លិខិតមិត្តអ្នកអាន៖ «កម្ពុជាពិត ខុសពីកម្ពុជា ប្រឌិត!»

ដោយ៖ លី វិទ្យា​​ | ថ្ងៃអាទិត្យ ទី១ ខែកញ្ញា ឆ្នាំ២០១៩​ | ទស្សនៈ - នយោបាយ |

ថ្ងៃអាទិត្យចុងសប្តាហ៍នេះ ក៏មិនខុសពីសព្វដងដែរ ខ្ញុំតែងតែទៅហាងកាហ្វេដើម្បីជជែកលេងជាមួយ មិត្តភក្តិផងនិងបានស្តាប់មតិយោបល់នានារបស់បងប្អូនប្រជាពលរដ្ឋផង។ ជាទូទៅ នៅថ្ងៃចុងសប្តាហ៍ តាមហាងកាហ្វេមានមនុស្សម្នាច្រើនជាងធម្មតា។ ខ្ញុំត្រូវជិះពីហាងមួយទៅមួយទៀតជា ច្រើនកន្លែងដើម្បីអាចរកកន្លែងចតយានយន្តបាន និងមានកន្លែងទំនេរសម្រាប់អង្គុយជជែកគ្នាជាមួយមិត្តភ័ក្តិ។

នៅជុំវិញខ្លួនខ្ញុំ អ្នកដែលចូលមកហាងកាហ្វេភាគច្រើនជាមនុស្សវ័យកណ្តាលនិងយុវជន។ ពួកគេមិនត្រឹមតែមកផឹកកាហ្វេទេ តែច្រើនមកជាក្រុមៗ ដើម្បីជជែកការងារ ឬជជែករឿងរកស៊ី រឺ អ្នកខ្លះ ជជែកលេងធម្មតា និងអ្នកខ្លះទៀតមកអង្គុយធ្វើការដោយមានកុំព្យូទ័រយួរដៃមកជាមួយ។

អ្នកដែលយកពេលទំនេរថ្ងៃអាទិត្យមកអង្គុយលេងឬអង្គុយធ្វើការនៅតាម ហាងកាហ្វេ ជាទូទៅ ពួកគេនិយាយដូចៗគ្នាថា មិនចង់ចេញទៅដើរកម្សាន្តតាមទី រមណីយដ្ឋានផ្សេងៗទេពី ព្រោះមនុស្សច្រើនពេក។ ដូច្នេះ ហាងកាហ្វេជាជម្រើសដ៍ល្អបំផុតសម្រាប់ពួកគេដើម្បីអាចជជែកលេងផង ធ្វើការងារផង និងផឹកកាហ្វេផងក្រោមបរិយាកាសដ៏មនោរម្យ មានម៉ាស៊ីនត្រជាក់ និងមានអាំងទែណែត wi-fi ប្រើដោយមិនអស់លុយទៀត។ និយាយតាមត្រង់ ខ្ញុំកើតមកជាងពាក់កណ្តាលមនុស្សទៅហើយ និងធ្លាប់បានឆ្លងកាត់ច្រើនរបត់សង្គមដែរតែមិន ដែលបានឃើញសង្គមណាដែលពលរដ្ឋខ្មែរជាពិសេសយុវជនមានស្ថានភាពបែបនេះទេ ពោលគឺជាស្ថានភាពនៃមនុស្សសម័យថ្មីដែលមាន ជីវិតរស់នៅបែបទំនើបមិនខុសពីបណ្តាប្រទេសជិតខាងក្នុងតំបន់ឡើយ។

នៅតាមដងផ្លូវ មនុស្សម្នាធ្វើ ដំណើរទៅមកមិនដាច់តាម មធ្យោបាយរថយន្ត ឬម៉ូតូ គ្រប់ម៉ាក គ្រប់ធុនទៅតាមកម្រិត ជីវភាពរបស់ពួកគេ។ ពេលល្ងាចបន្តិច ច្រកចូលមកកាន់ភ្នំពេញសុទ្ធតែស្ទះ ចរាចរណ៍គ្រប់ផ្លូវពីព្រោះជាពេលវេលាដែលអ្នកចេញទៅក្រៅក្រុងវិលត្រឡប់ចូលក្រុងវិញ។

