ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ ២៥ឆ្នាំ នៃជីវិតនយោបាយរបស់ សម រង្ស៊ី

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 57
លិខិតមិត្តអ្នកអាន៖ ២៥ឆ្នាំ នៃជីវិតនយោបាយរបស់ សម រង្ស៊ី លិខិតមិត្តអ្នកអាន៖ ២៥ឆ្នាំ នៃជីវិតនយោបាយរបស់ សម រង្ស៊ី

ទណ្ឌិតរត់ចោលស្រុក សម រង្ស៊ី កាលពីថ្ងៃទី៧ កញ្ញានេះ បានប្រកាសទាំងអំណួត ដោយហាក់មានមោទកភាពខ្លាំងចំពោះជីវិតនយោបាយ២៥ឆ្នាំរបស់ខ្លួន។ ជាពិសេសចំណុចដ៏គួរឱ្យចាប់អារម្មណ៍បំផុតនោះ គឺគាត់បានអះអាងថា គាត់នេះហើយ ជាមនុស្សដំបូងគេបង្អស់ ដែលបានបំផុសឱ្យមានបាតុកម្មមហាជន។ គាត់នេះហើយ ដែលជាអ្នករៀបចំឱ្យមានកូដកម្មបំផ្លាញឆ្នាំងបាយកម្មករមុនគេបង្អស់នៅតាមរោងចក្រនានា។ ទោះបីជាទណ្ឌិតរត់ចោលស្រុករូបនេះ ព្យាយាមពន្យល់ថាអ្វីដែលខ្លួនបានធ្វើក្នុងជីវិតនយោបាយ២៥ឆ្នាំនេះ គឺដើម្បីបុព្វហេតុទាមទារសិទ្ធិ សេរីភាព និងប្រជាធិបតេយ្យក៏ដោយ ក៏គេដឹងយ៉ាងច្បាស់ថា នេះគ្រាន់តែជាលេសដើម្បីបិទបាំងអំពើទុច្ចរិតក្នុងគោលដៅសម្រេចមហិច្ឆតា ដណ្តើមអំណាចរបស់ទណ្ឌិតក្បត់ជាតិ និងគូកនតែប៉ុណ្ណោះ។
យើងត្រឡប់មកមើលបន្តិចថា តើ ២៥ឆ្នាំ នៃជីវិតនយោបាយ របស់ សម រង្ស៊ី ដែលបានអួតអាងក្តែងៗនោះ បានផ្តល់ផលចំណេញ ឬអត្ថប្រយោជន៍អ្វីខ្លះដល់ជាតិ និងប្រជាជនកម្ពុជា?

១- ទណ្ឌិត សម រង្ស៊ី មិនយល់ពីតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋកម្ពុជានោះទេ៖

បន្ទាប់ពីរួចផុតពីក្រញាំបិសាច ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហមដ៏ឃោឃៅរួចមក បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលបានរងទុក្ខវេទនា ឆ្លងកាត់សោកនាដកម្មដ៏មហាសែនរន្ធត់នោះ គឺគ្មានចង់បានអ្វី ក្រៅពីសេចក្តីសុខនោះទេ។ ពលរដ្ឋដែលនៅរស់រានមានជីវិតពីរបប ប៉ុល ពត សុំត្រឹមមានបាយហូបគ្រប់គ្រាន់ អាចរស់នៅជួបជុំក្រុមគ្រួសារ និងរួចផុតពីការកាប់សម្លាប់គ្មានត្រាប្រណី។ ប៉ុន្តែបន្ទាប់ពីចាប់ផ្តើមចូលប្រឡូកក្នុងជីវិតនយោបាយទណ្ឌិតក្បត់ជាតិ សម រង្ស៊ី មិនបានយល់ពីបំណង និងសេចក្តីប៉ងប្រាថ្នាពិតប្រាកដរបស់ប្រជាពលរដ្ឋខ្មែរឡើយ។ នេះអាចដោយសារទណ្ឌិតរូបនេះ មិនធ្លាប់បានឆ្លងកាត់ និងភ្លក់រសជាតិនៃរបបប្រល័យពូជសាសន៍ និងសង្គ្រាមរ៉ាំរ៉ៃនៅកម្ពុជា។ ទណ្ឌិតរូបនេះ បានយកពាក្យថាសិទ្ធិ សេរីភាព និងប្រជាធិបតេយ្យ មកធ្វើជាដើមទុននយោបាយរបស់ខ្លួន ដោយមិនគិតគូពីសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋឡើយ។ ប្រទេសជាតិទើបតែងើបឡើងវិញពីសង្គ្រាម និងរបបប្រល័យពូជសាសន៍ រាជរដ្ឋាភិបាលខិតខំអភិវឌ្ឍប្រទេសពីបាតដៃទទេ និងខិតខំទាក់ទាញអ្នកវិនិយោគឱ្យមករកស៊ីនៅស្រុកខ្មែរ តែបែរជាទណ្ឌិតក្បត់ជាតិ នាំកម្មករ-កម្មការិនី ធ្វើបាតុកម្ម កំទេចរោងចក្រ ដែលជាឆ្នាំងបាយរបស់កម្មករ និងជាដង្ហើមសេដ្ឋកិច្ចជាតិមួយដ៏សំខាន់របស់កម្ពុជាទៅវិញ។

