លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាចូលរួមកិច្ចប្រជុំពាណិជ្ជកម្មពិភពលោក នៅប្រទេសស្វីស
នាព្រឹកថ្ងៃអង្គារទី០២ខែកក្កដាឆ្នាំ២០១៩នេះលោកនាយករដ្ឋមន្ត្រីហ៊ុនសែនយបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយដោយឆ្ពោះទៅចូលរួមកិច្ចប្រជុំ«ត្រួតពិនិត្យឡើងវិញជាសកលលើជំនួយសម្រាប់ពាណិជ្ជកម្មឆ្នាំ២០១៩» ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៣ដល់ថ្ងៃទី៥ខែកក្កដាឆ្នាំ២០១៩នៅអង្គការពាណិជ្ជកម្មពិភពលោក(WTO) ទីក្រុងហ្សឺណែវប្រទេសស្វីស។
ដំណើរទៅចូលរួមកិច្ចប្រជុំនៅអង្គការពាណិជ្ជកម្មពិភពលោករបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែន និងគណៈប្រតិភូធ្វើឡើងតបតាមការអញ្ជើញរបស់លោករ៉ូបឺតូអាហ្សេវេដូអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក។
ក្រសួងការបរទេសកម្ពុជាបានឱ្យដឹងថាកិច្ចប្រជុំ«ត្រួតពិនិត្យឡើងវិញជាសកលលើជំនួយសម្រាប់ពាណិជ្ជកម្មឆ្នាំ២០១៩» នឹងប្រព្រឹត្តទៅក្រោមមូលបទ«គាំទ្រពិពិធកម្មនិងការលើកកម្ពស់សេដ្ឋកិច្ចសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាប័ន្នតាមរយៈជំនួយសម្រាប់ពាណិជ្ជកម្ម» មានគោលបំណងពិនិត្យមើលពីរបៀបដែលជំនួយពាណិជ្ជកម្មអាចទ្រទ្រង់ប្រកបដោយប្រសិទ្ធភាពដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច។
ក្នុងសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ទៀតថាអាស្រ័យដោយសមិទ្ធផលដ៏ធំធេងរបស់កម្ពុជាក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ចនិងជោគជ័យក្នុងការកាត់បន្ថយភាពក្រីក្រក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះលោកនាយករដ្ឋមន្ត្រីហ៊ុនសែន ត្រូវបានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះនៅក្នុងពិធីបើកកិច្ចប្រជុំផងដែរ។
ក្រៅពីកិច្ចប្រជុំខាងលើលោកនាយករដ្ឋមន្ត្រីហ៊ុនសែននឹងអញ្ជើញថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំជាទៀងទាត់លើកទី៤១នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិដែលនឹងផ្តល់សារដ៏សំខាន់និងច្បាស់លាស់មួយឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ក្នុងឱកាសស្នាក់នៅទីក្រុងហ្សឺណែវលោកនាយករដ្ឋមន្ត្រីហ៊ុនសែនរំពឹងថានឹងមានជំនួបទ្វេភាគីដោយឡែកពីគ្នាជាមួយលោកវិលស្គីនណារីរដ្ឋមន្រ្តីសហប្រតិបត្តិការអភិវឌ្ឍនិងពាណិជ្ជកម្មអន្តរជាតិនៃប្រទេសហ្វាំងឡង់, លោករតនាការអាឌីការីនាយកប្រតិបត្តិនៃក្របខណ្ឌពង្រឹងសមាហរណកម្មពាណិជ្ជកម្មនៃWTO, លោកស្រីមីសែលបាឆេឡេតឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សអង្គការសហប្រជាជាតិព្រមទាំងជាមួយថ្នាក់ដឹកនាំផ្សេងៗទៀត។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបានឱ្យដឹងដែរថាលោកនាយករដ្ឋមន្ត្រីហ៊ុនសែននឹងទទួលការចូលជួបសម្តែងការគួរសមពីតំណាងក្រុមហ៊ុនអឺរ៉ុបមួយចំនួននិងឆ្លៀតឱកាសទទួលជួបសំណេះសំណាលជាមួយសមាជិកសហគមន៍ខ្មែរដែលរស់នៅប្រទេសស្វីសនិងប្រទេសអឺរ៉ុបផ្សេងទៀត។
អញ្ជើញអមដំណើរលោកនាយករដ្ឋមន្ត្រីហ៊ុនសែនទៅកាន់ប្រទេសស្វីសនាពេលនេះរួមមាន៖ឧបនាយករដ្ឋមន្រ្តីអូនព័ន្ធមុនីរ័ត្នរដ្ឋមន្រ្តីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លោកប៉ានសូរស័ក្តិរដ្ឋមន្រ្តីពាណិជ្ជកម្មនិងឥស្សរជនជាន់ខ្ពស់មួយចំនួនទៀតរបស់រាជរដ្ឋាភិបាល។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ៕