ក្រសួងធនធានទឹក ព្រមានជំនន់ទឹកភ្លៀងលិចនៅខេត្តព្រះសីហនុ និងខេត្តរតនគីរី ដោយសារភ្លៀងនឹងបន្ដធ្លាក់យ៉ាងគំហុកជាប់ៗគ្នាទៀត
ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩នេះ បានបន្តចេញសេចក្ដីប្រកាសព័ត៌មានថ្មីមួយបន្ថែមទៀត ដោយព្រមានពីការបន្ដជន់លិចនៅខេត្តព្រះសីហនុ និងខេត្តរតនគីរី ដោយសារតែឥទ្ធិពលភ្លៀង នឹងនៅតែបន្ដធ្លាក់យ៉ាងគំហុកជាប់ៗគ្នាទៅប៉ុន្មានថ្ងៃខាងមុខទៀត។
ក្រសួងធនធានទឹក បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩នេះ ភ្លៀងធ្លាក់គំហុកជាប់ៗគ្នា ក្នុងកម្រិតខ្លាំងមានបរិមាណជាងរយមីលីម៉ែត្រស្ទើររៀងរាល់ថ្ងៃ ហើយបរិមាណសរុបរហូតដល់ ៨១៤មីលីម៉ែត្រ និងបន្ដធ្លាក់ទៅប៉ុន្មានថ្ងៃខាងមុខទៀត ដែលនេះជាហេតុបណ្ដាលឲ្យមានជំនន់ទឹកភ្លៀងធ្ងន់ធ្ងរកើតមានឡើង។
សម្រាប់ខេត្តព្រះសីហនុ ក្រសួងធនធានទឹក និងឧតុនិយម ក៏បានបញ្ជូនគ្រឿងចក្រធុនធ្ងន់ រួមសហការជាមួយអាជ្ញាធរខេត្តដើម្បីជួយអន្ដរាគមន៍រំដោះទឹកផងដែរ។
ដោយឡែកនៅខេត្តរតនគរី តាមរយៈនៃទន្លេស្រែពក ដែលផ្ទៃរងទឹកភ្លៀងប្រមាណ៦០% ស្ថិតក្នុងទឹកដីនៃប្រទេសវៀតណាម ធ្វើឲ្យទឹកទន្លេស្រែពកឡើងយ៉ាងគំហុក បណ្ដាលឲ្យមានការប៉ះពាល់ដល់ស្រុកចំនួន២ គឺស្រុកកូនមុំ និងស្រុកលំផាត់។
កាលពីព្រឹកមិញ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានឲ្យដឹងថា រហូតមកដល់ពេលនេះ ស្ថានភាពទឹកភ្លៀងនៅតែបន្ដគំរាមកំហែងយ៉ាងខ្លាំង ដល់ខេត្តព្រះសីហនុ ខណៈដែលស្ថានភាព មិនដែលធ្លាប់កើតមានពីមុននោះឡើយ សម្រាប់ខេត្តតំបន់ទេសចរណ៍មួយនេះ។
ខាងមូលដ្ឋានសមុទ្រខេត្តព្រះសីហនុ ក៏បានជូនដំណឹងដែរថា នៅផ្លូវជាតិលេខ៤ ចន្លោះគីឡូមែត្រលេខ៧-៨ ស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទឹកជំនន់ទឹកភ្លៀង បានទឹកហូរច្រោះបាក់ផ្លូវអស់មួយចំហៀង ប៉ុន្ដែបច្ចុប្បន្ននេះកងកម្លាំងមូលដ្ឋានសមុទ្រ កងទ័ពជើងទឹក កំពុងធ្វើការជួសជុល។ សម្រាប់ប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់ សូមមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសសុំផ្អាកធ្វើចរាចរណ៍ ជាបណ្តោះអាសន្នចំពោះរថយន្តដឹកជញ្ជូនធុនធ្ងន់ ៕