ខ្មែរប៉ុស្ដិ៍ Close

ក្រសួងអប់រំ ណែនាំពីនីតិវិធីកែតម្រូវវិញ្ញាបនបត្របណ្តោះអាសន្ន មធ្យមសិក្សាបឋមភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០១៩ ឯកសារ 102

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំ ពីនីតិវិធីកែតម្រូវវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាបឋមភូមិចំណេះទូទៅ និងបំពេញវិជ្ជា ដោយកន្លងមកក្រសួងតែងសង្កេតឃើញថា មានបេក្ខជនមួយចំនួន មកដាក់ពាក្យសុំកែតម្រូវវិញ្ញាបនបត្របណ្តោះអាសន្ន មធ្យមសិក្សាបឋមភូមិចំណេះទូទៅ និងបំពេញវិជ្ជា ដើម្បីត្រៀមដាក់ពាក្យសុំប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ហើយការដាក់ពាក្យសុំនេះ ពុំទាន់មានសង្គតិភាពគ្នានៅឡើយ។

បើតាមសេចក្តីណែនាំ របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលទទួលបាននៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ បានបញ្ជាក់ឱ្យដឹងថា ដើម្បីធានាបាននូវគោលការណ៍ច្បាប់ និងការឯកភាពនៅទូទាំងប្រទេស សម្រាប់ការកែតម្រូវវិញ្ញាបនបត្រ បណ្តោះអាសន្នមធ្យមសិក្សាបឋមភូមិចំណេះទូទៅ និងបំពេញវិជ្ជា ក្រសួងអប់រំ យុវជន និងកីឡា សូមធ្វើការណែនាំដូចខាងក្រោម៖

ទី១៖ ការកែតម្រូវព័ត៌មាន (ឈ្មោះសាម៉ីជន ឬឪពុក ឬម្តាយ ភេទ ថ្ងៃ ខែ ឆ្នាំកំណើត កន្លែងកំណើត)

  • សាមីខ្លួន ត្រូវដាក់ពាក្យសុំកែតម្រូវមកនាយកដ្ឋានកិច្ចការប្រឡង នៃក្រសួងអប់រំ យុវជន និងកីឡា តាមរយៈគ្រឹះស្ថានសិក្សា និងមន្ទីរអប់រំ យុវជន និងកីឡាសាម៉ី
  • ភ្ជាប់មកជាមួយនូវវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាបឋមភូមិចំណេះទូទៅ និងបំពេញវិជ្ជា (ច្បាប់ដើម) ១ច្បាប់ សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត ឬសេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត ១ច្បាប់ (ច្បាប់ថតចម្លងដែលមានបញ្ជាក់ភាពត្រឹមត្រូវ តាមច្បាប់ដើមដោយនាយក នាយិកាសាលា)។

ទី២៖ ការកែតម្រូវឈ្មោះទាំងស្រុង

  • សាមីខ្លួនត្រូវដាក់ពាក្យសុំកែតម្រូវមកនាយកដ្ឋានកិច្ចការប្រឡង នៃក្រសួងអប់រំ យុវជន និងកីឡា តាមរយៈគ្រឹះស្ថានសិក្សា និងមន្ទីរអប់រំ យុវជន និងកីឡាសាម៉ី
  • ភ្ជាប់មកជាមួយនូវវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាបឋមភូមិចំណេះទូទៅ និងបំពេញវិជ្ជា (ច្បាប់ដើម) ច្បាប់ សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត ឬសេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត ១ច្បាប់ (ច្បាប់ថតចម្លងដែលមានបញ្ជាក់ ភាពត្រឹមត្រូវតាមច្បាប់ដើមដោយ នាយក នាយិកាសាលា)
  • ភ្ជាប់មកជាមួយនូវសេចក្តីសម្រេច ឬសាលក្រមតុលាការអនុញ្ញាតឱ្យកែតម្រូវ ឬបញ្ជាក់ថាជាមនុស្សតែម្នាក់១ច្បាប់ (ច្បាប់ថតចម្លងមានធ្វើនីត្យានុកូលកម្ម)។

សូមបញ្ជាក់ «ការដាក់ពាក្យស្នើសុំកែតម្រូវនេះ ត្រូវធ្វើឱ្យបានមុនកាលបរិច្ឆេទកំណត់ នៃការដាក់ពាក្យសុំចុះឈ្មោះប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិរៀងរាល់ឆ្នាំ និងមិនតម្រូវឱ្យសាមីខ្លួនបង់កម្រៃសេវាឡើយ នាយក នាយិកា ត្រវផ្សាយ និងផ្សព្វផ្សាយជាសាធារណៈ ឱ្យបានទូលំទូលាយ នៅតាមគ្រឹះស្ថានសិក្សារៀងៗខ្លួន»

អត្ថបទទាក់ទង