ខ្មែរប៉ុស្ដិ៍ Close

សំបុកព័ត៌មាន ក្លែងក្លាយ ~ Fake News !

ដោយ៖ ព្រហ្ម សុវណ្ណ ​​ | ថ្ងៃចន្ទ ទី២៦ ខែមីនា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 26
សំបុកព័ត៌មាន ក្លែងក្លាយ ~ Fake News ! ទស្សនៈពលរដ្ឋ៖ វិទ្យុអាស៊ីសេរីជាសំបុកព័ត៌មាន ក្លែងក្លាយ ~ Fake News !

ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ​២០១៨​​នេះ​ «​ខ្មែរប៉ុស្តិ៍​»  បាន​ទទួល​ខ្លឹមសារ​អត្ថបទ​វិភាគ​មួយរបស់​កូន​ខ្មែរ ​ដែល​បាន​ផ្ញើ​មក​ក្នុង​បណ្តាញ​សង្គម​ Telegram ដោយ​​អត្ថបទ​នោះ​ សរសេរថា  ទស្សនៈពលរដ្ឋ៖ វិទ្យុអាស៊ីសេរីជាសំបុកព័ត៌មាន ក្លែងក្លាយ ~ Fake News !

យើង​ខ្ញុំ​សូម​ការ​អនុញ្ញាត​បង្ហោះ​ផ្សាយ​ខ្លឹមសារ​ទាំង​ស្រុង​ដូច​តទៅ៖

អស់ពីរឿងមួយចូលដល់រឿងមួយ។ ការប្រឌិតព័ត៌មានថាមានមនុស្សស្លាប់ ៨នាក់ និងរបួស ៤០ នាក់នៅខេត្តក្រចេះមិនទាន់ទាំងបានកែតម្រូវផង ឥឡូវនេះ វិទ្យុអាស៊ីសេរីបានប្រឌិតព័ត៌មានមួយទៀតយកមកផ្សាយ។ វិទ្យុដែលខ្វះវិជ្ជាជីវៈនិងស៊ីឈ្នួលបម្រើនយោបាយសុទ្ធសាធមួយនេះបានប្រឌិតថា ស្ត្រីម្នាក់បានចងកធ្វើអត្តឃាតដោយសារប្តីរបស់ខ្លួនដែលមានទំនាស់ដីធ្លីក្នុងខេត្តក្រចេះ។ ប៉ុន្តែ ក្រោយការស្រាវជ្រាវ គេបានរកឃើញថា អាស៊ីសេរីបានប្រឌិតព័ត៌មានទាំងស្រុង។ បុរសជាប្តីរបស់ស្ត្រីរងគ្រោះបានចេញមុខបដិសេធព័ត៌មាននេះដោយអះអាងបញ្ជាក់ថា ប្រពន្ធរបស់ខ្លួនបានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនដោយសារតែគាត់មានជំងឺអេដស៍ ហើយក៏អស់សង្ឃឹមហើយដាច់ចិត្តសម្លាប់ខ្លួនតែមម្តង គឺមិនមានពាក់ព័ន្ធអ្វីបន្តិចសោះនឹងរឿង ដីធ្លីដូចអាស៊ីសេរីផ្សាយនោះឡើយ។

នេះមិនមែនជាលើកទី១ ហើយក៏មិនមែនជាលើកចុងក្រោយដែរដែលវិទ្យុអាស៊ីសេរីបានផ្សាយព័ត៌មានមិនពិត។ វិទ្យុអាមេរិកាំងមួយនេះបាននិងកំពុងចាកឆ្ងាយកាន់តែខ្លាំងពីគន្លងវិជ្ជាជីវៈ។ មិនតែប៉ុណ្ណោះ វិទ្យុនេះកំពុងក្លាយជាសំបុកនៃព័ត៌មានប្រឌិត និងក្លែងក្លាយ (Fake News) ដើម្បីបំពុលសង្គមយ៉ាងច្បាស់ក្រឡែត។ ដើម្បីមើលឃើញពីចេតនាអាក្រក់របស់វិទ្យុអាស៊ីសេរី យើងគ្រាន់តែពិចារណាទៅលើចំណុចមួយចំនួនដូចតទៅ៖

ទី១ – អ្នកកាសែតដែលបម្រើការឲ្យវិទ្យុអាស៊ីសេរីត្រូវបានគេបង្វឹកឲ្យប្រើភាសាអ្នកនយោបាយសុទ្ធសាធ គឺមិនមែនភាសាអ្នកកាសែតឡើយ។ ភាសាអ្នកនយោបាយគឺការបង្ហាញនិន្នាការលម្អៀងទៅរកគណបក្សរបស់ខ្លួន ~ ការពារផលប្រយោជន៍គណបក្សរបស់ខ្លួន ហើយវាយប្រហារទៅលើគូបដិបក្ខតាមដែលអាចធ្វើទៅបាន។ ចំណែកភាសាអ្នកកាសែតវិញគឺ គេប្រើភាសាក្នុងនាមជាអ្នករាយការណ៍អំពីហេតុការណ៍ណាមួយដោយមិនត្រូវយកនិន្នាការផ្ទាល់ខ្លួនមកលាយឡំឡើយ។ តែអ្នកកាសែតអាស៊ីសេរីប្រើប្រាស់ភាសាអ្នកនយោបាយសុទ្ធសាធ។

