលករឲ្យបានរលូន និងមានប្រសិទ្ធភាព៕

អត្ថបទទាក់ទង