ខ្មែរប៉ុស្ដិ៍ Close

អ្នកនាំពាក្យក្រសួងការពារជាតិ អំពាវនាវឱ្យរួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ ដែលវាយប្រហារលើកងទ័ព

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២១ ខែមិថុនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 49
អ្នកនាំពាក្យក្រសួងការពារជាតិ អំពាវនាវឱ្យរួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ ដែលវាយប្រហារលើកងទ័ព អ្នកនាំពាក្យក្រសួងការពារជាតិ អំពាវនាវឱ្យរួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ ដែលវាយប្រហារលើកងទ័ព

នាយឧត្តមសេនីយ៍ ឈុំ សុជាត អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩នេះ បានអំពាវនាវឱ្យកងទ័ព និងសាធារណជនទាំងអស់គ្នា រួមគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលផ្សព្វផ្សាយវាយប្រហារទៅលើថ្នាក់ដឹកនាំកងទ័ព តាមរយៈបណ្តាញសង្គមមួយចំនួន។

នាយឧត្តមសេនីយ៍ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ទន្ទឹមគ្នានឹងក្រុមទុច្ចរិតបង្កើតនូវព័ត៌មានក្លែងក្លាយកាន់តែច្រើន យើងទាំងអស់គ្នា ដែលជាមនុស្សសុចរិត ក៏ត្រូវរួមគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយនេះផងដែរ ដូចដែលប្រសាសន៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងក្នុងជំនួបជាមួយអ្នកសារព័ត៌មានកន្លងមកថា “ដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ គឺត្រូវរួមគ្នាផ្សព្វផ្សាយព័ត៌មានពិតចេញមក»។

ការអំពាវនាវនេះ បានធ្វើឡើងស្របពេលដែលបណ្តាញសង្គម Facebook មួយចំនួន បានប្រឌិតព័ត៌មាន វាយប្រហារចោទប្រកាន់ទៅលើ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច នៃក្រសួងការពារជាតិ មានលុយ១០០លានដុល្លារ តម្កល់នៅធនាគារសហរដ្ឋអាមេរិក។

នាយឧត្តមសេនីយ៍ ឈុំ សុជាត បានកត់សម្គាល់ថា ការប្រឌិតរឿងក្លែងក្លាយតាមបណ្តាញសង្គម នៅតែបន្តកើតមានជាបន្តបន្ទាប់ ដែលជះឥទ្ធិពលអាក្រក់ដល់ការផ្សព្វផ្សាយនូវព័ត៌មានពិតប្រាកដនៅកម្ពុជា ក៏ដូចជានៅលើពិភពលោក។

លោកអះអាងថា កន្លងទៅនេះ ក្រុមទុច្ចរិតបានប្រើប្រាស់រូបភាពថ្នាក់ដឹកនាំក្រសួងការពារជាតិ ក្នុងគណនី Facebook ក្លែងក្លាយរបស់ពួកគេ ដើម្បីផ្សព្វផ្សាយវាយប្រហារមួលបង្កាច់មកកាន់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល បង្កឱ្យសាធារណជនជាតិ និងអន្តរជាតិ មានការភាន់ច្រឡំ ប៉ុន្តែព័ត៌មានទាំងនេះ ក៏ត្រូវបានច្រានចោលភ្លាមៗជាមួយនឹងការបំភ្លឺការពិតផងដែរ។ ដោយឡែកប៉ុន្មានថ្ងៃនេះ យើងឃើញថា ក្រុមទុច្ចរិត បានបន្តផ្សព្វផ្សាយមួលបង្កាច់មកលើថ្នាក់ដឹកនាំក្រសួងការពារជាតិយើងថែមទៀត ដោយបានប្រឌិតព័ត៌មានថា ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច នៃក្រសួងការពារជាតិ មានលុយ ១០០លានដុល្លារ តម្កល់នៅធនាគារអាមេរិក។

លោកបញ្ជាក់ថា៖ «នេះជាគឺជាដំណឹងមិនពិតទាល់តែសោះ ដែលក្រុមទុចរិទ្ធបង្កើតឡើង ដើម្បីតែលាបពណ៌ បំផ្លាញកិត្តិយស និងកេរ្តិ៍ឈ្មោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត តែប៉ុណ្ណោះ ។ ដូច្នេះ សូមសាធារណជនទាំងអស់ កុំមានការភាន់ច្រឡំ»។

សូមបញ្ជាក់ថា ព័ត៌មាននឹងករណីខាងលើនេះ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ លោក ហ៊ុន ម៉ាណិត កូនប្រុសរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក៏បានចេញមុខច្រានចោលចំពោះការប្រឌិតព័ត៌មានមួយរបស់ក្រុមប្រឆាំងដែលថា លោក និងប្អូនស្រី មានលុយម្នាក់ៗ ១០០លានដុល្លារ នៅធនាគារសហរដ្ឋអាមេរិកផងដែរ ៕

អត្ថបទទាក់ទង