២-ទណ្ឌិតក្បត់ជាតិ ជាមនុស្សដំបូងគេដែលដឹកនាំបង្កើតឱ្យមានការបង្ហូរឈាមនៃពលរដ្ឋកម្ពុជាថ្មីម្តងទៀត បន្ទាប់ពីរាជរដ្ឋាភិបាលខិតខំបញ្ចប់ និងទប់ស្កាត់នូវការបង្ហូរឈាមរវាងខ្មែរ និងខ្មែរអស់រយៈពេលជាច្រើនឆ្នាំ៖

កន្លងមកនេះ មហាបាតុកម្ម និងកូដកម្ម របស់ទណ្ឌិតក្បត់ជាតិ គឺបានធ្វើឱ្យបាតុករដែលត្រូវបានញុះញង់ និងរុញច្រានដោយមានជនរូបនេះ និងបក្ខពួក នៅពីក្រោយខ្នង បានស្លាប់យ៉ាងអាណោចអាធ័ម។ ក្រុមបាតុករខ្លះរងរបួស ខ្លះជាប់គុក និងខ្លះរត់ចោលស្រុកនេះហើយជាមោទនភាពនៃការខិតខំដឹកនាំ ញុះ​ញង់ អុចអាលរបស់ទណ្ឌិតក្បត់ជាតិ និងគូកន។ ពួកគេចាប់ទុកថា ការបង្ហូរឈាមនៃក្រុមបាតុករ គឺជាជោគជ័យនៃមហាកុប្បកម្មរបស់ពួកគេ ខណៈរាជរដ្ឋាភិបាលខំប្រឹងមកជាច្រើនឆ្នាំ ដើម្បីបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា។ ដើម្បីប្រជាពលរដ្ឋខ្មែរបានសុខ យុទ្ធសាស្ត្រឈ្នះឈ្នះត្រូវបានបង្កើតឡើង ក្រោមគំនិតផ្តួចផ្តើមរបស់បុរសខ្លាំង ហ៊ុន សែន ក្នុងគោលដៅធ្វើយ៉ាងណាឱ្យខ្មែរគ្រប់ភាគី បានរស់នៅដោយសុខដុមនីយកម្ម និងរួមរស់ជាមួយគ្នា ក្រោមដំបូលសន្តិភាពតែមួយ។ ប៉ុន្តែអាសូរជីវិតក្រុមបាតុករ និងអ្នកដើរតាមនយោបាយទណ្ឌិតក្បត់ជាតិ បែរជាត្រូវមករងកម្មពៀរក្នុងសម័យកាលសន្តិភាព និងអភិវឌ្ឍន៍ ដែលត្រូវបានបញ្ឆេះឡើងដោយទណ្ឌិតក្បត់ជាតិម្តងហើយម្តងទៀត។

