ខ្មែរប៉ុស្ដិ៍ Close

លោក គួច ចំ​រើន អភិបាលខេត្តកំពង់ចាម ចូល​រួម​ក្នុងទិវាជាតិបង្ការ និងពន្លត់អគ្គីភ័យ

ដោយ៖ សន បទុម ​​ | ថ្ងៃអង្គារ ទី២៧ ខែមីនា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 55
លោក គួច ចំ​រើន អភិបាលខេត្តកំពង់ចាម ចូល​រួម​ក្នុងទិវាជាតិបង្ការ និងពន្លត់អគ្គីភ័យ ឯកឧត្តម​ គួច ចំ​រើន អភិបាលខេត្តកំពង់ចាម ចូល​រួម​ក្នុងទិវាជាតិបង្ការ និងពន្លត់អគ្គីភ័យ

នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០១៨នេះ ឯកឧត្តម​ គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បាន​អញ្ជើញជាអធិបតីក្នុងទិវាជាតិបង្ការ និងពន្លត់អគ្គីភ័យ នៅសាលាបឋមសិក្សាស្គន់ ឃុំសូទិប ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ក្រោយពិធីបង្ហាញសកម្មភាពបង្ការ និងអន្តរាគមន៍ពន្លត់អគ្គីភ័យ ដោយមន្ត្រីជំនាញរួចមក ឯកឧត្តមអភិបាលខេត្ត បានជួបសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋ សិស្សានុសិស្ស កម្មករ កម្មការនី ដែលក្នុងឱកាសនេះឯកឧត្តមអភិបាល មានប្រសាសន៍ថា សត្រូវពីររបស់ខេត្តបច្ចុប្បន្ន គឺគ្រោះអគ្គីភ័យ និងគ្រោះថ្នាក់ចរាចរ។

ឯកឧត្តម​ គួច ចំរើន បានស្នើសុំឱ្យប្រជាពលរដ្ឋទាំងអស់យកចិត្តទុក្ខដាក់ខ្ពស់ ក្នុងការបង្ការ និងពន្លត់ អគ្គីភ័យ ហើយបើមានករណីអគ្គីភ័យកើតឡើង ត្រូវមានស្មារតីប្រុងប្រយ័ត្ន និងអនុវត្តទៅតាមការបង្ហាញរបស់មន្ត្រីជំនាញដែលបង្ហាញជូនការសង្គ្រោះបឋម និងទាក់ទងតាមអធិការនគរបាលស្រុកក្រុងជាបន្ទាន់នៅពេលមានបញ្ហាកើតឡើង។ ជាមួយគ្នានេះដែល ឯកឧត្តម​ អភិបាលខេត្ត បានស្នើសុំឱ្យស្នងការដ្ឋាននគរបាលខេត្ត រៀបចំបង្កើតឱ្យមានក្រុមពន្លត់អគ្គីភ័យបន្ថែមទៀត ដើម្បីងាយស្រួលនៅពេលមានការផ្តល់នូវរថយន្តអគ្គីភ័យបន្ថែម ខេត្តនឹងមានធនធានមនុស្សស្រាប់បំពេញកិច្ចការងារ។

ឯកឧត្តម​បន្តទៀតថា តាមបណ្តាស្រុកក្រុងបច្ចុប្បន្ន បង្គោលបូមទឹកសម្រាប់ឡានអគ្គីភ័យមិនទាន់មានគ្រប់គ្រាន់នោះទេ ដូច្នេះរដ្ឋបាលខេត្ត ស្នើសុំអោយរដ្ឋាករទឹក ឬសេវាករឯកជនទាំងអស់ ជួយធ្វើបន្ថែមបង្គោលបូមទឹកនេះឱ្យបានច្រើន បើអាចក្នុងមួយឃុំមានមួយ ងាយស្រួលពេលមានអគ្គីភ័យកើតឡើងជាយថាហេតុ។
លើសពីនេះទៀត ឯកឧត្តម​អភិបាលខេត្ត សំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ជាពិសេស បងប្អូនស្រុកជើងព្រៃ មានការយកចិត្តទុកដាក់ខ្ពស់ចំពោះការគោរពច្បាប់ចរាចរណ៍ ជិះម៉ូតូត្រូវពាក់មួកសុវត្ថិភាព ជិះឡានត្រូវដាក់ខ្សែក្រវ៉ាត់ ដើម្បីការពារខ្លួនឱ្យរួចផុតពីគ្រោះថ្នាក់ចរាចរណ៍៕

អត្ថបទទាក់ទង