ខ្មែរប៉ុស្ដិ៍ Close

លិខិត​ចំហ​​ផ្ញើ​ជូន​ស្ថាន​ទូត​អាមេរិក​នៅភ្នំពេញ៖ តើ​សហរដ្ឋ​អាមេរិក​ ចង់​ធ្វើ​​ជាមិត្ត​ ឬចង់​ធ្វើ​ជាម៉ែ​ឪ កម្ពុជា​?​​

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែសីហា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 32
លិខិត​ចំហ​​ផ្ញើ​ជូន​ស្ថាន​ទូត​អាមេរិក​នៅភ្នំពេញ៖ តើ​សហរដ្ឋ​អាមេរិក​ ចង់​ធ្វើ​​ជាមិត្ត​ ឬចង់​ធ្វើ​ជាម៉ែ​ឪ កម្ពុជា​?​​ លិខិត​ចំហ​​ផ្ញើ​ជូន​ស្ថាន​ទូត​អាមេរិក​នៅភ្នំពេញ៖ តើ​សហរដ្ឋ​អាមេរិក​ ចង់​ធ្វើ​​ជាមិត្ត​ ឬចង់​ធ្វើ​ជាម៉ែ​ឪ កម្ពុជា​?​​

កាល​ពី​​ថ្ងៃ​ទី​៣០​ ខែ​កក្កដា​ ឆ្នាំ​២០១៩​ ថ្មីៗ​នេះ​ ស្ថាន​ទូត​អាមេរិក​ប្រ​ចាំ​ទី​ក្រុង​ភ្នំ​ពេញ​​បាន​ធ្វើ​ការ​​​អត្ថាធិប្បាយ​​ដ៏ខុស​ឆ្គង​មួយនៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​ខ្លួន​​ដោយ​លើក​ឡើង​ថា​ ប្រទេស​មហា​អំណាច​​​ដែល​​ល្បី​​សុះ​​សាយ​​ខាង​ដើរ​​ឈ្លាន​ពាន​ប្រទេ​ស​ដទៃ​​នៅ​ជុំ​វិញ​​ពិភព​លោក​មួយនេះ​ បាន​​កត់​សំគាល់​អំពី​​​ខួប​មួយ​ឆ្នាំ​នៃ​ការ​បោះឆ្នោត​ជាតិ​​នៅ​​​កម្ពុជា​ថា​ជាការ​បោះ​ឆ្នោត​ដែល​មាន​កំហុស​ឆ្គង​​។​ ស្ថាន​ទូត​​អា​មេ​រិក​​មួយ​នេះ​​បាន​​ចាត់​​ទុកទៀត​​​ថា​​ការ​បោះឆ្នោត​នោះ​មិន​មាន​ភាព​សេរី​ និង​យុត្តិធម៌​ ហើយ​​មិន​បាន​តំណាង​​ឱ្យ​​ឆន្ទៈ​​របស់​​ប្រជា​​ពលរដ្ឋ​កម្ពុជា​ទេ។
តើ​​ការ​​លើក​​ឡើង​​​​​របស់​​ស្ថាន​​ទូ​ត​​​ដែ​ល​​​តំណាង​​ឱ្យ​​រដ្ឋា​ភិបាល​​អាមេរិក​​បែបនេះ​ ចង់​បញ្ជាក់​​ថា​​ប្រទេស​​មហា​អំណាច​មួយនេះ​ ចង់​ធ្វើ​ជាមិត្ត​ ឬ​ចង់​​ធ្វើ​​ជា​ម៉ែ​​ឪ​​ ក​ម្ពុ​​ជា​​​?​