ចុងសប្តាហ៍នេះខ្ញុំក៏បានជួបមិត្តភក្តិជនជាតិកាណាដាម្នាក់ដែលធ្លាប់ធ្វើការនៅកម្ពុជាហើយពេលនេះគាត់ក៏បានមកលេងស្រុកខ្មែរម្តងទៀត។ គាត់បាននិយាយថា ខានមកកម្ពុជាតែ៣ឆ្នាំសោះតែភ្នំពេញប្លែកស្ទើរតែមើលមិនស្គាល់។ គាត់និយាយថា ពេលយន្តហោះចុះចតនៅពោធិចិនតុង គាត់ចង់ភ័យពីព្រោះមើលពីលើមកស្មានថាយន្តហោះចុះចតខុសគោលដៅ ឬត្រូវគេបង្វែរការចុះចតដោយប្រការណាមួយហើយពីព្រោះអើតតាមបង្អួចយន្តហោះមើលមកក្រោមកឃើញសភាពប្លែកខុសពីមុនឆ្ងាយណាស់គឺសុទ្ធតែសំណង់ អាគារស្អេកស្កះមើលលែងដឹងថាជាភ្នំពេញ។ គាត់លាន់មាត់ថា កម្ពុជាពិតជាអភិវឌ្ឍន៍យ៉ាងលឿងដែលគាត់មិននឹកស្មានដល់។

ប្រសិនបើយើងបើកមើលហ្វេសប៊ុកវិញ ថ្ងៃអាទិត្យចុងសប្តាហ៍ ឃើញតែការបង្ហោះសារជូនពរគ្នាមិនដាច់។ អ្នកខ្លះបង្ហោះរូបភាពដំណើរកម្សាន្តរបស់ខ្លួន, អ្នកខ្លះជួបជុំមិត្តភក្តិ, ក្រុមគ្រួសារ, អ្នកខ្លះបង្ហោះម្ហូបអាហារ, ទេសភាពស្រុកស្រែ, ព្រៃភ្នំ, អ្នកខ្លះអួតសួនបន្លែជុំវិញផ្ទះ, អ្នកខ្លះចូលរួមអាពាហ័ពិពាហ៍ ឬកម្មវិធីបុណ្យទានផ្សេងៗ, អ្នកខ្លះក៏បង្ហោះលក់ទំនិញគ្រប់ប្រភេទតាមអនឡាញ, រីឯអ្នកខ្លះទៀតបង្ហោះដំណើរកម្សាន្តទៅក្រៅប្រទេស…។ ទាំងអស់នេះគឺជាសក្ខីភាពនៃសេចក្តីសុខរបស់ប្រជាពលរដ្ឋខ្មែរក្នុងយុគសម័យបច្ចុប្បន្នដែលជាសេចក្តីសុខកម្រកើតមានណាស់ក្នុងប្រទេសយើង។

ជាការពិត ក៏មានដែរអ្នកដែលបង្ហោះសារមិនសប្បាយចិត្តរឿងនេះ រឿងនោះ ឬក៏អ្នកខ្លះបង្ហោះពីគ្រោះថ្នាក់ចរាចរណ៍ ឬបញ្ហាដែលពួកគេជួបប្រទះ។ ប៉ុន្តែ ភាគច្រើនលើសលប់ គេឃើញតែរូបភាពជាវិជ្ជមាន ដែលបង្ហាញពីការសប្បាយ រីករាយនិងភាពសម្បូរសប្បាយរបស់ប្រជាពលរដ្ឋខ្មែរយើង។ គ្មានសង្គមណាមួយនៅលើលោកនេះដែលជាទីស្ថានល្អ ឥតខ្ចោះសម្រាប់ជីវិតរស់នៅនោះឡើយ។ សូម្បីបណ្តាប្រទេសមហាអំណាចធំៗក៏គង់នៅជួបប្រទះបញ្ហា ឬអំពើហិង្សា និងអសន្តិសុខដោយចៀសមិនផុត។ ជាក់ស្តែង ពេលដែលពលរដ្ឋខ្មែរកំពុងសម្រាកកម្សាន្តសប្បាយចុងសប្តាហ៍នេះ ក៏មានព្រឹត្តិការណ៍បាញ់ប្រហារសម្លាប់មនុស្សជាច្រើននាក់នៅរដ្ឋតិចសាសសហរដ្ឋអាមេរិក។ បណ្តាប្រទេសផ្សេងទៀតកំពុងជួបនឹងសង្គ្រាម វឹកវរ ដែលធ្វើឲ្យប្រជាជនអត់ឃ្លាន និងរត់ភៀសខ្លួនចេញពីប្រទេសជារៀងរាល់ថ្ងៃ។