ទី២ – ដោយសារមានរបៀបវារៈនយោបាយយ៉ាងជ្រាលជ្រៅ វិទ្យុនេះមិនដែលផ្សាយព័ត៌មានល្អពីប្រទេសកម្ពុជាឡើយ។ ផ្ទុយពីគោលការណ៍សារព័ត៌មានដែលត្រូវរាយការណ៍ព័ត៌មានឲ្យមានតុល្យភាព វិទ្យុអាស៊ីសេរីមិនដែលនិយាយសូម្បីតែមួយរឿងអំពីចំណុចវិជ្ជមានរបស់កម្ពុជាឡើយទោះបីជាប្រទេសនេះកំពុងអភិវឌ្ឍយ៉ាងលឿនសម្បើមទៅមុខយ៉ាងណាក៏ដោយ។ តែជាវិទ្យុនេះបង្ហាញតែភាពខ្មៅងងឹត ហើយបើអត់មានរឿងខ្មៅងងឹតដូចដែលខ្លួនចង់ផ្សាយទេ ក៏នាំគ្នារៀបចំផែនការប្រឌិតព័ត៌មានក្លែងក្លាយ។ ករណីខេត្តក្រចេះជាឧទាហរណ៍ជាក់ស្តែង។

ទី៣ – នៅពេលផ្សាយព័ត៌មានខុសពីការពិតហើយ វិទ្យុនេះមិនដែលកែតម្រូវកំហុសឆ្គងរបស់ខ្លួនម្តងណាឡើយបើទោះជាច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានតម្រូវឲ្យកែតម្រូវព័ត៌មានខុសក៏ដោយ។ ជាក់ស្តែង ករណីផ្សាយថា មានមនុស្សស្លាប់កើនដល់ ៨នាក់ក្នុងព្រឹត្តិការណ៍ប៉ះទង្គិចក្នុងខេត្តក្រចេះ រហូតមកទល់ពេលនេះ អាស៊ីសេរីនៅតែមុខក្រាសមិនព្រមកែតម្រូវដដែល។

ដូច្នេះ មានទឡ្ហីករណ៍គ្រប់គ្រាន់ដែលអាចបញ្ជាក់ថា វិទ្យុអាស៊ីសេរីគឺជាសំបុកនៃព័ត៌មាន ក្លែងក្លាយ Fake News ដែលមានគោលដៅបំពុលសង្គមយ៉ាងពិតប្រាកដ។ និយាយពីព័ត៌មានមិនពិត ឬ Fake News នេះ គឺជាប្រធានបទក្តៅគគុកមួយនៅទូទាំងពិភពលោកដែលគ្រប់ប្រទេស និងគ្រប់បណ្តាញផ្សាយព័ត៌មានកំពុងតែប្រយុទ្ធប្រឆាំងដោយចំណាយកម្លាំងកាយ បញ្ញា ស្មារតី ពេលវេលា និងថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ពីព្រោះវាជាប្រភេទព័ត៌មានដ៏គ្រោះថ្នាក់។ ជាទូទៅ ព័ត៌មាន Fake News ច្រើនលេចចេញពីប្រភពអនាមឹកដែលគេពិបាករកមុខ។ គោលដៅនៃការផ្សាយព័ត៌មានបែបនេះគឺដើម្បីបង្កវិទ្ធង្សនាអ្វីមួយក្នុងគោលដៅកេងចំណេញផលប្រយោជន៍ផ្ទាល់ខ្លួន ឬបក្ខពួករបស់ខ្លួន។ សម្រាប់សារព័ត៌មានវិជ្ជាជីវៈ គេប្រយ័ត្នប្រយែងណាស់រឿង Fake News នេះពីព្រោះវាជាការទទួលខុសត្រូវរបស់ម្ចាស់ស្ថាប័នសារព័ត៌មាននោះ។ វារឹតតែគ្រោះថ្នាក់ថែមទៀតប្រសិនបើសារព័ត៌មានអាជីពធ្វើខ្លួនឲ្យទៅជាសំបុករបស់ Fake News ដោយចេតនាហើយបែរជាមិនទទួលខុសត្រូវដូចជាវិទ្យុអាស៊ីសេរីជាដើមនេះ។