ប្រទេស​កម្ពុជា​បាន​ធ្វើការ​បោះឆ្នោត​ដោយ​ទៀង​ទាត់​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ​ ចាប់​​តាំង​​ពី​​មាន​​ការ​​បោះ​ឆ្នោត​​ជា​សកល​​នៅ​ឆ្នាំ​១៩៩៣​មក។​ ចំនួន​ប្រជាពលរដ្ឋ​ដែល​បាន​ចេញ​ទៅ​ចូល​រួម​បោះ​ឆ្នោត​សម្តែង​​ឆន្ទៈ​​​​របស់​​ខ្លួន ​​ដើម្បី​ជ្រើស​រើស​មេដឹក​នាំនៅ​រៀង​រាល់​អាណត្តិ​​គឺ​មាន​ភាគរយ​កើន​ឡើង​គួរ​ឱ្យ​កត់សម្គាល់ ​​ដែល​​ប្រការ​​នេះ​​បញ្ជាក់​​យ៉ាង​​ច្បាស់​​ថា​​ប្រទេស​​កម្ពុជា​​បាន​​ប្រកាន់​​យក​​ដោយ​​ខ្ជាប់​​​​នូវ​របប​​ប្រ​ជា​​ធិ​ប​តេ​យ្យ​​ សេរី​ពហុបក្ស​ដូច​មាន​ចែង​យ៉ាង​ច្បាស់​នៅក្នុង​រដ្ឋ​ធម្មនុញ្ញដែល​ជាច្បាប់​កំពូល​។​ ជាក់​ស្តែង​ការ​​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​២០១៨​កន្លង​ទៅ​ រឹត​តែ​បញ្ជាក់​យ៉ាង​ច្បាស់​ថែម​ទៀត​អំពី​ការ​បន្ត​អនុវត្ត​នូវ​គោល​​ការ​ណ៍​ប្រជា​ធិប​តេយ្យ​​សេរី​​ព​ហុ​បក្ស​​ ដោយ​ហេតុ​ថា​គណបក្ស​ដែល​ចូល​រួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​​នៅ​ក្នុង​អាណត្តិ​ទី​៦​នេះ​មា​ន​​រហូត​​ដល់​​ទៅ​​២០​​គណ​បក្ស​​​​ និង​មាន​ការ​ចេញ​ទៅ​បោះ​ឆ្នោត​ចូល​​រួម​​សម្តែង​​​មតិ​​ពី​​ប្រជាពលរដ្ឋរហូត​ដល់​ទៅ​ជាង​៨៣%​​​ ហើយ​ត្រូវ​បាន​ស្វាគមន៍​​គាំទ្រ​ពី​អ្នក​សង្កេត​ការណ៍​ អន្តរជាតិ​ និង​បណ្តា​​​ប្រទេស​​​ជា​​​មិត្ត​​​​ជា​​ច្រើនទៀត​​​​ថា​​ជា​ការ​​បោះ​​ឆ្នោត​​ដ៏​​ជោ​គ​​​ជ័យ​​​ប្រ​កប​​ដោយ​​ភាព​​ត្រឹម​ត្រូវ​​ សេ​រី​​ ​​​យុត្តិ​​ធម៌ និង​គ្មាន​អំពើ​ហិង្សា​​​។​​

អ្វី​​ដែល​​ស្ថាន​​ទូត​​អាមេរិក​ប្រចាំនៅកម្ពុជា​លើក​ឡើង​នៅពេល​នេះ​ គឺ​ពិត​ជាមាន​ចេតនា​បង្ក​រឿង​ និង​ចង់​តាំង​ខ្លួន​ដាក់​កម្ពុជា​ ជាប្រទេស​អាណានិគម​របស់​ខ្លួន​យ៉ាង​ពិត​ប្រាកដ​។ ការ​លូក​ដៃ​ចូល​កិច្ច​ការ​ផ្ទៃ​ក្នុងដ៏ជ្រៅ​​របស់​​កម្ពុជា​​របស់​ស្ថាន​ទូត​អាមេរិក​នៅ​ពេល​នេះ​​ គឺ​បាន​ផ្ទុយ​ទៅ​នឹង​សន្ធិសញ្ញាអន្តរជាតិ​ស្តីពី​​​ទំនាក់​​​ទំនង​​ការ​ទូត​រវាង​រដ្ឋ​​ និង​រដ្ឋ​អធិបតេយ្យ​ ​ដែល​​មិន​​អនុញ្ញាត​​ឲ្យ​​ប្រទេស​​មួយ​​លូក​​ដៃ​​ចូល​​ក្នុង​​កិច្ចការ​​ផ្ទៃ​​ក្នុង​​របស់​​ប្រទេស​​មួយ​​ទៀត​​បាន​ឡើយ​។​ ​ទង្វើដ៏​​ក្រអើត​​ក្រទម​​​របស់​​ស្ថាន​​ទូត​​មហា​អំណាច​មួយ​​នេះ​​ក៏​​បាន​​បំពាន​ និង​មាក់​ងាយ​យ៉ាង​ធ្ងន់​ធ្ងរ​ទៅ​លើ​ឆន្ទៈ​របស់​ពលរដ្ឋ​ខ្មែរ​ជាង​ ៨៣%​ ដែល​បាន​ចេញ​ទៅ​បោះ​ឆ្នោត​​កាល​​ពី​ថ្ងៃ​ទី​​២៩​ ខែ​កក្កដា​ ឆ្នាំ​​២០១៨ ​ដែល​ប្រជាជន​កម្ពុជា​ដាច់​ខាត​មិន​អាច​ទទួល​​​យក​​បាន​ និង​សូម​ថ្កោល​ទោស​ចំពោះ​ការ​វាយ​តំលៃ​ដ៏ខុស​ឆ្គង​នេះ ហើយ​ក៏​ត្រូវ​បញ្ឈប់​ជាបន្ទាន់​នូវ​ចរិត​ចក្រពត្តិ​និយមរបស់​ខ្លួន​​ ដែល​ចង់​ត្រួត​ត្រា​ប្រទេស​កម្ពុជា​ដូច​កាល​ពី​អតី​ត​កាល​​ តទៅ​ទៀត​​។

