ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ «ហេតុអ្វីនាយករដ្ឋមន្ត្រី ហ៊ុន សែន យកថ្ងៃ ៩ វិចិ្ឆកា ជាទិវាអកអំបុកដើម្បីការពារ ជាតិ សាសនា ព្រះមហាក្សត្រ?»

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី២ ខែតុលា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 63
លិខិតមិត្តអ្នកអាន៖ «ហេតុអ្វីនាយករដ្ឋមន្ត្រី ហ៊ុន សែន យកថ្ងៃ ៩ វិចិ្ឆកា ជាទិវាអកអំបុកដើម្បីការពារ ជាតិ សាសនា ព្រះមហាក្សត្រ?» លិខិតមិត្តអ្នកអាន៖ «ហេតុអ្វីនាយករដ្ឋមន្ត្រី ហ៊ុន សែន យកថ្ងៃ ៩ វិចិ្ឆកា ជាទិវាអកអំបុកដើម្បីការពារ ជាតិ សាសនា ព្រះមហាក្សត្រ?»

នៅព្រឹកថ្ងៃទី២ តុលា ២០១៩នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសយកថ្ងៃទី ៩ វិច្ឆិកា ជា ទិវាអកអំបុកដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ ហើយបានអំពាវនាវឲ្យប្រជាពលរដ្ឋទូទាំងប្រទេស ពិសារអំបុកគ្រប់ៗគ្នានិងគ្រប់ទីកន្លែង។ មិនត្រឹមតែ ប៉ុណ្ណោះ លោកនាយករដ្ឋមន្ត្រី ថែមទាំងបានប្រកាសជាឧឡារឹកថា នឹងត្រូវតែរៀបចំពិធីបុណ្យអុំទូកនៅថ្ងៃទី ១០ ដល់ ១២ វិច្ឆិកា តាមការគ្រោងទុកបើទោះជាទឹក ទន្លេចតុមុខនៅសល់តែកម្ពស់មួយម៉ែត្រក៏ដោយ។

សម្រាប់ខ្ញុំ សាររបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ពិតជា មានអត្ថន័យយ៉ាងធំធេង ទាំងក្នុងអត្ថន័យនយោបាយផង អត្ថន័យខាងវប្បធម៌ផង និង ការបង្រួបបង្រួមជាតិផង ដើម្បីបន្តជ្រោងទង់ ជាតិ សាសនា ព្រះហាក្សត្រ ដែលជាបាវនារបស់ជាតិខ្មែរ យើង។

ក្នុងអត្ថន័យនយោបាយ លោក ហ៊ុន សែន បានប្រើយុទ្ធសាស្ត្រ យកទឹកឃ្មុំទៅបន្សាបពិសរបស់ក្រុមប្រឆាំងក្រៅច្បាប់ដឹកនាំដោយទណ្ឌិត សម រង្ស៊ី។ ជាអត្ថន័យវប្បធម៌វិញ លោក ហ៊ុន សែន ចង់ប្រើប្រាស់ឱកាស នេះដើម្បីលើកតម្កើងតម្លៃអំបុកខ្មែរដូចដែលលោកធ្លាប់បានធ្វើសម្រាប់នំបញ្ចុកកាលពីពេល ថ្មីៗនេះដែរ។ ចំណែកឯអត្ថន័យ ជាការបង្រួមបង្រួមជាតិវិញ គឺលោកចង់ឲ្យខ្មែរគ្រប់គ្នាដែល បាននិងកំពុងរស់នៅដោយសុខសាន្តក្រោមម្លប់សុខ សន្តិភាព រួមគ្នាជ្រោងទង់ ជាតិ សាសនា ព្រះមហាក្សត្រឲ្យបានខ្ពស់ត្រដែតឡើងប្រឈមនឹង ការគំរាមកំហែងធ្វើរដ្ឋប្រហារ ផ្តួលរំលំរបបរាជានិយម និងរាជរដ្ឋាភិបាលពីសំណាក់ក្រុមអ្នកនយោបាយនីរទេសខ្លួនមួយ ក្តាប់តូចដឹកនាំដោយសម រង្ស៊ី។