កាលណាសារព័ត៌មានមួយក្លាយជាសំបុកនៃ Fake News ហើយនោះ វាពិតជាគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់សង្គម ដោយសារតែព័ត៌មានបែបប្រឌិតនេះ ធ្វើឲ្យប្រជាពលរដ្ឋដែលមិនបានពិចារណាជឿលើផ្លូវខុស ហើយសម្រេចចិត្តខុស។ អ្នកបង្កើតព័ត៌មានមិនពិតមានគោលដៅធ្វើឲ្យពលរដ្ឋយល់ខុសហើយសម្រេចចិត្តខុសដើម្បីខ្លួនឯងទាញយកប្រយោជន៍។ ឧទាហរណ៍ជាក់ស្តែង គោលដៅរបស់វិទ្យុអាស៊ីសេរីដែលប្រឌិតព័ត៌មានថាមានអ្នកស្លាប់ ៦នាក់ ហើយក្រោយមកថាចំនួនអ្នកស្លាប់កើនដល់ ៨នាក់ និងរបួស ៤០ នាក់ដោយសារអាជ្ញាធរបាញ់ប្រហារក្នុងខេត្តក្រចេះនោះ គឺដើម្បីធ្វើឲ្យសាធារណៈមតិយល់ច្រឡំទៅលើរដ្ធាភិបាល ហើយសម្រេចចិត្តធ្វើអ្វីម្យ៉ាងដូចជាបង្កហិង្សា បះបោរ វឹកវរក្នុងសង្គម។ រីឯផលដែលពួកគេទទួលបាននោះគឺ ការចំណេញនយោបាយដែលកើតចេញពីភាពវឹកវរនោះ។ ប៉ុន្តែ ដោយសារតែការទប់ស្កាត់បានទាន់ពេលវេលា ស្ថានការណ៍ក៏វិលទៅរកភាពប្រក្រតីឡើងវិញ ហើយប្រជាពលរដ្ឋក៏បានទទួលព័ត៌មានពិតឡើងវិញថា គ្មានអ្នកស្លាប់សូម្បីម្នាក់ឡើយ។

ប៉ុន្តែ ដោយសារតែគោលដៅរបស់ពួកគេមិនទាន់បានសម្រេច ឥឡូវនេះ អាស៊ីសេរីក៏បានបង្កើតរឿងមួយទៀតស្តីពីស្ត្រីម្នាក់ចងកសម្លាប់ខ្លួនដោយសារតែទំនាស់ដីធ្លី ដើម្បីបន្តដុតកំហឹងមហាជនខ្មែរ។ ឥឡូវនេះ វាច្បាស់ណាស់ថា វិទ្យុអាស៊ីសេរីមិនត្រឹមតែផ្សាយព័ត៌មានបំប៉ោង បំភ្លើស បំភ្លៃ ញុះញង់ ដុតបន្ថែមប៉ុណ្ណោះទេ បច្ចុប្បន្ន វិទ្យុនេះបានបោះជំហ៊ានទៅមុខមួយទៀតហើយគឺឈានដល់ការប្រឌិតព័ត៌មានក្លែងក្លាយតែម្តង។ ប៉ុន្តេ ទោះជាវិទ្យុនេះធ្លាក់ខ្លួនទៅជាសំបុកនៃព័ត៌មាន Fake News បែបនេះក៏ដោយ ក៏ពួកគេមិនអាចសម្រេចគោលដៅបង្កចលាចលសង្គមខ្មែរបានដែរពីព្រោះប្រជាពលរដ្ឋខ្មែរមានប្រភពព័ត៌មានយ៉ាងសម្បូរបែបណាស់ដែលពួកគេទទួលបានជារៀងរាល់ថ្ងៃ។

ផ្ទុយទៅវិញ សារព័ត៌មានណាក៏ដោយដែលធ្វើជាសំបុកឲ្យ Fake News កាន់តែបាត់បង់ប្រជាប្រិយភាពយ៉ាងធ្ងន់ធ្ងរដោយសារតែមហាជនអស់ជំនឿ។ ការប្រឌិតព័ត៌មាន កំពុងធ្វើឲ្យវិទ្យុគ្មានវិជ្ជាជីវៈមួយនេះក្លាយជាសំរាម គ្មានតម្លៃ ដោយសារតែវិទ្យុនេះកំពុងដើរបញ្ច្រាសទិសរបស់មហាជនដែលកំពុងស្រេកឃ្លានព័ត៌មានពិត។ ទីបំផុត វិទ្យុសំរាមនេះទំនងជារកកន្លែងដុតចោលក៏មិនបានផងពីព្រោះសូម្បីតែក្លិន និងផ្សែងរបស់សំរាមវាក៏បង្កគ្រោះថ្នាក់ដល់បរិស្ថាន និងសុខភាពដែរ៕

ដោយ៖ កូនខ្មែរ

អត្ថបទទាក់ទង