ប្រជាជន​កម្ពុជា​ចង់​ចង​មិត្ត​ជាមួយ​អាមេរិក​ ប៉ុន្តែ​យើងក៏​​មិន​​ចង់​​ឱ្យ​អាមេរិក​មក​ធ្វើ​ជាម៉ែឪ​ កម្ពុជា​នោះ​ដែរ​។ ការធ្វើ​សកម្មភាព​ដោយ​លាក់​មុខ​ក្នុង​ការ​ជួយ​ទាំង​សំភារៈ បច្ចេក​ទេស​ និង​យុទ្ធវិធីដល់​ក្រុម​ប្រឆាំង​​ក្នុង​ការ​ធ្វើ​បដិវត្ត​ពណ៌​ចង់​ផ្តួល​រំលំ​រដ្ឋា​ភិបាល​ជាប់​ឆ្នោត​កាល​ពី​ពេល​កន្លង​ទៅ​ និង​ការ​បន្ត​ការ​​ពារ​ដោយ​​​ចេញ​​មុខ​ជាចំហ​ដើម្បី​ការ​ពារ​កូន​ជឹង​របស់​ខ្លួន​​ដោយ​ងងើល​ម្តងហើយ​ម្តង​ទៀតនៅ​ពេល​នេះ​ គឺ​បាន​​បញ្ជាក់​កាន់​តែ​ច្បាស់​ថា ​សហរដ្ឋ​អាមេរិក​ពិត​ជាមេក្លោង​រៀប​ចំ​ផែន​ការ​ចង់​ផ្តួល​រំលំរាជ​​រដ្ឋាភិបាល​ស្រប​​ច្បាប់​ដូច​ការ​សារភាព​របស់​មេដឹក​នាំ​អតី​ត​គណបក្ស​ប្រឆាំង ​ដែល​ត្រូវ​តុលាការ​រំលាយ​យ៉ាង​​​ពិត​ប្រាកដ​។​ ប្រជាជន​កម្ពុជា​មិន​ចង់​មាន​ប្រទេស​ណា​មួយ​មក​ធ្វើ​ជា​ម៉ែឪ​ បង្គាប់​ បញ្ជា​ឱ្យ​ធ្វើ​នេះ​ ឬ​ធ្វើ​នោះ​តាម​ចិត្ត​របស់​ខ្លួន​នោះ​ទេ​ ហើយ​កម្ពុជា​ចង់​រស់​នៅ​ក្នុង​នាម​ជាប្រទេស​ឯករាជ្យ​ អធិបតេយ្យ​ និង​ប្រកាន់​យក​នូវ​របប​ប្រជាធិបតេយ្យ​សេរី​ ពហុបក្ស​ សម​ស្រប​តាម​បែប​ប្រជាធិតេយ្យ​របស់កម្ពុជា​។​ក្នុង​នាម​ជា​រដ្ឋ​អធិ​បតេ​យ្យ​មួយ​ដែល​មាន​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ជាច្បាប់​កំពូល ​​ប្រជាជន​កម្ពុជា​មាន​សិទ្ធិ​ស័្វយ​សម្រេច​លើ​ជោគ​វាស​នា​របស់​ខ្លួន​ដោយ​ខ្លួន​ឯង​ ​ដោយ​មិន​អាច​​​ស្តាប់​​តាម​ការ​​បង្គាប់​បញ្ជា​របស់​បរទេស​ណា​ទាំង​អស់។​​ ដូច្នេះ​ វាពិត​ជា​ពិបាក​ខ្លាំង​ណាស់​សំរាប់​​កម្ពុជា​​ក្នុង​​ការ​​ចង់​​ចង​​មិត្ត​ជាមួយ​សហរដ្ឋ​អាមេរិក​ ដោយ​ហេតុ​ថា​នៅពេល​ដែល​ប្រទេស​កម្ពុជា​​ប្រកាន់យក​នូវ​ជំហរ​អព្យាក្រិត្យ​ មិន​ចូល​បក្ស​សម្ព័ន្ធ​ មិន​រណប​​សហរដ្ឋ​អាមេរិក​​ និង​មិន​ធ្វើ​​តាម​​ការ​​បង្គាប់​​បញ្ជា​របស់​អាមេរិក​ គឺ​ប្រទេស​មហាអំណាច​មួយនេះមិន​ដែល​មើល​ឃើញ​កម្ពុជា​ក្នុង​ផ្លូវ​ល្អទាល់​តែ​​សោះ​​ ហើយ​តែង​​​វាយ​​តំលៃ​​លើ​​កម្ពុជា​នូវ​សមិទ្ធផល​ដែល​មាន​ថា​​​​សុទ្ធ​តែ​​អាក្រក់​ជារៀង​រហូត​​។ ផ្ទុយ​​មក​​វិញ​ វា​​ជា​រឿង​​ងាយ​​ស្រួល​​បំផុត​​ក្នុ​ង​ការ​​ចង​​មិត្ត​​ជាមួយ​អាមេរិកបើ​សិន​ជា​សុខ​ចិត្ត​ធ្វើ​ជាអាយ៉ង​ ឬ​ជា​កូន​​ជឹង​​បំរើ​​មហិច្ឆិតា​ឱ្យ​ពួក​គេ​​​​​ដូច​ក្រុម​អតីត​បក្ស​ប្រឆាំង​ ។

