អាជ្ញាធរជាតិអប្សរាទទួលវត្ថុបុរាណ៥ប្រភេទ ពីអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ
នៅថ្ងៃទី២១ ខែសីហា ឆ្នំា២០១៩ នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ទទួលបានវត្ថុបុរាណចំនួន៥ប្រភេទពីអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ យកមករក្សាទុកបណ្តោះអាសន្ននៅការិយាល័យនាយកដ្ឋាន ដើម្បីចុះបញ្ជីទៅតាមបច្ចេកទេស និងរៀបចំសំណើរសម្រាប់យកទៅរក្សាទុកនៅសារមន្ទីរនរោត្តម សីហនុអង្គរ។
វត្ថុបុរាណទាំង៥ប្រភេទដែលទទួលបានរួមមាន៖
១-បំណែកដងខ្លួនព្រះពុទ្ធរូប ធ្វើពីថ្មភក់ មានកម្ពស់ ៦២ សង់ទីម៉ែត្រ ទទឹង ៣៨ សង់ទីម៉ែត្រ និងកម្រាស់ ១៨ ២-បំណែកកញ្ចាំង ធ្វើពីថ្មភក់ មានកម្ពស់៤៣ សង់ទីម៉ែត្រ ទទឹង៣៤ សង់ទីម៉ែត្រ និងកម្រាស់ ៣០ សង់ទីម៉ែត្រ ៣-បំណែកភ្នែនទេវរូប ធ្វើពីថ្មភក់ មានកម្ពស់១១សង់ទីម៉ែត្រ ទទឹង១១សង់ទីម៉ែត្រ និងកម្រាស់៩ សង់ទីម៉ែត្រ ៤-កុលាលភាជន៍(ថូ) ធ្វើពីដីដុត កម្ពស់២៥ សង់ទីម៉ែត្រ និងទទឹង២០ សង់ទីម៉ែត្រ
៥-កុលាលភាជន៍(ខួច) ធ្វើពីដីដុត កម្ពស់៧,៥ សង់ទីម៉ែត្រ និងទទឹង៨ សង់ទីម៉ែត្រ។
សូមបញ្ជាក់ថា វត្ថុបុរាណទាំង៥ប្រភេទត្រូវបានអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរទទួលបានតាមរយៈប្រជាជនដែលប្រទះឃើញដោយចៃដន្យក្នុងតំបន់ខ្លួនរស់នៅ ហើយរាយការណ៍ដល់អាជ្ញាធរមូលដ្ឋាន ដែលមានសមត្ថកិច្ចដើម្បីយកមករក្សាទុក។ បន្ទាប់ពីទទួលបានអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ បានប្រគល់ឱ្យអាជ្ញាធរជាតិអប្សរាដែលជាស្ថាប័នមានសមត្ថកិច្ចក្នុងការគ្រប់គ្រង និងថែរក្សា។
រមណីយដ្ឋានអង្គរសម្បូរបុរាណដ្ឋានមានសំណល់បុរាណវិទ្យាទាំងលើដី និងក្រោមដី ដូច្នេះអាជ្ញាធរជាតិអប្សរាសូមអំពាវនាវដល់សាធារណៈជនចូលរួមថែរក្សា ជៀសវាងការជីកកកាយ ឬឈួសឆាយទីតាំងបុរាណដ្ឋាន និងរាយការណ៍ដល់អាជ្ញាធរមានសមត្ថកិច្ច ឬអាជ្ញាធរជាតិអប្សរាក្នុងរកណីបានជួបប្រទះនូវបុរាណវត្ថុទាំងនោះ។
អាជ្ញាធរជាតិអប្សរា សូមថ្លែងអំណរគុណដល់ស្ថាប័នពាក់ព័ន្ធដែលយកចិត្តទុកដាក់ការពារនូវសម្បត្តិបេតិកភណ្ឌដែលជារបស់យើងទាំងអស់គ្នា ពិសេសប្រជាពលរដ្ឋដែលបានចូលរួមថែរក្សាតាមរយៈការប្រគល់ឬផ្តល់ព័ត៌មានដល់សមត្ថកិច្ច។ សកម្មភាពនេះ សរបញ្ជាក់ឱ្យឃើញពីការយល់ដឹងពីតម្លៃនៃមរតកដូនតា និងចង់ថែរក្សាឱ្យគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ៕