លោក ម៉ម សូណង់ដូ៖ សត្រូវចាស់ពីមុន ឥឡូវក្លាយជាមិត្តល្អ គ្មានការសងសឹក គ្មានការស្អប់ខ្ពើម
ប្រធានគណបក្ស សំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ បានលើកឡើងថា សត្រូវចាស់ពីមុន ឥឡូវក្លាយជាមិត្តល្អ គ្មានការសងសឹក គ្មានការស្អប់ខ្ពើម ដែលនេះជាអត្ថភាព សម្រាប់កម្ពុជាទៅអនាគតកាល ។
ការលើកឡើងរបស់លោក បង្ហាញពីរូបភាពជាច្រើនសន្លឹក ដែលបានថតជាមួយ ថ្នាក់ដឹកនាំកម្ពុជាដូចជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ និងមានមន្រ្តីជាន់ខ្ពស់ រាជរដ្ឋាភិបាល ជាច្រើនរូបផ្សេងទៀត ក្នុងឱកាសចូលរួម កិច្ចប្រជុំប្រចាំឆមាសលើកទី២ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩។
កាលពីអតីតកាល លោក ម៉ម សូំណង់ដូ ត្រូវបានពលរដ្ឋខ្មែរ នៅទូទាំងប្រទេសទទួលស្គាល់ថា គឺជាអ្នកប្រឆាំង ទៅនឹងសកម្មភាពរាជរដ្ឋាភិបាល ហើយលោកក៏ជាអ្នកការពារសិទ្ធិ ដ៏ល្បីឈ្មោះមួយរូបផងដែរ ។ ដោយសារតែមានសកម្មភាព គាំទ្រអតីតគណបក្សប្រឆាំងលោក ក៏ត្រូវបានកោះហៅឡើងតុលាការ ពាក់ព័ន្ធទៅនឹងសំណុំរឿង លោក កឹម សុខា ក្បត់ជាតិផងដែរ កាលពីចុងឆ្នាំ២០១៧។
លោក ម៉ម សូណង់ដូ បានឲ្យដឹង តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៩ សីហា ថា អ្នកនយោបាយតែង មានទស្សនខុសៗគ្នា ទិសដៅខុសគ្នា គួរតែអ្នកនយោបាយ គិតដល់សន្តិភាព ប្រយោជន៍ជាតិ និងសុភមង្គលប្រជាពលរដ្ឋ ប៉ុន្តែអ្នកនយោបាយខ្មែរ ច្រើនតែមានទំនៀមទំលាប់ យកនយោបាយ ធ្វើមធ្យោបាយ ដើម្បីដណ្តើមអំណាចតែប៉ុណោះ ហើយច្រើនតែយកអ្នកនយោបាយផ្សេងទៀត មិនបានគាំទ្រខ្លួន ទុកជាសត្រូវ ហេតុផលទាំងនោះហើយ បានលោកជ្រើសរើសពាក្យ«សត្រូវ»វិញ ដើម្បីទាញអារម្មណ៍ អ្នកនយោបាយទាំងអស់ ដែលគិតតែអំណាចផ្ទាល់ខ្លួន ងាកមកចូលរួមបំរើជាតិទាំងអស់គ្នា បំរើប្រជាពលរដ្ឋ ហើយរួបរួមគ្នាកសាងកម្ពុជា ទៅអនាគតកាល។
លោកថា “យើងមានពេលឈ្លោះគ្នា ក៏ត្រូវតែយើងមានពេលរួបរួមគ្នា កសាងជាតិផងដែរ” ។
លោកបានបញ្ជាក់ថា “អ្នកនយោបាយឈ្លោះគ្នា គឺជាការល្អមួយ សម្រាប់របបលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស អ្វីដែលប្រើពាក្យ សត្រូវ ពីព្រោះ អ្នកនយោបាយធ្វើនយោយ ដើម្បីតែអំណាច តួនាទី និងប្រយោជន៍ផ្ទាល់តែប៉ុណោះ ហើយច្រើនតែទុក អ្នកនយោបាយផ្សេងទៀត ជាសត្រូវ មូលហេតុនេះហើយបាន ជាមានការប្រកាប់ប្រចាក់ប្រើហិង្សា ដោយមិនញញើតដៃ ហើយភាគគីម្ខាងទៀត ប្រើយុទ្ធសាស្រ្តញុះញុង ប្រជាភិថុទ សន្យាខ្យល់ គ្រប់កម្មវិធីស្មោគគ្រោកទាំងអស់ ដើម្បីដណ្តើមអំណាច ” ។
លោក ម៉ម សូណង់ដូ បានលាឈប់ពី ប្រធានគណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ ក្រោយការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៣ ហើយបានបង្កើត គណបក្សនយោបាយសារជាថ្មី នៅមុនការការបោះឆ្នោត ឃុំ-សង្កាត់ឆ្នាំ២០១៧ ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១២ លោក ម៉ម សូណង់ដូ ត្រូវបានតុលាការ កាត់ទោសឲ្យជាប់ពន្ធនាគារ រយៈពេល២០ឆ្នាំ ពីបទញុះញង់ បង្កឲ្យមានការបះបោរមួយ ក្នុងទំនាស់ដីធ្លីនៅខេត្តក្រចេះ។ តែលោកត្រូវបានដោះលែងវិញ នៅខែមីនា ឆ្នាំ២០១៣៕
ប្រភព៖ Dap News