សម្ដេចតេជោ ហ៊ុន សែន រំលឹកទាំងអួលដើមកអំពីដំណើរសង្រ្គោះជាតិពីរបបខ្មែរក្រហម
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃប្រទេសកម្ពុជា បានមានប្រសាសន៍ទាំងអួលដើមក និងស្រក់ទឹកភ្នែក ខណៈដែលសម្តេចរំលឹកអំពីការដ៏សែនឈឺចាប់ ក្នុងការធ្វើដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប៉ុល ពត ពោលគឺធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ដើម្បីស្នើឲ្យវៀតណាមជួយរំដោះកម្ពុជាចេញពីរបបវាលពិឃាត។
ក្នុងឱកាសថ្លែងបាឋកថា ក្នុងសិក្ខាសាលាស្ដីពី«ទស្សនៈ និងបទពិសោធន៍នៃកិច្ចខិតខំកសាងសន្តិភាពនៅកម្ពុជា» ពីរដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្រោយរំដោះប្រទេសចេញពីរបប ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដៃម្ខាងការពារ មិនឲ្យមានការវិលត្រឡប់មកវិញនៃរបបរខ្មែរក្រហម ដៃម្ខាងទៀតត្រូវរកស្បៀងអាហារ និងកសាងស្ថាប័នជាតិ សេដ្ឋកិច្ចជាតិឡើងវិញ ខណៈធនធានមនុស្សនៅសេសសល់តិចតួចបំផុតពីការកាប់សម្លាប់របស់ ប៉ុល ពត ស្របពេលស្ថានភាពដ៏ពិបាកបំផុត ដែលត្រូវឡោមព័ទ្ធដោយទណ្ឌកម្មអន្តរជាតិ។
សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា កាលណោះក្នុងឋានៈជារដ្ឋមន្ត្រីការបរទេសក្នុងអាយុ ២៧ឆ្នាំ សម្តេចរងការប្រមាថជាច្រើន ប៉ុន្តែយ៉ាងណាក៏ដោយ សម្តេចនៅតែបន្តប្រឹងប្រែងដើម្បីប្រជាជនកម្ពុជា និងប្រទេសជាតិឲ្យរស់រានឡើងវិញ៕