៣-លេងល្បែងពិសពុល បំផ្លាញឆ្នាំបាយកម្មករ ដោយគ្មានអៀនខ្មាស់៖

អ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា​ បានមើលឃើញថា ២៥ឆ្នាំនេះទណ្ឌិត សម រង្ស៊ី ខំប្រឹងប្រែងសម្បើមណាស់ ក្នុងការបណ្តេញរោងចក្រសហគ្រាស និងបណ្តេញអ្នកវិនិយោគបរទេសចេញពីកម្ពុជា។ បើគ្មានរោងចក្រនោះទេ កម្មករគ្មានការងារធ្វើ គ្មានចំណូល ជីវភាពធ្លាក់ទៅជាដុនដាប នេះហើយគឺជាសេចក្តីសុខរបស់ទណ្ឌិតក្បត់ជាតិ។ សម រង្ស៊ី តែងតែស្តីបន្ទោស និងរិះគន់បក្សកាន់អំណាច ថាមិនឆ្លាតវៃក្នុងការរកទីផ្សារ ឬធ្វើឱ្យជីវភាពប្រជាជនបានប្រសើរឡើង។ ប៉ុន្តែនៅពីក្រោយការខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិ គឺជាការបំផ្លាញយ៉ាងងងុលរបស់ទណ្ឌិតរត់ចោលស្រុកទៅវិញ។ ទណ្ឌិតរត់ចោលស្រុករូបនេះ បានញុះញង់កម្មករឱ្យតវ៉ាប្រឆាំងនិងថៅកែរោងចក្រ។ ក្រោមលេសទាមទារតម្លើងប្រាក់ខែ ទណ្ឌិតក្បត់ជាតិ បានជំរុញឱ្យកម្មករធ្វើបាតុកម្មតវ៉ា និងបិទផ្លូវ ព្រមទាំងវាយកម្ទេច និងដុតបំផ្លាញរោងចក្រសហគ្រាស ដែលកំពុងតែដំណើរការ ដើម្បីឱ្យថៅកែរោងចក្រទាំងនោះខាតបង់ បិទរោងចក្រ និងរត់ចោលស្រុកជាដើម។ នេះគឺជាល្បែងដ៏ពិសពុល និងគ្រោះថ្នាក់ជាទីបំផុត ដែលជនក្បត់ជាតិបានបញ្ឆេះឱ្យបងប្អូនកម្មករធ្វើ ដើម្បីបម្រើឱ្យមហិច្ឆតាដណ្តើមអំណាចរបស់ខ្លួន។

៤- ប្រើថ្វីមាត់ដ៏កខ្វក់ ដើម្បីបំពេញបេសកម្មបំផ្លាញកេរ្តិ៍ឈ្មោះ និងបន្ទាបបន្ថោកមុខមាត់ជាតិ លើឆាកអន្តរជាតិ៖

ពេលចេញទៅក្រៅប្រទេស និងពេលមានវត្តមាននៅបរទេសម្តងៗ ទណ្ឌិតរូបនេះ គឺខំប្រឹងសម្បើមណាស់ក្នុងការបង្ខូចកេរ្តិ៍កម្ពុជា។ ប្រើវិធីមួលបង្កាច់ បំភ្លើស បំភ្លៃ បំភ័ន្ត ចោទប្រកាន់ និងលាបពណ៌សព្វគ្រប់បែបយ៉ាង ដើម្បីបន្ទាបបន្ថោកកម្ពុជាលើឆាកអន្តរជាតិ។ សម រង្ស៊ី សុខចិត្តឱ្យបរទេសមាក់ងាយ និងមិនឱ្យតម្លៃខ្មែរ បើទោះបីជាខ្លួនឯងមានឈាមជ័រជាខ្មែរម្នាក់ក៏ដោយ ក៏ទណ្ឌិតរូបនេះ មិនញញើតនឹងធ្វើទង្វើលាមក បំផ្លាញកេរ្តិ៍ឈ្មោះខ្មែរនោះឡើយ។ ចំណុចខ្វះខាតបន្តិចបន្តួច ទណ្ឌិតក្បត់ជាតិខំយកទៅបំប៉ោង ពង្រីកឱ្យរីកធំ និងទម្លាក់កំហុសដាក់បក្សកាន់អំណាចគ្រប់រឿង។ ជំរុញឱ្យបរទេសឈប់មកវិនិយោគ ឈប់ទិញទំនិញដែល​ផលិតនៅកម្ពុជា ឈប់ផ្តល់ជំនួយគ្រប់រូបភាពមកប្រទេសកម្ពុជា និងថែមទាំងជម្រុញឱ្យអន្តរជាតិដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងដកប្រព័ន្ធអនុគ្រោះព័ន្ធលើគ្រប់មុខទំនិញពីកម្ពុជាទៀតផង។ សម រង្ស៊ី សុខចិត្តប្រើទេពកោសល្យ និងចំណេះដឹងរបស់ខ្លួន ធ្វើគ្រប់បែបយ៉ាង ឱ្យតែជាតិឆាប់រលំរលាយ ដោយចាប់ទុកថា ការរលាយរលត់នៃជាតិ គឺជាមហាជោគជ័យរបស់ខ្លួន។