ទោះ​ជាយ៉ាង​ណា​ ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​លើស​លប់​នៅ​តែ​ឱ្យ​តំលៃ​ខ្ពស់​ចំពោះលទ្ធ​ផល​នៃ​​ការ​បោះឆ្នោត​ឆ្នាំ​២០១៨​កន្លង​ទៅ​​ ដោយ​ពួក​គេ​យល់​ឃើញ​ថា​ជា​ការ​បោះឆ្នោត​ដើម្បី​ជ្រើស​រើស​គណបក្ស​ប្រជាជន​កម្ពុជា​មក​ដឹក​នាំ​ប្រទេស​ ដើម្បី​រក្សា​បាន​ជាបន្ត​ទៅទៀត​នូវ​សុខ​សន្តិភាព​ និង​ការ​អភិវឌ្ឍ​។ ​ប៉ុន្តែ​​​បន្ទាប់​​ពី​​ស្ថាន​​ទូត​​អាមេរិក​​ប្រចាំ​​នៅ​​ប្រទេស​​កម្ពុជា​​ បាន​​សរ​សេរ​​វាយ​​តម្លៃ​​អំពី​​ការ​​បោះ​ឆ្នោត​​នៅ​​កម្ពុជា​​រយៈ​​ពេល​​១​​ឆ្នាំ​​មក​នេះ​ថា​ជាការ​បោះឆ្នោត​មិនត្រឹមត្រូវនោះ​ ប្រជាពលរដ្ឋខ្មែរ​អ្នកលេង​ហ្វេស​ប៊ុក​​​ជា​ច្រើន​ បាន​​នាំ​​គ្នា​​ចូល​​ទៅ​​រិះ​​គន់​​ស្ថាន​​ទូត​អាមេរិក​ នៅ​លើ​ទំ​ព័រហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​ស្ថាន​ទូត​យ៉ាង​ចាស់​ដៃ​ ដែល​ប្រការ​នេះ​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ប្រជាពលរដ្ឋ​ខ្មែរ​គឺ​ជាម្ចាស់​លើ​ជោគ​វាសនា​របស់​ប្រទេស​ជាតិ​ខ្លួន​ក្នុង​ការ​ជ្រើស​រើស​មេដឹក​នាំ​ប្រទេស​ ហើយ​ពួក​គេ​មិន​ស្វាគមន៍​ការ​ជ្រៀត​ជ្រែក​របស់​អាមេរិក​ជា​ដាច់​​ខាត​ និង​បាន​ដាក់​ជាសំណួរ​ថា​ តើ​វា​ពិត​ជា​មហា​ពិបាក​ខ្លាំង​ណាស់​ទៅ​ឬ​ ដែល​អាមេរិក​ធ្វើខ្លួន​ឱ្យ​ក្លាយ​ទៅ​​ជា​​មិត្ត​​ល្អ​​របស់​​កម្ពុជា​នោះ​​​?​
​​សរុប​មក​ ការបោះឆ្នោតថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨ គឺជា​ការ​បោះឆ្នោត​មួយ​ដែល​ពលរដ្ឋ​ខ្មែរ​បាន​ចាត់​ទុក​ថា​ជាការ​បោះឆ្នោត​ជ្រើស​រើស​យក​​សុខ​សន្តិភាព​ និងបន្ត​​ការ​អភិវឌ្ឍ​​នៅកម្ពុជា​ ព្រោះ​​ក្រោយ​​ការ​បោះ​ឆ្នោត​ពុំ​មាន​សញ្ញា​នៃ​ភាព​ចលាចល និង​ភាព​វឹក​វរ​ក្នុង​សង្គម​ដូច​ការ​បោះ​ឆ្នោត​លើក​មុន​ៗ​នោះ​ឡើយ​ ហើយក៏​ជា​គំ​រូ​​សំរាប់​ការ​បោះ​ឆ្នោត​ក្រោយៗ​ទៀត​ដែល​ពលរដ្ឋ​ខ្មែរ​ប្រាថ្នា​ចង់​បាន​​​ផង​​ដែរ​។​

