រយៈពេល ៩ខែនេះ កម្ពុជារកចំណូលបានជាង ៧៤ លានដុល្លារ ពីការលក់ប័ណ្ណជូនភ្ញៀវទេសចរចូលទស្សនារមណីយដ្ឋានអង្គរ
ក្នុងរយៈពេល០៩ខែ ឆ្នាំ២០១៩ កម្ពុជារកចំណូលបានជាង៧៤លានដុល្លារអាមេរិក បានពីការលក់ប័ណ្ណជូនភ្ញៀវចូលទស្សនារមណីយដ្ឋានអង្គរវត្តចំនួន១,៦៦២,៥១៣នាក់។ នេះយោងតាមរបាយការណ៍ផ្លូវការរបស់គ្រឹះស្ថានអង្គរនៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩។
បើតាមរបាយការណ៍ចំណូលដែលទទួលបានជាង៧៤លានដុល្លារនេះ រាជរដ្ឋាភិបាល បានដកចំនួន ៣,៣២៥,០២៦ដុល្លារ ឧបត្ថម្ភចូលមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីទ្រទ្រង់ដំណើរការពិនិត្យ និងព្យាបាលកុមារកម្ពុជា។
ដោយឡែកក្នុងខែកញ្ញា ឆ្នាំ២០១៩ កម្ពុជារកចំណូលបានជាង៤លានដុល្លារអាមេរិក ទទួលបានពីការលក់បណ្ណ ជូនភ្ញៀវចូលទស្សនារមណីយដ្ឋានអង្គរវត្ត ចំនួន ១១០,៦៧៧នាក់។
សូមជម្រាបថា បណ្ណចូលទស្សនាតំបន់អង្គរ ត្រូវបានបែងចែកជា៣ប្រភេទគឺ៖ ប្រភេទប័ណ្ណចូលទស្សនា១ថ្ងៃ មានតម្លៃ ៣៧ដុល្លារ ប្រភេទប័ណ្ណចូលទស្សនា៣ថ្ងៃ មានតម្លៃ ៦២ដុល្លារ និងមានសុពលភាព១០ថ្ងៃ និងប្រភេទបណ្ណចូលទស្សនា៧ថ្ងៃ មានតម្លៃ ៧២ដុល្លារ និងមានសុពលភាព០១ខែ៕