៥- ជំនាញខាងប្រកូកប្រកាស ប្រមូលកម្លាំង បង្កចលាចល និងភាពវឹកវរដល់សង្គមជាតិ៖

មិនខ្វល់ថានឹងមានពលរដ្ឋខ្មែរប៉ុន្មាននាក់ត្រូវស្លាប់នោះទេ ទណ្ឌិតក្បត់ជាតិ តែងតែជ្រើសរើសយកយុទ្ធសាស្ត្របះបោរដើម្បីផ្តួលរំលំរដ្ឋាភិបាល តាមរបៀបមិនស្របច្បាប់ មកធ្វើជាត្រីមុខ។ មាត់និយាយពីប្រជាធិបតេយ្យ និងអហិង្សាគ្រប់ម៉ាត់ ប៉ុន្តែសកម្មភាពវិញ គឺអនាធិបតេយ្យ និងហិង្សានិយមពេញតួ។ ជំរុញឱ្យពលរដ្ឋខ្មែរយកគម្រូតាមប្រទេសដែលផ្លាស់ប្តូរដោយបដិវត្តពណ៌ និងផ្លាស់ប្តូរដោយអំពើហិង្សា ទាំងដឹងហើយថា យុទ្ធសាស្ត្ររបស់ខ្លួននឹងឈានទៅរកការបង្ហូរឈាម ការស្លាប់បាត់បង់ជីវិត និងសោកនាដកម្មដល់អ្នកចូលរួម។ ស្ថានភាពប្រទេសជាតិអាចនឹងធ្លាក់ទៅជាចលាចល និងវឹកវរ ប្រសិនបើការអនុវត្តនូវយុទ្ធសាស្ត្របះបោររបស់ទណ្ឌិតក្បត់ជាតិបានសម្រេច។ សង្គមជាតិទាំងមូលដែលកំពុងតែរីកចម្រើន និងពោរពេញដោយសុខសន្តិភាព ព្រមទាំងស្នាមញញឹម និងប្រែទៅជាវិនាសកម្ម ឬអាចជួបគ្រោះធំ បើសិនជាបំណងទុច្ចរឹតរបស់ទណ្ដិតក្បត់ជាតិ ទទួលបានជោគជ័យមែននោះ។

ជារួមសម្រាប់ខ្ញុំ ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំពិតជាសោកស្តាយខ្លាំងណាស់ ដែលលោក សម រង្ស៊ី បានចំណាយពេលវេលាដល់ទៅ ២៥ឆ្នាំ នៃជិវិតនយោបាយរបស់ខ្លួន ដោយមិនបានជួយអ្វីជាប្រយោជន៍ដល់ជាតិ សូម្បីតែបន្តិចសោះ ក្រៅតែពីបំផ្លាញប្រទេសជាតិ និងប្រជាជនខ្លួនឯង។ ទណ្ឌិតរត់ចោលស្រុក បានចំណាយទាំងចំណេះ និងជំនាញ ដើម្បីបំផ្លាញសេចក្តីសុខរបស់ប្រជាពលរដ្ឋកម្ពុជា។ ហើយអ្វីដែលរឹតតែហួសចិត្តនោះ គឺទណ្ឌិតក្បត់ជាតិរូបនេះ បានចាត់ទុកថា ទង្វើបង្កភាពវឹកវរដល់ជាតិ និងប្រជាជន គឺជាសមិទ្ធផលដែលជាទីគាប់ចិត្តរបស់ខ្លួន និងបក្ខពួកទៅវិញ។ សមិទ្ធផលរបស់ទណ្ឌិតរត់ចោលស្រុក ២៥ឆ្នាំនេះ គឺគ្មានអ្វីក្រៅពីនាំប្រទេសជាតិទៅរកគ្រោះថ្នាក់នោះឡើយ។ បើសិនជាអាច លោក សម រង្ស៊ី គួរតែប្រើប្រាស់ជីវិតចុងក្រោយរបស់ខ្លួន ដើម្បីជួយប្រទេសជាតិខ្លួនឯង តាមចំណែកណាមួយ ដែលខ្លួនអាចធ្វើទៅបាន។ ដូចជាការជួយកៀរគរអ្នកវិនយោគទុនបរទេសឱ្យមករកស៊ីនៅស្រុកខ្មែរ និងការស្នើសុំជំនួយដើម្បីកសាងនិងអភិវឌ្ឍន៍ប្រទេសជាដើម ជាជាងបន្តដើរលើផ្លូវខុសរហូតដល់ថ្ងៃស្លាប់៕

ដោយ៖ ស ជាតិ