ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្រ្តីក្រសួងធនធានទឹក ចុះអន្តរាគមន៍ផ្ទាល់ជួសជុលទំនប់កូនសត្វទំនប់ប្រទាក់ក្រឡា នៅខេត្តកំពត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 61
រដ្ឋមន្រ្តីក្រសួងធនធានទឹក ចុះអន្តរាគមន៍ផ្ទាល់ជួសជុលទំនប់កូនសត្វទំនប់ប្រទាក់ក្រឡា នៅខេត្តកំពត រដ្ឋមន្រ្តីក្រសួងធនធានទឹក ចុះអន្តរាគមន៍ផ្ទាល់ជួសជុលទំនប់កូនសត្វទំនប់ប្រទាក់ក្រឡា នៅខេត្តកំពត

នៅថៃ្ងអាទិត្យទី១១ ខែសីហា ឆ្នាំ២០១៩ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោក ស៊ិន វុទ្ធី រដ្ឋលេខាធិការប្រចាំការ និងជាប្រធានមុខ ព្រួញចុះជួយខេត្តកំពត ព្រមទាំងលោកប្រធាននាយកដ្ឋានវិស្វកម្ម និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត បានចុះជាក់ស្តែងអន្តរាគមន៍ ជួសជុលទំនប់កូនសត្វទំនប់ប្រទាក់ក្រឡា នៅឃុំកូនសត្វ ស្រុកទឹកឈូ ដែលជាទំនប់ចាស់កសាងឡើង ក្នុងសម័យខែ្មរក្រហមរួចបានត្រូវជួសជុលកែលំអរឡើងវិញក្នុងឆ្នាំ២០០៨។

ក្រសួងធនធានទឹក បានបញ្ជាក់ថា ទំនប់អាងទឹកនេះជាប្រភេទអាងដែលហៅថាអាងទឹកតភ្ជាប់នូវភ្នំ២ (Lac Collinair) គឺភ្នំតាពក និងភ្នំកូនសត្វដែលមានលទ្ធភាពរក្សាទឹកទុកក្នុងបរិមាណ ១០លានម៉ែត្រគូប ដោយមានរបបជលសាស្ត្រជារបបជ្រោះ (Regime torrentiel)។

ដោយសារក្នុងរយៈពេល ១០ថៃ្ងមកនេះ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ពិសេសនៅយប់ថៃ្ងទី១០ ខែសីហា ដែលមានបរិមាណរហូតទៅដល់ ១៣៩មម (សរុបភ្លៀងបន្តបន្ទាប់មានដល់៣៥០-៤០០ម៉ែត្រ) ធ្វើឲ្យមានការស៊ីរូងដីនៅផែ្នកក្បាលទំនប់ប្រវែង ១៥ម៉ែត្រ និងតួទំនប់បង្ហៀរ ១៥ម៉ែត្រ សរុបប្រមាណ ៣០ម៉ែត្រ។

ជាប្រការលំបាកក្នុងការអន្តរាគមន៍ឲ្យបានទាន់ពេលវេលា ព្រោះសំខាន់បំផុត គឺការចល័តគ្រឿងចក្រព្រោះទឹកលិចផ្លូវម្យ៉ាង និងម្យ៉ាងទៀតសភាពការណ៍ទឹកកំពុងមានភាពបុកយ៉ាងធ្ងន់ធ្ងរ។ តែទោះជាយ៉ាងណា ក្រសួងបានត្រៀមគ្រប់មធ្យោបាយដើម្បីបើកយុទ្ធនាការជួសជុលឡើងវិញជាបន្ទាន់ នៅពេលដែលកម្លាំងទឹកធ្លាក់ខ្សោយបន្តិច ដើម្បីធានាដល់ការប្រើប្រាស់បម្រើ ដល់ការស្រោចស្រព និងការផ្គត់ផ្គង់ទឹកស្អាត។

កាលពីម្សិលមិញលោក លឹម គានហោ បានចុះជាក់ស្តែង ដើម្បីវាយតម្លៃសភាពការណ៍ជំនន់ ការលិចលង់ និងរកវិធានការដើម្បីបង្វែរទឹកទៅអនាគត។ ជាក់ស្តែងការលិចលង់ប៉ះពាល់ ដល់ស្រុកទឹកឈូ ដែលបណ្តាលមកពីមានភ្លៀងធ្លាក់ ស្ទើររៀងរាល់ថ្ងៃអស់រយៈពេលជិត ១សប្តាហ៍មកហើយ ដែលប្រភពធ្លាក់ប្រមូលផ្តុំមកពីផ្ទៃរងទឹកភ្លៀងនៅកំចាយ ស្ទឹងកែវ និងតាកែនកោះស្លា។ ប្រភពទាំង៣នេះ ត្រូវប្រមូលផ្តុំធ្លាក់ទៅតាមព្រែកកំពង់បាយ កាត់ទីរួមខេត្តកំពត។

ទន្ទឹមនោះ លោករដ្ឋមន្រ្តី ក៏បានជួបប្រាស្រ័យជាមួយអភិបាលខេត្ត ជាវ តាយ ព្រមទាំងសហការី ដែលលោកបាននិងកំពុងចុះប្រតិបត្តិការ ជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ ដើម្បីរកទីទួលសុវត្ថិភាព និងចែកអំណោយក្នុងនាមកាកបាតក្រហមកម្ពុជាផងដែរ។ នាពេលនោះ លោកអភិបាលខេត្ត បានសំណូមពរនូវម៉ាស៊ីនបូមទឹកទុយោ០៥តឹក ចំនួន០២គ្រឿង ដើម្បីទុកជាស្ថានីយបូមរំដោះទឹកចេញពីទីក្រុងផងដែរ។

លោករដ្ឋមន្ត្រី បានសន្យាជួយដោយសំណូមពរពេលវេលាបន្តិច ដើម្បីធ្វើការសិក្សាច្បាស់លាស់ពីធារទឹកតម្រូវការ ទីតាំងប្រភេទម៉ាស៊ីនថា តើត្រូវប្រើដោយម៉ូទ័រ ឬដោយប្រេងឥន្ទនៈ។ ចំពោះការប៉ះពាល់លើ៥ឃុំ លើ១៦ឃុំនៃស្រុកទឹកឈូ និង៣សង្កាត់ លើ៥សង្កាត់នៃក្រុងកំពត។ ឯការប៉ះពាល់ គឺផ្លូវកៅស៊ូ២ជាន់ភូមិអណ្តូងជីមឿន។ ឯស្រូវដែលលិចពីយប់មិញ បើអាចប៉ះពាល់បន្តិចបន្តួចតែប៉ុណ្ណោះ៕