ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ស្នើសុំសហភាពអន្តរជាតិកីឡាទោចក្រយាន (UCI) ជួយសម្រេចចក្ខុវិស័យដណ្ដើមយកមេដាយក្នុងព្រឹត្តិការណ៍ SEA Games ២០២៣

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 24
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ស្នើសុំសហភាពអន្តរជាតិកីឡាទោចក្រយាន (UCI) ជួយសម្រេចចក្ខុវិស័យដណ្ដើមយកមេដាយក្នុងព្រឹត្តិការណ៍ SEA Games ២០២៣ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ស្នើសុំសហភាពអន្តរជាតិកីឡាទោចក្រយាន (UCI) ជួយសម្រេចចក្ខុវិស័យដណ្ដើមយកមេដាយក្នុងព្រឹត្តិការណ៍ SEA Games ២០២៣

ទីក្រុងអេហ្គល ប្រទេសស្វីស៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ បានដឹកនាំគណៈប្រតិភូកម្ពុជា ទៅបំពេញទស្សនកិច្ចនៅសហភាពអន្តរជាតិកីឡាទោចក្រយាន (Union Cycliste Internationale – UCI) ដែលជាសហព័ន្ធពិភពលោកទទួលបន្ទុកកីឡាទោចក្រយាន។ ការមកបំពេញទស្សនកិច្ចលើកនេះ គឺដើម្បីពិភាក្សាការងារក្នុងគោលបំណងអភិវឌ្ឍន៍វិស័យកីឡាទោចក្រយាននៅកម្ពុជា។ ការអញ្ជើញមករបស់លោករដ្ឋមន្ត្រី និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន ត្រូវបានទទួលដោយលោកស្រី អាមីណា ឡានណាយ៉ា (Amina Lanaya) អគ្គនាយករបស់ UCI និងមន្ត្រី UCI មួយចំនួនផ្សេងទៀត។

ជាកិច្ចចាប់ផ្ដើម លោករដ្ឋមន្ត្រី ប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន បានជម្រាបជូនលោកស្រី Amina Lanaya ថា កីឡាទោចក្រយានជាកីឡាមួយដែលមានប្រជាប្រិយភាពនៅក្នុងស្រទាប់មហាជននៅកម្ពុជា ប៉ុន្តែសម្រាប់ការប្រកួតនៅក្នុងព្រឹត្តិការណ៍នានា សមត្ថភាពរបស់កម្ពុជា នៅមានកម្រិតនៅឡើយ។ តែទោះជាយ៉ាងណា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ ក្នុងឆ្នាំ២០២៣ (SEA Games 2023) ហើយនោះជាចក្ខុវិស័យរបស់សហព័ន្ធក្នុងការពង្រឹងសមត្ថភាពដើម្បីដណ្ដើមមេដាយក្នុងព្រឹត្តិការណ៍នោះ។ ក្នុងជំនួបជាមួយ UCI ក្នុងពេលនោះ លោកបានស្នើសុំឲ្យ UCI ជួយដល់ការអភិវឌ្ឍសមត្ថភាពមន្ត្រីសហព័ន្ធកីឡាករ អាជ្ញាកណ្ដាល ក៏ដូចជាជំនួយជាកង់ និងឧបករណ៍ដទៃទៀត។

ជាកិច្ចឆ្លើយតប លោកស្រី Amina Lanaya បានថ្លែងអំណរគុណចំពោះការអញ្ជើញមករបស់ លោករដ្ឋមន្ត្រី ដោយនេះជាលើកទីមួយហើយ ដែលគណៈប្រតិភូកម្ពុជាបានមកបំពេញទស្សនកិច្ចនៅ UCI។ លោកស្រី បានកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះការប្តេជ្ញាចិត្តរបស់លោករដ្ឋមន្ត្រី ក្នុងការអភិវឌ្ឍវិស័យទោចក្រយាននៅកម្ពុជា ជាពិសេសចំពោះចក្ខុវិស័យដ៏ហ្មត់ចត់ ដើម្បីដណ្ដើមយកមេដាយក្នុងព្រឹត្តិការណ៍ SEA Games 2023។ លោកស្រីអគ្គនាយក បានជម្រាបជូនបន្ថែមថា UCI ទទួលភារកិច្ចគ្រប់គ្រងលើកីឡាប្រណាំងកង់ច្រើនប្រភេទ ដូចជា ការប្រណាំងលើដងវិថី លើផ្លូវកង់ កង់ប្រណាំងលើភ្នំ កង់ BMX ។ល។ លោកស្រីក៏បានជម្រាបជូនអំពីកម្មវិធីមួយចំនួនរបស់ UCI ដែលកម្ពុជាអាចស្នើមក UCI ក្នុងគោលបំណងពង្រឹងស្ថាប័ន សមត្ថភាពកីឡាករ ចំណេះដឹងគ្រូបង្វឹក និងអាជ្ញាកណ្ដាល ក៏ដូចជាឧបករណ៍មួយចំនួនទៀត ក្នុងគោលបំណងជួយដល់កម្ពុជាសម្រេចបានចក្ខុវិស័យរបស់ខ្លួន។

លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការណែនាំរបស់លោកស្រីអគ្គនាយក ដោយការមកជួបលើកនេះ នឹងបង្កើតជាទំនាក់ទំនងយូរអង្វែងរវាងសហព័ន្ធខ្មែរកីឡាទោចក្រយាន និងសហព័ន្ធពិភពលោក UCI។ ចំពោះសំណើនានា សហព័ន្ធខ្មែរកីឡាទោចក្រយាន នឹងពិនិត្យលើកម្មវិធីដែល UCI ជម្រាបជូន ដើម្បីលើកសំណើនានា សំដៅពង្រឹងបន្ថែមការអភិវឌ្ឍកីឡាទោចក្រយាន ដើម្បីអាចប្រកួតប្រជែងបានក្នុងព្រឹត្តិការណ៍ពិភពលោក និងតំបន់។ ក្រៅពីជំនួបជាមួយលោកស្រីអគ្គនាយក UCI គណៈប្រតិភូកម្ពុជាក៏បានជួបជាមួយមន្ត្រី UCI ផ្សេងទៀត រួមមានលោកស្រី បឺលីនដា ថាលីង (Belinda Tarling) ប្រធានផ្នែកអប់រំ និងគ្រប់គ្រងសមត្ថភាព និងមន្ត្រីផ្នែកទំនាក់ទំនងអន្តរជាតិរបស់ UCI ផងដែរ៕

អត្ថបទទាក់ទង