ខ្មែរប៉ុស្ដិ៍ Close

ប្រភេទសំណង់ផ្ទះបុរាណ ដែលអាជ្ញាធរជាតិអប្សរាអនុញ្ញាតសម្រាប់អ្នកស្រុកអង្គរ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 105
ប្រភេទសំណង់ផ្ទះបុរាណ ដែលអាជ្ញាធរជាតិអប្សរាអនុញ្ញាតសម្រាប់អ្នកស្រុកអង្គរ ប្រភេទសំណង់ផ្ទះបុរាណ ដែលអាជ្ញាធរជាតិអប្សរាអនុញ្ញាតសម្រាប់អ្នកស្រុកអង្គរ

ដើម្បីថែរក្សា និងលើកកម្ពស់ទេសភាពវប្បធ៌មក្នុងរមណីយដ្ឋានអង្គរ ជាពិសេសលើកតម្លៃនិងអភិរក្សផ្ទះបុរាណខ្មែរ អាជ្ញាធរជាតិអប្សរាបានដាក់ចេញនូវគោលការណ៍គំរូសាងសង់លំនៅដ្ឋានបែបខ្មែរបុរាណដល់អ្នកស្រុកអង្គរ។ ផ្ទះបែបបុរាណខ្មែរ ជាប្រភេទផ្ទះបានកសាងខ្ពស់ផុតពីដី ជាប្រភេទសំណង់ស្រាល គ្មានការជីកគ្រឹះជ្រៅទៅក្នុងដី និងមានទម្រង់៥ប្រភេទ ដោយប្រភេទនីមួយៗមានភាពខុសគ្នាត្រង់រចនាបថនៃដំបូល ។

អាជ្ញាធរជាតិអប្សរាបានអនុញ្ញាតឱ្យអ្នកស្រុកអង្គរ ជួសជុលផ្ទះចាស់ទ្រុឌទ្រោម ឬសាងសង់ផ្ទះថ្មីជំនួសផ្ទះចាស់ ក្នុងនោះដែរ ផ្ទះដែលត្រូវបានអនុញ្ញាតឱ្យសាងសង់ គឺជាប្រភេទផ្ទះដែលមានរចនាបថបែបខ្មែរ មានចំនួន៥ប្រភេទ គឺប្រភេទផ្ទះខ្មែរ ឬកឹង ប្រភេទផ្ទះរោង(ផ្ទះកន្តាំង) ប្រភេទផ្ទះរោងដោល ប្រភេទផ្ទះរោងឌឿង និងប្រភេទផ្ទះប៉ិត។ ចំពោះប្រភេទផ្ទះក្រៅពីនេះ មិនត្រូវបានអនុញ្ញាតឡើយ ដូចជាផ្ទះតៀម ផ្ទះល្វែងមួយជាន់ ឬច្រើនជាន់ ឬសំណង់ទាំងឡាយណាដែលមានការជីកគ្រឹះជ្រៅទៅក្នុងដី និងមានលក្ខណៈទំនើបកម្ម។

ក្នុងនោះដែរ អាជ្ញាធរជាតិអប្សរក៏បានគិតគូដល់ថ្នាំពណ៌ផ្ទះ ដំបូលត្រូវធ្វើអំពីក្បឿងប្រើពណ៌ដីដុត ឬពណ៌ស៊ីម៉ងត៍ ហ្វ៊ីប្រូ ឬស័ង្កសីត្រូវប្រើពណ៌ក្រហម ឬពណ៌បៃតង ជញ្ជាំងឥដ្ឋខាងក្រោមអាចលាបពណ៌ស៊ីម៉ងត៍ ឬពណ៌ដីលែង ឱ្យស្រគាំទៅនឹងពណ៌ឈើ ចំណែកឯជញ្ជាំង ទ្វារ បង្អួច ដែលធ្វើអំពីឈើត្រូវទុកសាច់ឈើធម្មជាតិ ឬក៏លាបពណ៌ដូចឈើធម្មជាតិ។ ពណ៌ក្រៅពីនេះដែលមានសភាពស្រស់ឆើតឆាយ ត្រូវបានហាមឃាត់ ពុំអនុញ្ញាតឡើយ។

ប្រជាពលរដ្ឋដែលបានរស់នៅក្នុងតំបន់១ និងតំបន់២ អាចរុះរើ ជួសជុលផ្ទះចាស់ទ្រុឌទ្រោម ឬសាងសង់ផ្ទះថ្មីជំនួសផ្ទះចាស់បាន ត្រូវមានលិខិតអនុញ្ញាតពីអាជ្ញាធរជាតិអប្សរាជាមុន ដូចមានចែងក្នុងព្រះរាជក្រឹត្យ នស/រកត/០១៩៩/១៩ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ១៩៩៩ និងបទបញ្ជារបស់រាជរដ្ឋាភិបាល លេខ០២ បប ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៤ ព្រមទាំងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល លេខ ៧០ សសរ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៤។

អត្ថបទទាក់ទង