ដើម្បីមើលឲ្យឃើញកាន់តែ ច្បាស់អំពីអត្ថន័យនៃសាររបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីព្រឹកមិញនេះ ខ្ញុំសូមធ្វើការវិភាគលើចំណុចសំខាន់ៗ មួយចំនួនដូចខាងក្រោមនេះ៖

ទី១៖ លោកនាយករដ្ឋមន្ត្រីបាន ប្រកាសជាឧឡារឹកថា នឹងត្រូវតែ រៀបចំពិធីបុណ្យអុំទូករយៈពេលបីថ្ងៃ តាមការគ្រោងទុក ចាប់ពីថ្ងៃទី ១០ ដល់ ១២ វិច្ឆិកា បើទោះជា ទឹកទន្លេចុះទាបនៅសល់តែមួយ ម៉ែត្រក៏ដោយ។ ត្រង់ចំណុចនេះ ខ្ញុំមើលឃើញយ៉ាងច្បាស់ថា លោកហ៊ុន សែន កំពុងប្រើ”យុទ្ធសាស្ត្រ រុញទូកបណ្តោយទឹក ” ដើម្បីកាត់ចោលឲ្យអស់នូវលេសរបស់ក្រុមប្រឆាំងដឹកនាំដោយសម រង្ស៊ី កុំឲ្យមានហេតុផលចោទប្រកាន់មកលើរដ្ឋាភិបាល ថាខ្លាចចលនា បះបោរក្នុងអំឡុងពេលបុណ្យអុំ ទូកជាពិសេសថាខ្លាចលោករង្ស៊ីវីលចូលស្រុក។

គេបានដឹងច្បាស់ថា លោកសម រង្ស៊ី និង គូកនចង់យកពិធីបុណ្យអុំទូក ដើម្បីជាឱកាសប្រមូលផ្តុំកម្លាំងដើម្បីបង្កចលនាបះបោរ ផ្តួលរំលំរដ្ឋាភិបាលពីព្រោះពួកគេយល់ថា ពិធីបុណ្យអុំទូកមានមនុស្សរាប់លាននាក់មកចូលរួមដែលធ្វើឲ្យអាជ្ញាធរមានសមត្ថកិច្ចពិបាកគ្រប់គ្រងនិងធានាសន្តិសុខ។ ប៉ុន្តែខ្ញុំយល់ថា សម្រាប់លោក ហ៊ុន សែន ដែលមាន បទពិសោធន៍ធ្វើនយោបាយយ៉ាងចាស់វស្សានិងធ្លាប់បាន រំលាយអង្គការចាត់តាំងនយោបាយនិងយោធារបស់ខ្មែរក្រហមបានយ៉ាងងាយនោះ គាត់ពិតជាបានស្គាល់យ៉ាងច្បាស់នូវល្បិចកលរាក់កំផែលរបស់ សម រង្ស៊ី ដែលគ្រាន់តែចង់គោះទឹកបង្អើលត្រី រឺគោះភ្នំបង្អើលខ្លាតែប៉ុណ្ណោះ។