ប្រជាពលរដ្ឋ​កម្ពុជា​ ស្នើ​ដោយ​ទទូច​ដល់​ស្ថាន​ទូត​អាមេរិក​ប្រចាំ​នៅកម្ពុជា​​ សូម​ឈប់​មាន​បំណង​អាក្រក់​ជាមួយ​កម្ពុជា​តទៅ​ទៀត​ទៅ​ ជាពិសេស​សូម​ឈប់​បង្កើត​ព័ត៌​មានប្រឌិត​ មួល​បង្កាច់ និង​ព័ត៌មាន​ញុះញង់អុជអាល​​ឱ្យ​ខ្មែរ​ឈ្លោះ​គ្នា​ ដែល​ជា​យុទ្ធ​វិធី​បំបែក​បំបាក់​ខ្មែរ​ដើម្បី​ត្រួត​ត្រា​ដូច​ពី​អតីត​កាល​ដែល​ខ្លួន​ធ្លាប់​បាន​ប្រើ​ក្នុង​ទសវត្ស​រ៍​ឆ្នាំ​៧០​នោះ​ទៅ​​​។​ ប្រជាពលរដ្ឋ​កម្ពុជា​ចង់​ឱ្យ​សហរដ្ឋ​អាមេរិក​ធ្វើ​ជាមិត្ត​ល្អ​របស់​យើង​ តែ​យើងមិន​ចង់​ឱ្យ​សហរដ្ឋ​អាមេរិក​មក​ធ្វើ​ជាម៉ែឪ​កម្ពុជា​នោះទេ​៕​​​

ដោយ​៖ យី វិត​ (ប្រជាពលរដ្ឋ ​រស់​នៅ​ខេត្ត​សៀម​រាប​)​

អត្ថបទទាក់ទង