កិច្ចប្រជុំរដ្ឋមន្រ្តីបរិស្ថានអាស៊ានលើកទី១៥ នៃភាគីសន្និសីទកិច្ចព្រមព្រៀងអាស៊ាន ស្តីពី ការបំពុលផ្សែងអ័ព្ទឆ្លងដែន
កិច្ចប្រជុំរដ្ឋមន្រ្តីបរិស្ថានអាស៊ានលើកទី១៥ នៃភាគីសន្និសីទកិច្ចព្រមព្រៀងអាស៊ាន ស្តីពី ការបំពុលផ្សែងអ័ព្ទឆ្លងដែន
នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ នៅសណ្ឋាគារសូហ្វីតែល ខេត្តសៀមរាប កិច្ចប្រជុំលើកទី១៥ រដ្ឋមន្រ្តីបរិស្ថានអាស៊ាន បានដំណើរការបន្តទៀត ផ្តោតទៅលើការបំពុលផ្សែងអ័ព្ទឆ្លងដែន ដែលមានការអញ្ជើញចូលរួមពី លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីបរិស្ថានអាស៊ាន និងរដ្ឋមន្ត្រីបរិស្ថាននៃសមាគមអាស៊ាន ព្រមទាំងប្រតិភូអគ្គលេខាធិការអាស៊ានជាច្រើននាក់។
ក្នុងឱកាសនេះ លោក សាយ សំអាល់ បានមានប្រសាសន៍បើកកិច្ចប្រជុំដោយស្វាគមន៍យ៉ាងកក់ក្តៅ ដល់រដ្ឋមន្រ្តីបរិស្ថានអាស៊ានទាំងអស់ និងបំផុសគំនិតក្នុងការរួមគ្នាគ្រប់គ្រងការបំពុលដោយផ្សែងអ័ព្ទ ដែលកើតចេញពីទន្ទ្រានដីព្រៃ និងការដុតព្រៃ។ គួរជម្រាបថា បញ្ហានេះ ត្រូវបានប្រទេសអាស៊ានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការគ្រប់គ្រងផ្សែងអ័ព្ទឆ្លងដែន នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០០២ ហើយចូលជាផ្លូវការនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៣។
សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនៅថ្ងៃនេះ រដ្ឋមន្រ្តីបរិស្ថានអាស៊ាន នឹងជួបពិភាក្សាតាមកម្មវិធីដែលបានគ្រោងទុកដូចជា ការពិនិត្យ និងគម្រោងផែនការគ្រប់គ្រងស្ថានភាព អាកាសធាតុ និងផ្សែងអ័ព្ទឆ្លងដែន។
ជាមួយគ្នានេះ អង្គប្រជុំក៏បានពិនិត្យ និងពិភាក្សាលើឯកសារទាក់ទងទៅនឹងចំនុចដូចខាងក្រោម៖
– ស្ថានភាពភ្លើងឆេះព្រៃ និងផ្សែងអ័ព្ទ និងផែនការសកម្មភាពរបស់ប្រទេសជាសមាជិកអាស៊ាន
– ការធ្វើបច្ចុប្បន្នភាពកិច្ចព្រមព្រៀងលើការគ្រប់គ្រងផ្សែងអ័ព្ទឆ្លងដែនក្នុងក្របខណ្ឌជាតិ និងតំបន់
– ផែនទីបង្ហាញផ្លូវនៃកិច្ចសហប្រតិបត្តិការ ដើម្បីគ្រប់គ្រងផ្សែងអ័ព្ទឆ្លងដែន
– ការស្វែងរកមូលនិធិ ដើម្បីគ្រប់ផ្សែងអ័ព្ទឆ្លងដែនរបស់អាស៊ាន
– ការធ្វើបច្ចុប្បន្នភាពនូវការបង្កើតមជ្ឍមណ្ឌលគ្រប់គ្រងផ្សែងអ័ព្ទឆ្លងដែន
– ការពិនិត្យរបាយការណ៍នៃកិច្ចប្រជុំក្រុមការងារអាស៊ានលើកទី៤ស្តីពីដីមមោក
– កម្មវិធីកិច្ចសហប្រតិបត្តិការជាមួយដៃគូ
– ការបង្កើតការិយាល័យធ្វើការសម្រាប់គណៈកម្មាធិការប្រតិបត្តិ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗទៀត៕