គេក៏គួរយល់ថា ប្រជាពលរដ្ឋដែលនឹងមកចូលរួមពិធីបុណ្យអុំទូកគឺគេមកដើម្បីកម្សាន្តសប្បាយ មិនមែនមកដើម្បីបង្កចលាចលសង្គមឡើយ។ បើទោះជាមានក្រុមជ្រុលនិយមខ្លះដែលចាញ់បោកលោកសម រង្ស៊ី ចង់បង្កចលាចលក្នុងពេលនោះ ក៏អាជ្ញាធរមានសមត្ថកិច្ចនៅតែអាចគ្រប់គ្រងស្ថានការសន្តិសុខនិងសណ្តាបធ្នាប់បានជាធម្មតា ហើយជនដែលប៉ុនប៉ងបង្កបញ្ហាច្បាស់ជាត្រូវអាជ្ញាធរចាប់ឃាត់ ខ្លួននិងបញ្ជូនពួកគេទៅមន្ទីរឃុំឃាំង ដើម្បីទទួលទោសតាមច្បាប់ជាធម្មតាដែរ។ និយាយដោយខ្លី លោកនាយករដ្ឋមន្ត្រី មានជំនឿច្បាស់ថា ពលរដ្ឋខ្មែរទូទៅគាំទ្រសន្តិភាព ហើយកម្លាំង សមត្ថកិច្ច ក៍មានសមត្ថភាពនិង បទពិសោធន៍គ្រប់គ្រាន់ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងពេលបុណ្យអុំទូកព្រោះនេះជាពិធីបុណ្យប្រពៃណីខ្មែរដែលតែងតែរៀបចំធ្វើជារៀងរាល់ឆ្នាំ។

ដូច្នេះគ្មានហេតុផលអ្វីដែលរដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន រារែកដកថយរឺត្រូវខ្លាចការឃោសនាគំរាមសំឡុត បំភ័យតាមខ្យល់របស់ លោក សម រង្ស៊ីនោះឡើយ។

ទី២៖ ការប្រកាសយកថ្ងៃទី ៩ វិច្ឆិកាជាថ្ងៃអកអំបុកទូទាំងប្រទេសដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ គឺជាការប្រែក្លាយថ្ងៃដែលក្រុមអ្នកនយោបាយក្រៅច្បាប់កំណត់យកដើម្បីផ្តួលរំលំ របបរាជានិយមនិងរាជរដ្ឋាភិបាល ឲ្យទៅជាថ្ងៃដែលប្រជាពលរដ្ឋ គ្រប់គ្នាចូលរួមការពារ ជាតិ សាសនា ព្រះមហាក្សត្រវិញ។ នេះគេហៅថាជា «យុទ្ធសាស្ត្រ ប្រើប្រាស់ដាវរបស់សត្រូវដើម្បីចាក់ទៅលើសត្រូវវិញ» តាមវិធីត្រជាក់តាមបែបយកទឹកឃ្មុំទៅបន្សាបពិស។ នរណាក៏បានមើលឃើញដែរថា នយោបាយរបស់ សម រង្ស៊ី ដែលដើរប៉ុន្មានជំហ៊ានចុងក្រោយនេះកំពុងតែធ្វើឲ្យខ្លួនគាត់ឯកោកាន់តែខ្លាំងដោយសារតែកំហុសខាង
យុទ្ធសាស្ត្រ។

កំហុសធំបំផុតទី១: គឺ ការបើកសមរភូមិវាយប្រហារ ប្រមាថ ព្រះមហា្សត្រដែលជាទីគោរពស្រឡាញ់របស់ប្រជាពលរដ្ឋ។ សមរភូមិនេះបានធ្វើឲ្យសម រង្ស៊ី បាត់បង់ការគាំទ្រទាំងស្រុងពី សំណាក់អ្នករាជានិយមនិងប្រជាពលរដ្ឋដែលគោរពស្រឡាញ់ព្រះមហាក្សត្រទាំងក្នុងនិងក្រៅប្រទេស។

