នាយករដ្ឋមន្រ្តី ហ៊ុន សែន លើកឡើងថា គ្រោះមហន្តរាយអាចកើតមានឡើងដោយគ្មានព្រំដែន
នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧នេះ ក្នុងឱកាសជួបពិភាក្សាការងារជាមួយលោក Krasae Chana Wongse (ក្រាស៊ែ ចាន់ណាវង្ស) ប្រធានមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី Asian Disaster Preparedness Center –ADPC នៅវិមានសន្តិភាព ដើម្បីជំរុញការរៀបចំឯកសារឱ្យបានគ្រប់គ្រាន់ ឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសសមាជិកស្ថាបនិកពេញសិទ្ធិនៃមជ្ឈមណ្ឌល ADPC ឱ្យបានឆាប់បំផុត សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា តាមពិតទៅប្រទេសកម្ពុជាត្រូវបានក្លាយជាសមាជិកស្ថាបនិក ADPC តាំងពីឆ្នាំ ២០១២ មកម៉្លេះ ប៉ុន្តែដោយសារកន្លងមក មិនទាន់បានបញ្ជូនឯកសារសច្ចាប័ន ដែលតម្រូវឱ្យឆ្លងកាត់ការអនុម័តពីសភាជាតិកម្ពុជា ទើបមានការពន្យាររហូតមកទល់ពេលនេះ។សម្តេចតេជោ បានបញ្ជាក់ថាសម្តេចនឹងជំរុញកិច្ចការនេះ ឱ្យបានលឿននៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ខាងមុខនេះ ហើយបន្ទាប់មក នឹងដាក់ជូនទៅរដ្ឋសភាដើម្បីស្នើសុំសច្ចាប័នជាផ្លូវការ នាពេលខាងមុខ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានគូសបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះគ្រោះមហន្តរាយ គឺអាចកើតមានឡើងដោយគ្មានព្រំដែនឡើយ ដូចជា៖ ទឹកជំនន់ ខ្យល់ព្យុះ និងអគ្គីភ័យ គ្រោះរាំងស្ងួតជាដើម ដូច្នេះការបង្កើតមជ្ឈមណ្ឌលមួយនេះ គឺមានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជា ដើម្បីគ្រប់គ្រង និងទប់ស្កាត់នូវគ្រោះមហន្តរាយនានា ដោយយថាហេតុបានមួយកម្រិតធំ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបន្ថែមថាការបណ្តុះបណ្តាល និងការកសាងសមត្ថភាព ការផ្លាស់ប្តូរបទពិសោធន៍ នៃការគ្រប់គ្រងគ្រោះមហន្តរាយ និងការចូលរួមជួយគ្នាទៅវិញទៅមក លើបញ្ហាគ្រោះមហន្តរាយនេះ គឺជាសេចក្តីត្រូវការចាំបាច់បំផុត ជាពិសេសរវាងប្រទេសដែលមានព្រំប្រទល់ជាប់ ជាមួយគ្នាដូចជា កម្ពុជា-ថៃ កម្ពុជា-ឡាវ និងកម្ពុជា-វៀតណាមជាដើម៕