សរុបទៅ កម្ពុជាមិនមែនជាប្រទេសល្អគ្រប់យ៉ាងទេ ប៉ុន្តែ បើធៀបទៅនឹងអតីតកាលរបស់ខ្លួន កម្ពុជាបច្ចុប្បន្នគឺជាទីស្ថានដ៏មនោរម្យសម្រាប់ប្រជាពលរដ្ឋខ្មែរ។ នេះបើយើងនិយាយពីកម្ពុជាពិត គឺខុសស្រឡះពីកម្ពុជាប្រឌិតដែលចេញពីបបូរមាត់របស់ក្រុមប្រឆាំងជ្រុលនិយមដឹកនាំដោយលោក សម រង្ស៊ី និងប្រព័ន្ធផ្សព្វផ្សាយដែលគាំទ្រក្រុមប្រឆាំងផ្កាប់មុខ។ ពួកគេនិយាយអាក្រក់ពីកម្ពុជារហូតតាមរយៈការយករឿងតូចតាចទៅបំប៉ោង បំផ្លើស ឬលើសពីនេះគឺប្រឌិតរឿងមិនពិតតែម្តងដើម្បីបង្ខូចបង្កាច់តាមគ្រប់រូបភាពក្នុងគោលបំណងធ្វើឲ្យគេជឿថា កម្ពុជាកំពុងប្រឈមមុខនឹងមហន្តរាយខ្លាំងណាស់ដែលទាមទារឲ្យពួកគេមកសង្គ្រោះ។ ដើម្បីសង្គ្រោះប្រទេសកម្ពុជា ពួកគេត្រូវការប្រមូលលុយយ៉ាងសន្ធឹកសន្ធាប់ពីបងប្អូនខ្មែរនៅក្រៅប្រទេស។ ល្បិចបោក ប្រាស់បែបនេះត្រូវបានលោកសម រង្ស៊ី និងគូកនប្រើប្រាស់ជាច្រើនទសវត្សរ៍មកហើយ។

ប៉ុន្តែ នយោបាយបោកប្រាស់នេះបាននិងកំពុងធ្វើឲ្យពលរដ្ឋខ្មែរច្រើនលើសលប់ទាំងក្នុងនិងក្រៅប្រទេសអស់ជំនឿដែលរុញច្រានលោក សម រង្ស៊ី ឲ្យធ្លាក់ក្នុងសភាពឯកាកាន់តែខ្លាំងឡើងៗជា លំដាប់។

ដូច្នេះ ខ្ញុំចង់អោយលោក សម រង្ស៊ី និងគូកន ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយគាំទ្រក្រុមប្រឆាំងទាំងឡាយចងចាំចុះថា ការនិយាយមិនពិតមិនអាចបោកប្រាស់គេបានទៀតឡើយក្នុងសម័យហ្វេសប៊ុកនិងសម័យព័ត៌មានវិទ្យាជឿនលឿនដូចសព្វថ្ងៃ។ បច្ចុប្បន្នមនុស្សរស់នៅក្នុងការពិតគឺមិនមែនជឿលើការប្រឌិតឡើយ។ នេះក៏ជាមូលហេតុសំខាន់បំផុតដែលប្រជាជនកម្ពុជាតែងផ្តល់យុត្តិធម៌ដល់គណបក្សដឹកនាំដោយលោក ហ៊ុន សែនក្នុង រយៈពេល៤០ឆ្នាំមកហើយ និងនៅតែបន្តផ្តល់យុត្តិធម៌ដល់អ្នករស់នៅក្នុងការ ពិតរយៈពេលយូរ អង្វែងតទៅទៀត៕

ដោយ: អ្នកតាមដាននយោបាយតុកាហ្វេ

បញ្ចេញមតិ
ពាក្យគន្លឹះទាក់ទង
អត្ថបទទាក់ទង