កំហុសធំបំផុតទី២: គឺ ការអំពាវនាវអោយកងទ័ពងើបបះបោរនិងការប្រើវិធីទិញទឹកចិត្តកងទ័ពដើម្បីឲ្យចូលរួមក្នុងផែនការធ្វើរដ្ឋប្រហាររបស់ខ្លួនដែលជាវិធី ហិង្សា មិនប្រជាធិបតេយ្យ ដែលធ្វើឲ្យ លោក សម រង្ស៊ី បាត់បង់ការគាំទ្រពីសហគមន៍អន្តរជាតិ អង្គការសង្គមស៊ីវីល រាប់ទាំងអង្គការសហប្រជាជាតិជាពិសេសគឺក្រុមកឹម សុខានិយមតែម្តង។ ក្នុងន័យនេះ លោកហ៊ុន សែន ដែលមានបទពិសោធយ៉ាងជោគជាំនិងធ្លាប់ប្រើនយោបាយឈ្នះឈ្នះដើម្បីបញ្ចប់ចលនាខ្មែរក្រហមដោយមិនចាំបាច់ធ្វើ សង្គ្រាមក៏បានប្រើ យុទ្ធសាស្ត្រ ស្រដៀងគ្នានេះដែរពោលគឺ លោកមិនចាំបាច់ចំណាយកម្លាំងឡើយក្នុងការវាយបកទៅលើ សម រង្ស៊ី គឺ ដោយគ្រាន់តែយកកាំបិតដែលសម រង្ស៊ី ហុចដងឲ្យទៅប្រើដើម្បីចាក់សម រង្ស៊ី វិញជាការគ្រប់គ្រាន់ពេក។

កំហុសធំមួយទៀតរបស់ សម រង្ស៊ី: គឺការវាយទៅលើចំណុច ខ្លាំងរបស់លោកហ៊ុន សែន នៅត្រង់ការចង់ទិញទឹកចិត្តទ័ព។ អ្នកណាក៏ដឹងដែរថា លោក ហ៊ុន សែន ជាមេទ័ពជើងចាស់ ជាអ្នកបង្កើតទ័ព ជាអ្នកយល់ចិត្តយល់សុខទុក្ខ ថែទាំនិងបណ្តុះបណ្តាលទ័ព និងជាអ្នកបញ្ជាកងទ័ពទាំងមូល។ ដូច្នេះ សម រង្ស៊ី ដែលមិនយល់អ្វីសោះពីយុទ្ធសាស្ត្រទ័ពបែរទៅវាយលើ ចំណុចខ្លាំងបំផុតរបស់គូបដិបក្ខទៅវិញជំនួសឲ្យការវាយទៅលើ ចំណុចខ្សោយដែលជាតំណមដែលត្រូវជៀសវាង។

ដូច្នេះ ការប្រកាសយកថ្ងៃ ៩វិច្ឆិកាជាថ្ងៃអកអំបុក ដើម្បីការពារជាតិ សាសនា និងព្រះមហាក្សត្រ មានអត្ថន័យគ្រប់គ្រាន់ដើម្បីបំបាក់បំផ្លាញផែនការផ្តួលរំលំរដ្ឋាភិបាល និងផ្តួលរំលំរាជានិយមនៅកម្ពុជាបានយ៉ាងងាយនិងអាចប្រែក្លាយថ្ងៃដែលសម រង្ស៊ីគ្រោងអោយមានអំពើហិង្សា នេះឲ្យទៅជាថ្ងៃសាមគ្គីគ្នាវិញតាមវិធីទន់បង្ក្រាបរឹង។

ទី៣៖ ដូចដែលលោកនាយករដ្ឋមន្ត្រីធ្លាប់បានធ្វើរួចហើយ កាល ពីខែមិថុនាកន្លងទៅនេះក្នុងការ បង្វែថ្ងៃហូបនំបញ្ចុកនយោបាយបំបែកបំបាក់ជាតិរបស់ក្រុម ប្រឆាំងឲ្យទៅជាថ្ងៃ ហូបនំបញ្ចុកដើម្បីផ្សះផ្សារជាតិដែលធ្វើឲ្យនំបញ្ចុកខ្មែរល្បីពេញប្រទេស និងក្រៅប្រទេសផង ពេលនេះ លោក ហ៊ុន សែន ក៏សំរេច ប្រែក្លាយ ថ្ងៃ ៩វិច្ឆិកាដែល ក្រុមប្រឆាំងដឹកនាំដោយសម រង្ស៊ី ចង់យកជាថ្ងៃធ្វើរដ្ឋប្រហារ បង្ហូរ ឈាម ឲ្យទៅជាថ្ងៃ សម្រាប់លើកស្ទួយអំបុករបស់ខ្មែរវិញ។

