ខ្មែរប៉ុស្ដិ៍ Close

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញក្នុងពិធីបើកកិច្ចប្រជុំកំពូលស្តីពីទឹក លើកទី៣ ក្រោមប្រធានបទ ការទប់ស្កាត់វិបត្តិទឹក នៅប្រទេសហុងគ្រី

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 275
    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញក្នុងពិធីបើកកិច្ចប្រជុំកំពូលស្តីពីទឹក លើកទី៣ ក្រោមប្រធានបទ ការទប់ស្កាត់វិបត្តិទឹក នៅប្រទេសហុងគ្រីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញក្នុងពិធីបើកកិច្ចប្រជុំកំពូលស្តីពីទឹក លើកទី៣ ក្រោមប្រធានបទ ការទប់ស្កាត់វិបត្តិទឹក នៅប្រទេសហុងគ្រី

    កិច្ចប្រជុំកំពូលស្តីពីទឹក លើកទី៣ ក្រោមប្រធានបទ «ការទប់ស្កាត់វិបត្តិទឹក» បានប្រារព្វពិធីបើក ជាផ្លូវការ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ នៅឧទ្យាន Millenaris ក្នុងទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី។ ពិធីដ៏មានអត្ថន័យនេះ បានប្រារព្វធ្វើឡើងក្រោមវត្តមានដ៏ខ្ពស់ខ្ពស់លោក ជេណូស អាឌឺ (Janos ADER) ប្រធានាធិបតី នៃសាធារណរដ្ឋហុងគ្រី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក Liqun Jin ប្រធានធនាគារវិនិយោគហេដ្ឋារចនា​សម្ព័ន្ធ​អាស៊ី លោក Shri Gajendra Singh Shekhawat រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋ​ឥណ្ឌា ព្រមទាំងវត្តមានគណ:ប្រតិភូជាន់ខ្ពស់ មកពីបណ្តាប្រទេសនានាលើសកលលោកជា​ច្រើន​រូបផងដែរ​។

    នៅក្នុងសន្និ​សីទដ៏មានសារសំខាន់នោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានការទទួលសា្វគមន៍​យ៉ាង​កក់ក្តៅបំផុត ពីសំណាក់ប្រធានាធិបតីហុងគ្រី មុនពិធីបើកកិច្ចប្រជុំកំពូល និងថ្នាក់ដឹក​នាំជាន់ខ្ពស់នៃបណ្តាប្រទេសនានាដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់នោះ។

    នៅក្នុងពិធីនោះដែរ បន្ទាប់ពីការអញ្ជើញថ្លែងសុន្ទរកថាបើកដោយ ប្រធានាធិបតី ហុងគ្រី ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល និងសារវីដេអូ របស់អគ្គលេខាធិការអង្គការសហប្រជាជាតិរួចមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះសំខាន់ៗទៅកាន់កិច្ចប្រជុំកំពូលស្តីពីទឹក លើកទី៣ ក្រោមប្រធានបទ ការ​ទប់​ស្កាត់វិបិត្តទឹក ដោយផ្តោតទៅលើអាទិភាព យុទ្ធសាស្រ្ត និងកម្មវិធីការងារច្បាស់លាស់របស់កម្ពុជា ដើម្បីសម្រេចបាននូវការគ្រប់គ្រង និងការអភិវឌ្ឍធនធានទឹកប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានលើកឡើងពីភាពចាំបាច់ក្នុងកិច្ចប្រឹងប្រែងរួមគ្នាសម្រាប់សន្តិសុខទឹកនិងនិរន្តរភាពបរិស្ថាន និងបញ្ហាប្រឈមដទៃទៀត ដូចជានិន្នាការនៃការឡើងកំដៅភពផែនដីកំណើនប្រជាជនក្នុងសកលលោក និងជម្លោះក្នុងការប្រើប្រាស់ទឹកឆ្លងដែនផងដែរ៕

    អត្ថបទទាក់ទង