ខ្ញុំហ៊ានវាយតំលៃទុកជាមុនថា នៅថ្ងៃទី ៩វិច្ឆិកាខាងមុខនេះ ពលរដ្ឋទូទាំងនគរក៏ដូចជាខ្មែរ នៅក្រៅប្រទេសផងនឹងនាំគ្នាទទួលទានអំបុកតាមការអំពាវនាវ របស់ លោក ហ៊ុន សែន ហើយដែលនឹងធ្វើឲ្យអំបុកខ្មែរល្បី សុះសាយទាំងនៅក្នុងប្រទេស ទាំងនៅក្រៅប្រទេស។ នេះពិតជាកំពូលយុទ្ធសាស្ត្រដែលអាច បង្វែរថ្ងៃអាក្រក់ឲ្យទៅជាថ្ងៃល្អ និងបានជួយលើកស្ទួយផលិត ផលខ្មែរថែមទៀត។ ម៉្យាងទៀត ក៏ពិតជាមិនខុសពី យុទ្ធនាការហូបនំបញ្ចុកលើកមុនដែរ ការប្រកាសរបស់លោក ហ៊ុន សែននេះពិតជានឹងធ្វើ អោយអ្នកលក់អំបុក ដូង ស្ករស នៅទូទាំងប្រទេសមុខរីកដូចគ្រាប់ជីដោយសារត្រូវប៉ាន់ហើយលក់មិនទាន់តម្រូវការផង។

សរុបមកវិញ មួយក្បាច់របស់លោក ហ៊ុន សែន ចុងក្រោយនេះពិតជាធ្វើឲ្យផែនការរបស់លោកសម រង្ស៊ី រលាយខ្សុលដូចអំបិលត្រូវទឹក។ ផែនការធ្វើរដ្ឋប្រហារនៅថ្ងៃ ៩ វិច្ឆិកាបានក្លាយជាថ្ងៃលើកស្ទួយ អំបុកខ្មែរ និងជាថ្ងៃការពារជាតិ សាសនា ព្រះមហាក្សត្រទៅវិញដែលចំណុចពិសេសបែបនេះហើយបានជាជនបរទេសសំរេចចិត្តផ្តល់ងារជូនលោក ហ៊ុន សែនថាជាបុរសខ្លាំងដែលសម្បូរដោយយុទ្ធសាស្ត្រ រាប់ទាំង យុទ្ធសាស្ត្រ ចាប់ដងកាំបិតរបស់ខ្មាំងប្រឆាំងនឹងសត្រូវវិញយ៉ាងទាន់ហន់។

និយាយជារួម ល្បែងនយោបាយរបស់សម រង្ស៊ី ដែល «ចង់ដុតផ្ទះចោលដើម្បីចំអិនពងមាន់របស់ខ្លួនមួយ» គឺពិតជាបរាជ័យទាំងស្រុងព្រោះការប្រកាសរបស់ លោក ហ៊ុន សែនជាឧឡារឹកក្នុងការរៀបចំបុណ្យអំទូកឆ្នាំនេះ និងការប្រកាសយកថ្ងៃ ៩ វិច្ឆិកា ជាថ្ងៃទទួលទានអំបុកទូទាំងប្រទេសដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ គឺជា វិធានការ «យកដែកគោលវាយលើគម្របម្ឈូស» ដើម្បីបញ្ចប់ជា ស្ថាពរនូវផែនការរបស់ សម រង្ស៊ី ក្នុងការធ្វើប្រហារថ្ងៃ ៩វិច្ឆិកា។

ដោយ: អ្នកតាមដាននយោបាយតុកាហ្វេ

អត្ថបទទាក់ទង